ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលធ្វើដំណើរមកលេងខេត្តប៉ៃលិន បាននាំគ្នារិះគន់ទៅលើមន្ត្រីជំនាញ ដែលមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យតម្លៃនិងអភិរក្សអក្សរខ្មែរ ខណៈមានកាស៊ីណូ ,ហាងលក់ទំនិញ និងផ្ទះសំណាក់ មួយចំនួនទៀត ដែលជារបស់ជនជាតិបរទេសប្រកបមុខរបរបើកធ្វើអាជីវកម្មនៅលើដីខ្មែរ ក្បែរច្រកអន្តរជាតិព្រំ ស្ថិតភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បែរជាសរសេរ អក្សរឡាតាំងនិងអក្សរថៃ សូមបីតែអក្សរខ្មែរ១តួ ក៏មិនត្រូវបានគេសរសេរដាក់នោះដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ជាជនជាតិខ្មែរ មិនចេះមើល អក្សរថៃ និងអក្សរបរទេស ហើយក៏មិនដឹងថាអក្សរដែលគេសរសេរលើស្លាកយីហោហាង និង កាស៊ីណូ នោះមានន័យដូចម្តេចនោះឡើយ ។ ប្រភពព័ត៌មានបន្តថា៖ ទោះបីកាស៊ីណូ និង ហាងទាំងនោះបើក បំរើសេវាកម្មផ្តោតទៅលើជនបរទេសក៏ដោយ យ៉ាងហោចណាស់ក៏ត្រូវឱ្យតម្លៃ
ទៅលើអក្សរខ្មែរ ដែលជាប្រទេសមួយមានវប្បធម៌អរិយធម៌និងអត្តសញ្ញាណជាតិ ហើយត្រូវតែគោរពច្បាប់របស់ប្រទេសកម្ពុជាផង ។ ប្រជាពលរដ្ឋទាំងនោះបានសំណូមពរឱ្យអាជ្ញាធរដែនដី មេត្តាជួយកែសម្រួលទៅលើចំណុចនេះផង , ព្រោះជាធម្មតានៅតាមបណ្តាហាងក៏ដូចជាកាស៊ីណូមួយចំនួននៅច្រកអន្តរជាតិព្រំ គេអនុវត្តបានត្រឹមត្រូវគឺមុនដំបូងគេសរសេរនៅលើស្លាកយីហោហាងរបស់គេ តែងតែសរសេរអក្សរខ្មែរនៅខាងលើ ហើយបន្ទាប់មក អក្សរបរទេសនៅខាងក្រោម ក៏ប៉ុន្តែសម្រាប់ហាងនិងកាស៊ីណូនៅច្រកអន្តរជាតិព្រំមួយចំនួនមិនត្រូវគេសរសេរអក្សរ ខ្មែរនោះឡើយ។
ពាក់ព័ន្ធនិងការិះគន់របស់ប្រជាពលរដ្ឋទៅលើបញ្ហានេះ អ្នកយកព័ត៌មានយើង បានធ្វើការ ទំនាក់ទំនងតាមទូរស័ព្ទទៅ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ប៉ុន្តែទូរស័ព្ទរបស់ លោកមិនអាចទាក់ទងបាន។
ចំណែក លោក លឹម ប៊ុនហេង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះថា ការប្រើប្រាស់អក្សរឡាតាំងនិងអក្សរថៃនៅលើទឹកដីខ្មែរពិតជាខុសច្បាប់ ជាធម្មតាបើជនបរទេសរឺជនជាតិខ្មែរក៏ដោយប្រកបមុខរបរធ្វើអាជីវកម្មត្រូវតែគោរពច្បាប់ប្រទេសកម្ពុជា ក៏ប៉ុន្តែដូចជាខាងក្រុមហ៊ុនកាស៊ីណូគេធំពេក លោកចុះណែនាំគេមិនស្តាប់ទេ ចំណែកតាម ហាងមួយចំនួន លោកក៏ធ្លាប់ចុះទៅអប់រំនោះដែរ ម្ចាស់ហាងខ្លះអនុវត្តតាមមួយ ចំនួនទៀតមិនអនុវត្តតាម៕



































