បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៤ វេលាម៉ោង១០ព្រឹកមន្ត្រីនាយកដ្ឋានកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃរួមនិងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀតបានចុះទៅត្រួតពិនិត្យ លើហាងនិងតូបលក់គ្រឿងទេសនានានៅតាមបណ្តោយផ្លូវក្នុងភូមកិសូភីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ការចុះពិនិត្យនោះដឹងនាំផ្ទាល់ដោយលោកសានវិជ្ជារ៉ាវុធ អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ។
លោក វុធ បានឲ្យដឹងនៅព្រឹកមិញនេះថា៖ការចុះត្រួតពិនិត្យលើតូបលក់គ្រឿងទេសនេះគឺយើងមានបំណង៣ ធំៗដូចជា៖ ១ ពន្យល់អំពីផលប៉ះពាល់នៃមុខទំនិញណាដែលខូចគុណភាពហើយនៅតែបន្តតាំងលក់ឲ្យអតិថិជន ។ ២ ពន្យល់អាជីវករឲ្យចេះមើលកាលបរិច្ឆេទនៃការប្រើប្រាស់របស់ផលិតផលដែលត្រូវតាំងលក់នោះ ។ ៣ ពន្យល់ដល់អាជីវករឲ្យចេះវេចខ្ចប់រាល់ផលិតផលណាដែលគុណភាពហើយត្រូវដាក់ដាច់ដោយឡែក និងផលិតផលដែលត្រូវលក់នោះកុំឲ្យច្របូកច្របល់គ្នាដែលនាំឲ្យភាន់ច្រឡំលក់ទំនិញខូចគុណភាពទៅឲ្យអតិថិជន ។
បន្ទាប់ពីបានចុះត្រួតពិនិត្យលើតូបលក់ទំនិញចំនួនជាង៤៥តូបរួចមកជាលទ្ធផលគឺ មន្ត្រីជំនាញបានរកឃើញមុខទំនិញខូចគុណចំនួន០៥មុខ ដូចជា៖ ១ម្សៅស៊ុបខ្នរចំនួន៣៤កញ្ចប់ជាផលិតផលប្រទេសថៃ ២ទឹកដោះគោជូចំនួន៥៤ដបជាផលិតផលនាំមកពីប្រទេសថៃ៣ម្ស៉ៅមីឡូ ចំនួន៣០កញ្ចប់ផលិតផលថៃ ៤ត្រីខកំប៉ុងចំនួន០២កំប៉ុងផលិតផលផលិតនៅប្រទេសថៃនិងទឹកម្ទេសចំនួន១ដបផលិតនៅប្រទេសថៃ ។
លោក សាន វិជ្ជារ៉ាវុធ អនុប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យបានបន្តប្រាប់ឲ្យដឹងទៀតនៅថ្ងៃទី២២មេសាឆ្នាំ២០១៤នេះថា៖យោងតាមកិច្ចប្រជុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ីន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីកន្លងទៅបានផ្តល់ជាអនុសាសន៏ឲ្យមន្ត្រីក្រោមឳវាទទាំងអស់ គប្បីចុះពន្យល់អាជីវករឲ្យចេះប្រើប្រាស់និងស្គាល់ពីកាលបរិច្ឆេទមុខទំនិញ ។
ដើម្បីកាត់បន្ថយភាពក្រីក្របានមួយកម្រិតលោកថា៖លោកមិនចង់ឃើញមន្ត្រីជំនាញប្រើប្រាស់យន្តការអូសរឹបផលិតផលពីអាជីវករដែលតាំងលក់ ទៅដុតបំផ្លាញច្រើនពេកទេ ព្រោះកត្តានេះវាបានឲ្យ អ្នកលក់ខាតបង់ប្រាក់ចំណូល ដូច្នេះដើម្បីកាត់បន្ថយការអូសរឹបទំនិញខូចគុណភាពពីពួកគាត់ គឺត្រូវប្រើយន្តការឲ្យមន្ត្រីជំនាញចុះលើទីផ្សារដើម្បីពន្យល់អាជីវករធើ្វបែបនេះអាចកាត់បន្ថយបានចំពោះទំនិញខូចគុណភាពដែលតាំងលក់នៅលើទីផ្សារ ។
ចំណែកស្ត្រីម្នាក់ក្នុងចំណោមអាជីវករទាំងអស់ ក៏បានសម្តែងការសប្បាយចិត្តចំពោះមន្ត្រីជំនាញកាំកុងត្រូល ថាបានពន្យល់ឲ្យនាងបានយល់អំពីការតាំងលក់ឬចេះមើលកាលបរិច្ឆេទមុខទំនិញជាដើម នាងថា៖ពីមុននាងហាក់មិនសូវច្បាស់ទេ ចំពោះមុខទំនិញដែលជាគ្រឿងទេសនោះ ប៉ុន្តែពេលនេះនាងបានភ្លឺស្វាងជាងមុខឆ្ងាយណាស់គឺយល់តែម្តង ។
ជាចុងក្រោយនាងចង់ឲ្យមន្ត្រីជំនាញឩហ្សាណ៏ចុះពិនិត្យលើទីផ្សារឲ្យបានញឹកញាប់ ដើម្បីកាត់បន្ថយការតាំងលក់ទំនិញខូចគុណភាព ពិព្រោះថា៖នៅតំបន់ជាយដែននេះផលិតផលភាគច្រើននាំចូលមកពីប្រទេសជិតខាង ។ ដោយ ជូបប្រហារ៖ រូបភាពមន្ត្រីជំនាញចុះពិនិត្យលើទីផ្សារ ។