ខេត្តព្រះវិហារស្ដ្រីម្នាក់សម្រាលកូនភ្លោះបានចំនួន៤នាក់កាលពីព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥នៅមណ្ឌលសុខភាពរវៀង។កូនភ្លោះទាំង៤នាក់មានសុខភាពខ្សោយបន្តិចត្រូវបានក្រុមគ្រូពេទ្យនៅស្រុករវៀងបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារដើម្បីថែទាំសុខភាពទារកអោយកាន់តែល្អប្រសើរទ្បើង។លោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារបានអញ្ជើញចុះទៅសួរសុខទុក្ខស្ដ្រីជាម្តាយនិងកូនភ្លោះទាំង៤នាក់នៅមន្តីរពេទ្យខេត្តផងដែរ។
លោកវិជ្ជះបណ្ទិតគួងទ្បូប្រធានមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី១៥កក្កដានេះថាដោយពិនិត្យឃើញសុខភាពទារកទាំង៤នាក់មានសុខភាពបានគ្រាន់បើបន្តិចគឺខាងក្រុមគ្រូពេទ្យរបស់លោកបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផានៅឯខេត្តសៀមរាប។លោកបន្តថាមន្ទីរពេទ្យគន្ធបុប្ផាជាមជ្ឈមណ្ឌលថែទាំសុខភាពកុមារមានលក្ខណះទំនើបអាចថែទាំសុខភាពទារកបានល្អបំផុត។
លោកវិជ្ជះបណ្ឌិតបានបញ្ជាក់ថាចំពោះម្តាយទារកភ្លោះទាំង៤នាក់មានសុខភាពល្អធម្មតាវិញហើយមកដល់ព្រឹកថ្ងៃទី១៥កក្កដានេះគឺគាត់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារនៅទ្បើយ។លោកមានប្រសាសន៍ថាក្រុមគ្រូពេទ្យបានបញ្ជូនទារកភ្លោះទាំង៤នាក់នោះកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤កក្កដាហើយបានទៅដល់គោលដៅដោយសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញនៅទីនោះ។
លោកឯសារ៉ូអភិបាលស្រុករវៀងបានអោយដឹងថាម្តាយទារកភ្លោះ៤នាក់ខាងលើមានឈ្មោះឆាយសុផាអាយុ២៤ឆ្នាំរស់នៅភូមិចំបក់ផ្អែមឃុំរស្មីស្រុករវៀងខេត្តព្រះវិហាររីឯឪពុកទារកឈ្មោះសេមផានិតអាយុ២៥ឆ្នាំជាគ្រូបង្រៀនក្នុងឃុំរស្មីផ្ទាល់។ស្ដ្រីឆាយសុផាសម្រាលកូនលើកទី២ហើយបានកូនភ្លោះ៤នាក់ក្នុងនោះស្រី២ប្រុស២៕


































