កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ តុង ណារី សមាជិក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីសហភាពសហព័ន្ធយុវជនស្រុករលាប្អៀរ នៅព្រឹកថៃ្ងទី១០ខែកក្កដាឆ្នាំ២០១៥ ចុះសាកសួរសុខទុក្ខនាំយកអំណោយ របស់អនុសាខាកាកបាទក្រហមស្រុក និងសប្បុរសជនទៅចែកជូនគ្រួសារក្រីក្រចំនួន៣គ្រួសារ នៅឃុំទឹកហូត និងជួយសង់ផ្ទះជូនស្ត្រីមេម៉ាយទុរគត៌មានជំងឺប្រចាំកាយម្នាក់ នៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ។
លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកកាកបាទក្រហមខេត្តបានអោយដឹងថា៖គ្រួសារស្ត្រីមេម៉ាយក្រីក្រមានឈ្មោះ ហ៊ុន ហឿន អាយុ៤០ឆ្នាំ មានជំងឺប្រចាំកាយ និងមានកូនចំនួន៣នាក់នៅក្នុងបន្ទុកទទួលបានអង្ករ៣០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា៦ម៉ឺនរៀល សង្ក័សី១៥សន្លឹកនិងជួយធ្វើផ្ទះប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមួយខ្នងទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ។
គ្រួសារក្រីក្រឈ្មោះ ឌុំ យ៉ុន អាយុ៤៥ឆ្នាំ និងឈ្មោះ ស៊ីវ សុខ អាយុ៣៣ឆ្នាំ ក្នុងមួយគ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា៦ម៉ឺនរៀល ដោយខ្លាចកុមារធ្លាក់ចូលអណ្តូងទឹក លោកជំទាវកែ ច័ន្ទមុនី បានទិញលូមួយកង់ដាក់បន្ថែមលើលូអណ្តូងទឹក ជូនប្អូនស្រី លុយ វល្ល័ក្ខ ការពារកុំអោយកូនធ្លាក់អណ្តូង ដែលអ្នកទាំង៤នេះមានទីលំនៅភូមិអូរសណ្តាន់ ចាស់ឃុំទឹកហូត ស្រុករលាប្អៀរ។លោកជំទាវបានបន្តថា៖អំណោយទាំងនេះបានមកពីការជួយឧបត្ថម្ភរបស់អនុសាខាកាកបាទក្រហមស្រុករលាប្អៀរ ព្រះចៅ
អធិការវត្តទួលខ្សាច់ លោកជំទាវ កែ ច័ន្ទមុនី លោក ថោង ចំរើន លោក សោម ភិរុណ លោកស្រី ប៉ិល ឌីណា ជាសប្បុរសជននិងលោកជំទាវផ្ទាល់។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់អគ្គមហាសេនាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលកន្លងមកសម្តេចតែងតែនឹករលឹក គិតគូរពីសុខទុក្ខ ពីផលលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែង នៅពេលជួបទុក្ខលំបាក គឺសម្តេចតែងផ្តល់ជូននូវអំណោយសង្គ្រោះ ជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ឬរើសអើងឡើយ។
លោកជំទាវ កែ ច័ន្ទមុនី បានបន្តទៀតថា៖ទោះបីអំណោយនេះតិចតួចពិតមែន តែក៏អាចជួយដោះស្រាយការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។លោកជំទាវក៏បានផ្តាំផ្ញើប្អូនស្រី ហ៊ុន ហឿន ដែលមានជំងឺប្រចាំកាយត្រូវលេបថ្នាំអោយបានទៀងទាត់ ហើយខិតខំថែរក្សាសុខភាពដោយរស់នៅស្អាតហូបស្អាតផឹកស្អាតបើមានស្ថានភាពមិនស្រួលត្រូវទៅមណ្ឌលសុខភាពអោយបានទាន់ពេលវេលា។
គ្រួសារក្រីក្រីទាំង៣ដែលបានទទួលអំណោយដ៏ថ្លៃថ្លាពីកាកបាទក្រហម លោកជំទាវនិងសប្បុរសជន បានសម្តែងនៅទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវកែច័ន្ទមុនីនិងសប្បុរសជនទាំងអស់ដែលបានជួយសំរាលការលំបាករបស់ពួកគាត់។
គ្រួសារក្រីក្រទាំង៣គ្រួសារសូមគោរពជួនពរដល់សម្តេចពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ,លោកជំទាវ កែ ច័ន្ទមុនី លោកជំទាវ តុងណារី និងសប្បុរសជនទាំងអស់ សូមទទួលបានជ័យជំនះគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត៕