ខេត្តប៉ៃលិន ៖ មនុស្សប្រុស ស្រី០២នាក់ បានរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលឯកជន ក្រុងប៉ៃលិន តែដោយជនរងគ្រោះមានសភាពធ្ងន់ពេកក៏បញ្ចូន ទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ខណៈរថយន្តដឹកដី០១គ្រឿងបើកចេញពីផ្លូវលំបម្រុង
ឡើងផ្លូវជាតិ មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឱ្យដួលប្រាវរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកដី១គ្រឿងបើកចេញពីផ្លូវលំក្នុងទិសដៅពីជើងទៅត្បូងដោយឡើងផ្លូវជាតិមិនបានមើលមុខក្រោយ ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់តែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៏បានឱ្យដឹងថា៖ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ បាត់ដំបង 3A-1079 រងការខូចខាតស្រាល បើកបរដោយឈ្មោះ តី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គ្មានរងរបួសអ្វីទេ ។
ក្រោយពេលកើតហេតុក៏បើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-9767 រងការខូចខាតយ៉ាងដំណំ បើកបរដោយឈ្មោះ តុង ផេង ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ រស់នៅភូមិចក្រអង្រែក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្មំពេញ រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះ ងុន ស៊ីណា ភេទស្រី អាយុ៣២ឆ្នាំ ជាកម្មករ រស់នៅភូមិវត្ត ក្រុងប៉ៃលិន រងរបួសធ្ងន់ធ្ងរ ។បច្ចុប្បន្នជនរងគ្រោះបើកបរម៉ូតូសំរាកព្យាបាលនៅគ្លីនិកឯកជនឈ្មោះគ្លីនិកខេមរៈ ក្នុងក្រុងប៉ៃលិន , ចំណែកស្ត្រីរងគ្រោះម្នាក់ទៀតដោយសាររបួសធ្ងន់ធ្ងរពេក ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ។ក្រោយពេលកើតហេតុ ទាំងរថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ដឹកយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំការដោះស្រាយនៅពេលក្រោយ ៕




































