សិក្ខាសាលា​ក្នុង​ខេត្តកំពង់ឆ្នាំង​ស្តីពី​ផលប៉ះពាល់​ដី​ចំណីផ្លូវ នៅក្នុង​រាជធានី ​ខេត្ត ក្រុង និង​ទីប្រជុំជន​

0

​ខេត្តកំពង់ឆ្នាំង​៖​សិក្ខាសាលា​ស្តីពី​ផលប៉ះពាល់​ដី​ចំណីផ្លូវ នៅក្នុង​រាជធានី ខេត្ត ក្រុង និង​ទីប្រជុំជន ត្រូវបាន​ផ្សព្វផ្សាយ​ជូន​មនុស្ស​ចំនួន​៧២៥​នាក់ ដែល​មកពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ខេត្ត ក្រុមប្រឹក្សា​ក្រុង ឃុំ មេភូមិ តំណាង​ក្រុមហ៊ុនអគ្គីសនី ដើម្បី​ស្វែងយល់​ពី​ច្បាប់- (1) និង​វិធានការ​ចំពោះមុខ​ក្នុង​កិច្ចការពារ និង​ប្រើប្រាស់​ដី​ចំណីផ្លូវ​ក្នុង​ខេត្ត ក្រុង និង​ទីប្រជុំជន​។​សិក្ខាសាលា​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​សាលា​នយោបាយ​ខេត្ត មានការ​រៀបចំឡើង​ដោយ​ក្រសួង សហការ​ជាមួយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​។​
​ ​ឯកឧត្តម យិ​ត ប៊ុណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖​សិក្ខាសាលា​ក្នុងថ្ងៃនេះ គឺ​ចង់អោយ​យើង​ទាំងអស់​យល់ដឹង​ពី សុវត្ថិភាព​សាធារណៈ សុវត្ថិភាព​ចរាចរណ៍ ការថែរក្សា​ផ្លូវ​សាធារណៈ​សំរាប់​អ្នកប្រើប្រាស់​ទូទៅ រៀបចំ​អោយមាន​បទដ្ឋាន​បច្ចេក​ទេស​ក្នុង​ការសាងសង់ និង​ការប្រើប្រាស់​ចំណីផ្លូវ​ក្នុង​ទីក្រុង និង​ទីប្រជុំជន ការពារ​ការរំលោភបំពាន​ដី​ចំណីផ្លូវ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​ទីប្រជុំជន កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​សម្រួល​ចរាចរណ៍​ដល់​អ្នក​ថ្មើរជើង គ្រប់គ្រង​លំហូរ​ចរាចរ​ក្នុង​ទីក្រុង ទីប្រជុំជន និង​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​។​
​ ​ឯកឧត្តម​បាន​បន្តថា​៖​បច្ចុប្បន្ន​ច្បាប់​ផ្លូវថ្នល់ ច្បាប់​ចរាចរណ៍ និង​អនុ​ក្រិត​លេខ​១៩៧​អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​ដី​ចំណីផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ ផ្លូវ​រថភ្លើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ដាក់អោយអនុវត្ត​ជា​ធរមាន ប៉ុន្តែ​អនុ​ក្រិត​នេះ​ពុំទាន់​គ្របដណ្តប់​ទៅ​លើដី​ចំណីផ្លូវ​ក្នុង​រាជធានី​ខេត្ត​ក្រុង និង​ទីប្រជុំជន​នៅឡើយ​ទេ​។​ការប្រើប្រាស់​ដី​ចំណីផ្លូវ​ក្នុង​ទីក្រុង និង​ទីប្រជុំជន​នាពេល​បច្ចុប្បន្ន ពុំបាន​ឆ្លើយតប​ទៅនឹង​ភាពសុខដុមរមនា​ក្នុង​ទីក្រុង និង​ប្រជុំជន​ដោយមាន​ការរំលោភ​ផ្សេងៗ​ពី​អ្នកប្រើប្រាស់​យានយន្ត និង​អ្នក​ប្រកប​អាជីវកម្ម​តាម​បណ្តោយ​ផ្លូវ​។​- (2)
​ ​ក្នុងទិសដៅ​អនុវត្ត​បន្ត​ឯកឧត្តម​បាន​ថ្លែងថា​៖​ត្រូវ​រៀបចំ​បទដ្ឋាន​បច្ចេកទេស ក្នុងការ​ប្រើប្រាស់​ដី​ចំណីផ្លូវ​(​ចិញ្ចើមផ្លូវ​)​ក្នុង​ទីក្រុង និង​ទីប្រជុំជន រៀបចំ​យុទ្ធសាស្ត្រ និង​វិធានការ​ចាំបាច់​ចំពោះមុខ​ក្នុងការ​ការពារ និង​អភិវឌ្ឍន៍​ដី​ចំណីផ្លូវ​ក្នុង​ក្រុង និង​ទីប្រជុំជន បង្កើន​ចក្ខុវិស័យ​ក្នុង ការកសាង​ផែនការមេ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទីក្រុង និង​ទីប្រជុំជន​។​
​ ​លោកជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្ត ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​សំណូមពរ​ដល់​អង្គសិក្ខាសាលា​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង​រួមសហការ​ទប់ស្កាត់ នូវ​ការកាន់កាប់​ដី​ចំណីផ្លូវ ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ នូវ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​ទៅតាម​ប្រភេទ​ផ្លូវ​ដែល​បានកំណត់​ក្នុង​ប្លង់​មេ​នៃ​ទីក្រុង ឬ​ទីប្រជុំជន និង​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការប្រើប្រាស់​ដី​ចំណីផ្លូវ​ក្នុង​លក្ខណៈ​បំរើសេវា​សាធារណៈ សំរាប់​យានយន្ត និង​សម្រាប់​អ្នក​ថ្មើរជើង រួមទាំង​ប្រព័ន្ធ​គមនាគមន៍​ផ្សេងៗ​នៅលើ​ដី និង​ក្រោម​ដី ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ទីក្រុង និង​ទីប្រជុំជន​យើង​អោយបាន​ស្អាត ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​យើង​៕