កំពង់ឆ្នាំង៖ គ្រួសារសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាចំនួន ០៧ គ្រួសារនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ បានមកទទួលថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជាដែលបានធ្វើពិធីប្រគល់នៅមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ហួត សាកល ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទា ដោយមានចូលរួមពីលោក យ៉ង់ សៅវុឌ្ឍី អនុប្រធានមន្ទីរ លោក អ៊ុកសារុន តំណាងអតីតយុទ្ធជនខេត្ត មន្រី្តមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង និងគ្រួសារសមាជិកសមាគមជាច្រើនទៀត។
លោក យ៉ង់ សៅវុឌ្ឍី អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចជាកាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនអតីតយុទ្ឋជន និងគ្រួសារដោយបានអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ឋជនដោយការគោរពដឹងគុណូបការៈ ដ៏ថ្លៃថ្លា របស់បងប្អូនដែលបានលះបង់កំលាំងកាយចិត្ត និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ និងប្រជាជន។ក្នុងនោះដែរបានយកចិត្តទុក ដាក់ដោះស្រាយជីវភាពខាងសម្ភារៈថវិកាជាបន្តបន្ទាប់ ព្រមទាំងផ្តល់កិតិ្តយស ការគោរព និងការថែរក្សារសេចក្តីថ្លៃថ្នូជូនអតីតយុទ្ឋជន។គ្រួសារសពសមាជិកសមាគមដែលបានមកទទួលប្រាក់មរណៈសង្គ្រោះនៅពេលនេះមានចំនួន០៧គ្រួសារក្នុងនោះមកពីស្រុករលាប្អៀរ០៤គ្រួសារ ស្រុកកំពង់ត្រឡាច១គ្រួសារ ស្រុកសាមគ្គីមានជ័យ១គ្រួសារនិងស្រុកថ្គងខេត្តកំពង់ស្ពឺ១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន៤លានរៀល ពីបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជា។
លោក ហួត សាកល ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាមានប្រសាសន៍ថា៖លោកសូមចូលរួមរំលែកទុក្ខ ពីសំណាក់ក្រុមគ្រួសារសពអតីតយុទ្ឋជនទាំងអស់ និងពិសេសបងប្អូនដែលមកទទួលថវិការមរណៈសង្គ្រោះនៅពេលនេះ ហើយក៏សុំអភ័យទោស ផងដែរ ចំពោះការយឺតយ៉ាវក្នុងការប្រគល់ប្រាក់នេះ ប៉ុន្តែទន្ទឹមនិងការយឺតយ៉ាវនេះ យើងបានពន្លឿនការផ្តល់ប្រាក់បានឆាប់ជាមុន និងបន្តអោយកាន់តែលឿនជាងនេះទៀត ព្រោះកាលមុនខ្លះចាំដល់៤ឆ្នាំ ក្រោ យមកនៅសល់តែ២ឆ្នាំ និងសព្វថ្ងៃនៅសល់ត្រឹមមួយឆ្នាំយើងនិងបានទទួលប្រាក់បេឡានេះហើយ។ លោណកបានមានប្រសាសន៍បន្តថាៈសមាគមបង្កើតឡើងមានការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋភិបាល ពិសេស សម្តេច ហ៊ុន សែនដែលសម្តេចក៏ជាអតីតយុទ្ធជនម្នាក់ ធ្លាប់ឆ្លងកាត់ការលំបាក គ្រប់បែបយ៉ាង ហេតុនេះហើយសម្តេចមិនដែលភ្លេចពីទុកលំបាករបស់បងប្អូនឡើយ ។
លោក ហួត សាកល ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រសារសមាជិកសមាគម ដែលបាន មកទទួលថវិកាមរណៈសង្គ្រោះថា៖ សូមបងប្អូនយកថវិកានេះទៅប្រើប្រាស់អោយចំគោលដៅ ដើម្បីជាគោលប្រយោជន៍ ក្នុងការដោះបន្ទុកផ្សេងៗនិងប្រើប្រាស់ តាមការចាំបាច់នៅក្នុងគ្រួសាររបស់ខ្លួន។ម្យ៉ាងវិញទៀត សូមបងប្អូនរក្សាទុកនូវសលាកបត្រ័ទទួលប្រាក់នេះអោយបានត្រឹមត្រូវ ព្រោះសម្រាប់ជាប្រយោជន៍ច្រើនណាស់ទុក្ខសំរាប់អោយកូនចៅជំនាន់ក្រោយមើលពីគំរូវីរៈភាពរបស់គាត់ដែលបានលះបង់ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។លោកហួតសាកល ក៏បានផ្តាំផ្ញើរផងដែរដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីសមាគមត្រូវអនុវត្តតាមគោលនយោបាយសមាគមអោយបានត្រឹមត្រូវពិនិត្យមុខសញ្ញាសមាជិកសមាគម ដែលបានទទួលមរណៈនិងត្រូវសហការជាមួយបេឡាជាតិ ក្នុងការប្រមូលប្រាក់បេឡាមរណៈសង្គ្រោះ ពីសមាជិក និងបង់ជូន គណៈអចិន្រៃ្តនៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាអោយបានទាន់ពេលវេលា៕