ខេត្តសៀមរាប៖ កាប៊ីនភ្លើងជាង១០ប្រអប់នៅក្រោយពេទ្យនាគទេព តាមផ្លូវលោកតាណឺយត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ពលរដ្ឋរិះគន់ពីសមត្ថកិច្ចពាក់ព័ន្ធ គ្មានសមត្ថភាពក្នុងការមកជួយពន្លត់ឱ្យបានទាន់ពេលវេលា ដូចពលរដ្ឋត្រូវការ ព្រោះពួកគេកំពុងប្រចាំគ្នា ទើបបណ្តាលកាប៊ីនភ្លើងមួយដើមដែលមានជាង១០ប្រអប់នេះត្រូវបានឆេះស្ទើអស់ទាំងស្រុង។
ហេតុការឆេះកាប៊ីនភ្លើងនេះធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងល្ងាចនេះនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅចំនុចផ្លូវក្រោយពេទ្យនាគទេព ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ពលរដ្ឋបានរិះគន់ធ្ងន់ៗថា មុនភ្លើងឆេះប្រអប់កាប៊ីនភ្លើងនោះពួកគេបនាទូរស័ព្ទទៅហៅខាងអគ្គិសនីឱ្យមកជួយផ្តាច់ភ្លើងកុំឱ្យឆ្លងមកប្រអប់មួយទៀត រហូតរយៈជាង១ម៉ោងគ្មានឃើញខាងណាមកសោះ តើឱ្យប្រជាពលរដ្ឋជឿទុកចិត្តទៅលើសមត្ថកិច្ចពាក់ព័ន្ធទៀតឬអត់។ពលរដ្ឋបានបន្តថា ខណៈពួកបានហៅជាលើកទី២នោះក៏គ្មានឃើញមកទៀត រហូតឆេះឆ្លងពីប្រអប់មួយទៅប្រអប់មួយក្នុងចំណោមជាង១០ប្រអប់នោះ ប្រហែលមកពីខាងសមត្ថកិច្ចពន្លត់អគ្គិភ័យប្រចាំ ខាងអគ្គិសនី ទើបធ្វើឱឆេះស្ទើអស់ទាំងស្រុង។
ជុំវិញករណីឆេះកាប៊ីនភ្លើងនៅក្រោយពេទ្យនាគទេពខាងលើនោះ លោកវរសេនីយឯក សំ សុជាតិ ស្នងការរងទទួលបន្ទុកពន្លត់និងបង្កាអគ្គិភ័យនៃស្នងការនគរបាលខេត្តបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៤ខែកក្កដានេះថា លោកបានរៀបចំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យរួចរាល់ហើយ តែខាងអគ្គិសនីបានប្រាប់មកវិញថា មិនបាច់ចេញរថយន្តទេ ព្រោះអគ្គិសនីបានឱ្យកម្លាំងជំនាញទៅផ្តាច់ចរន្តខ្សែធំរួចរាល់អស់ហើយមិនអាចឆ្លងទៅមកកាប៊ីនផ្សេងបានទេ។លោកបន្តថា ករណីឆេះកាប៊ីនភ្លើងនៅក្រោយពេទ្យនាគទេពស្ទើអស់ទាំងស្រុងនោះ មិនមែនជាកំហុសមកពីខាងលោកទេ ព្រោះអីខាងអគ្គិសនីគេមិនឱ្យចេញឡាន។
គួររំលឹកផងដែរថា ពលរដ្ឋក្នុងក្រុងសៀមរាបបានរិះគន់យ៉ាងចាស់ដៃទៅលើសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស រថយន្តពន្លត់អគ្គិភ័យ និងខាងអគ្គិសនីជាដើម ដូចមានករណីឆេះជារឿងបណ្តាលមកពីឆ្លងចន្តរអគ្គិសនីឬឆេះធូក ទៀន ក៏គ្មានឃើញរថយន្តពន្លត់អគ្គិភ័យឬខាងអគ្គិសនីមកជួយបានដូចចិត្តរបស់ពលរដ្ឋដែលចង់បាននោះទេ ព្រោះបើគ្មានលុយឬគ្មានខ្សែពួគគេមិនមកជិតឬ ធ្វើជាយឺតយ៉ាង បណ្តាលមកពីរថយន្តខូចឬក៏រថយន្តអត់ទឹក ដូចករណីឆេះផ្ទះនៅក្នុងក្រុងសៀមរាបកន្លងទៅជាដើម បើពលរដ្ឋហៅតាមទូរស័ព្ទ កំនត់ឱ្យយ៉ាងតិច១ម៉ោងទៅ២ម៉ោងទើបមកដល់ នេះឬសមត្ថកិច្ចជួយពលរដ្ឋនោះ៕ ដោយ ឧត្តម