បន្ទាយមានជ័យៈ បន្ទាប់ពីមានពាក្យតតគ្នាថា មានការលក់ដីវេទិការខេត្តបន្ទាយមានជ័យ ទើបតែស្ងប់ដោយអាជ្ញាធរបានបង្ហាញប្លង់អភិវឌ្ឍន៍នោះ ឥឡូវលេចលឺបន្ថែមទៀតថា អាជ្ញាធរខេត្តបន្ទាយមានជ័យ សម័យលោក គោស៊ុំ សារឿត ជាអភិបាលខេត្តទើបមកកាន់ដំណែង
បានជាង១ឆ្នាំ កំពុងតែចាត់ការសំណើរសុំការដោះដូរទីតាំងដីចំណតរថយន្តខេត្តដែលនៅចំកណ្តាលទីរួមខេត្ត ទៅទីតាំងថ្មី ដែលឆ្ងាយពីទីរួមខេត្ត ដើម្បីទុកដីចំណតរថយន្តចាស់អោយក្រុមហ៊ុនមនោរតនៈធ្វើការរអភិវឌ្ឍទាំងក្រុមហ៊ុនចាស់នៅរយៈពេលជាង១០ឆ្នាំទៀត ក្នុងការវិនិយោគយកផាស៊ីជាមួយរដ្ឋ ។ចំណតរថយន្ត (បេនឡាន) ខេត្តបន្ទាយមានជ័យ ដែលបម្រុងធ្វើការដោះដូរនេះស្ថិតនៅចំកណ្តាលក្រុងសិរីសោភ័ណ ក្នុងភូមិបីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ លើផ្ទៃដី ៦០០០ម៉ែត្រការេ ដោយបច្ចុប្បន្នមានរថយន្តរាប់រយគ្រឿងឈប់ចត ជាប្រចាំ ។ ចំណតរថយន្តនេះគឺមានតាំងពីសម័យបារាំង ហើយត្រូវបានរក្សាទ្រង់ទ្រាយ និងរចនាបទដដែលរហូតមកដល់ពេលនេះ ។បើយោងតាមឯកសារមួយចុះថ្ងៃទី០៩ កក្កដា ២០១៥ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខ័ណ្ឌ និងខេត្ត បានអោយដឹងថា ស្តីពីសំណើរសុំការអនុញ្ញាតជាគោលការធ្វើការដោះដូរ ទីតាំងដីចំណតរថយន្តខេត្តមកទីតាំងថ្មី
ទំហំ១០០០០ម៉ែត្រការេ នៅចំនុចផ្លូវវាងក្រុង និងសំសិទ្ធដោះស្រាយសំណង់អាណាធិបតេយ្យ ជាច្រើនគ្រួសារលើដីបំរុងទុករបស់ខេត្តក្នុងសង្កាត់អូរអំបិល អោយក្រុមហ៊ុន មនោរតនៈ ធ្វើការអភិវឌ្ឍ ។ ដែលការស្នើរសុំនេះគឺយោងតាមលិខិតលេខ៧១៧ ចុះថ្ងៃទី២៩ ឧសភា ២០១៥ ។ ដោយការដោះដូរនេះដោយយោងថា ចំណតរថយន្តបច្ចុប្បន្នស្ថិតនៅចំកណ្តាលទីប្រជុំជនធ្វើអោយរថយន្តមានការលំបាកចេញចូល និងមានការកកស្ទុះចរាចរ និងអនុវត្តតាមផែនការប្រឡងប្រណាំងទីក្រុងស្អាត ស្របគ្នានិងផែនការរៀបចំប្លង់គោលទីក្រុងសិរីសោភ័ណអោយមានសណ្តាប់ធ្នាប់អនាម័យ ។ទាក់ទងនិងការដោះដូរនេះផងដែរ លោក ឈឿង គីរីរ័ត្ន ដែលជាអ្នកទទួលសិទ្ធវិនិយោគសាងសង់ចំណតរថន្តធំ និងបន្តគ្រប់គ្រងធ្វើអាជីវកម្មផាស៊ីចំណតរថយន្ត ខាងលើរយៈពេល២០ឆ្នាំចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៧ បានអោយដឹងថា លោកពុំដឹងរឿងក្នុងការដោះដូរនោះទេ តែបើមានការដោះដូរមែន តើក្រុមហ៊ុនរបស់លោកទៅឯណា ព្រោះលោកនៅមានរយៈពេល១២ឆ្នាំទៀតក្នុងការវិនិយោគប្រមូលផាស៊ីលើចំណតរថយន្តនេះ ។




































