ខេត្តកំពង់ឆ្នាំង៖ឈើប្រណិតប្រភេទធ្នង់មានមុខកាត់ធំៗ មួយរថយន្តតូរីស ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្ត ធ្វើការដេញនិងស្ទាក់ចាប់បាន នៅម៉ោង០០និង៤៥នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ស្ថិត ក្នុង ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៏ ខណៈដែលរថយន្តខាងលើបានព្យាយាមបើករត់គេចពីសមត្ថកិច្ច ។
គួរបញ្ជាក់ថា៖ឈើប្រណិតជាប្រភេទក្រញូងដែលធ្លាប់តែចរាចរណ៏ជារៀងរាល់ថ្ងៃ លើផ្លូវជាតិ និងផ្លូវលំ កាត់ពីខេត្តពោធិសាត់ កំពង់ឆ្នាំង សំដៅទៅទល់ដែនវៀតណាម បានបាត់អស់ទៅហើយ និងបន្ទាប់ ឈើប្រភេទនេះបានរលាយផុតទៅ ដោយជនល្មើស និងបូកទាំងសមត្ថកិច្ច និងមន្ត្រីជំនាញមួយចំនួនផងដែរ។ពេលនេះ ធ្លាក់ដល់រដូវកាលឈើប្រណិតប្រភេទធ្នង់វិញម្តង ដែលកំពុងចាប់ផ្តើមដឹកជញ្ជូនយ៉ាងផុលផុសជាថ្មីម្តងទៀត ដោយមិនសូវមានសមត្ថកិច្ចជំនាញណាបង្ក្រាបឡើយ។
លោក ជន ដារ៉ា មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្ត បាននិយាយអោយដឹងថាៈ ដោយបានទទួលព័ត៌មានថាៈ មានរថយន្តប្រភេទទូរីស២គ្រឿងដឹកឈើប្រណិតចេញពីភូមិសាស្ត្រ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ កាត់តាមបំណក់ ធ្លាក់មកលើ តំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោកក៏ទទួលបញ្ជារពីថ្នាក់លើ អោយចាំស្ទាក់ចាប់នៅចំណុចផ្លូវលំនិងថ្នល់ជាតិ នៅចំណុច ភូមិផ្សារ ស្រុកបរិបូរណ៌។
លុះនៅម៉ោងប្រមាណ១២យប់ ក៏បានឃើញរថយន្តខាងលើចេញតាមផ្លូវលំពីភូមិក្តុល ឡើងមកថ្នល់ជាតិមែន ហើយបានចេញឡានស្ទាក់ចាប់ តែរថយន្តជនល្មើសមានចំនួន២គ្រឿងផ្សេងទៀត ដែលជារថយន្តបិទគូថ រថយន្តដឹកឈើក្នុងនោះមានរថយន្តឆ្លាមមួយគ្រឿង និងកាមរីបាឡែនមួយគ្រឿង ។
លោកបានបន្តថាៈ ក្រោយពីដេញមិនទាន់ព្រោះមានរថយន្ត២គ្រឿងបានបារ៉ាសជាប់ ក្រុមរថយន្តរបស់ លោកបានប្រើល្បិចជាតាមមិនទាន់ ពេលនោះធ្វើអោយរថយន្តដឹកឈើដែលមានចំនួនច្រើនស្ទើររត់មិនរួចមានឱកាសគេចចូលរកកន្លែងលាក់ខ្លួន ចំណែករថយន្តបិទគូថរថយន្តដឹកឈើ បានធ្វើជាអោយរថរថយន្តសមត្ថកិច្ចតាម តែពេលនោះសមត្ថកិច្ចមិនបានតាមឡើយគឺបានបើករកតាមផ្លូវលំវិញ ហើយក៏បានឃើញរថយន្តដឹកឈើបានគេចមកលាក់ទុកលើផ្លូវលំមុខសាលារៀន ប៉ុន្តែអ្នកបើកបរបានរត់ គេច ខ្លួនបាត់ ទុកតែរថយន្តដឹកឈើចោល ទើបសមត្ថកិច្ចនាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តតែម្តង ចំណែករថយន្តមួយគ្រឿងទៀតបានបាត់រកមិនឃើញទេ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ ក្រោយពីធ្វើការរាប់និងវាស់វែងឈើ ជាមួយមន្ត្រីជំនាញរួចមកបានឃើញឈើក្នុងរថយន្តមានចំនួន១៥ដុំធំៗ ស្មើនឹង៣,១០៧ម៉ែត្រគូប ហើយបានប្រគល់ទាំងឈើប្រណិត និងរថយន្តតូរីសគ្មានស្លាកលេខទៅ ខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ បញ្ជូនទភតុលាការខេត្ត៕