កំពត៖ ប្រជាពលរដ្ឋអ្នករកស៊ីដឹក បង្គារ មឹក បបែល ក្រៀម ពីប្រទេសវៀតណាមតាមច្រកព្រែកចាក ប្រមាណ ១០០នាក់ ផ្ទុះការតវ៉ាលើកគ្នាមកសាលាឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០១៥ នេះ ដើម្បីឲ្យអាជ្ញាធរធ្វើការដោះស្រាយ ពាក់ពន្ធ័ ករណីអធិការស្រុកកំពង់ត្រាច បានបញ្ជារឲ្យចាប់ បង្គារ មឹក បបែល ក្រៀមរបស់ពួកគាត់ដែលដឹកតាមម៉ូតូ កង់ ពីប្រទេសវៀតណាម នាពេលកន្លងមក។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានរកស៊ី បង្គារ មឹក បបែល ក្រៀមរបស់ពួកគាត់ដែលដឹកតាមម៉ូតូ កង់ ពីប្រទេសវៀតណាម អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ប៉ុន្តែ ពេលថ្មីៗនេះ ពួកគាត់ ត្រូវប៉ូលីសស្រុកកំពង់ត្រាច បានចាប់ម៉ូតូ៣គ្រឿងដឹកបង្គារ មឹក បបែល ក្រៀម ចំនួន៣០០គីឡូក្រាមកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ថែមទាំងបញ្ជូនខ្លួនទៅតុលាការថែមទៀតផង។ប្រជាពលរដ្ឋបាននិយាយទៀតថា អ្នកភូមិប្រមាណជិត២០០នាក់នៅឃុំស្វាយទងខាងត្បូង ជាអ្នកប្រកបរបររកស៊ីដឹកបង្គារ មឹក បបែល ក្រៀមរបស់ពួកគាត់ដែលដឹកតាមម៉ូតូ កង់ ពីប្រទេសវៀតណាម ជាច្រើនឆ្នាំមកហើយ ហើយជាមុខរបរប្រចាំថ្ងៃ របស់ពួកគាត់។ ប្រសិនជាប៉ូលីសហាមឃាត់មិនឲ្យពួកគាត់រកស៊ីមុខរបស់នេះ តើពួកគាត់មានមុខរបរអ្វី សម្រាប់ជីវិតនោះ។ឆ្លើយតមករណីនេះ លោក ប៊ុត សុមុនី អធិការស្រុកកំពង់ត្រាចបញ្ជាក់ប្រាប់ថាៈ រូបលោកពិតជាបានចាប់ម៉ូតូ៣គ្រឿងដឹក បង្គារ មឹក បបែល ក្រៀម ចំនួន៣០០គឺទ្បូពីប្រទេសវៀតណាម នេះមែន ដើម្បីធ្វើការត្រួតពិនិត្យ តាមរបាយការណ៍ ពីប៉ូលីសខេត្តបាត់ដំបង ដែលអះអាងថា ចាប់បាន បង្គារ មឹក បបែល ក្រៀម ធ្វើពីជ័រកៅស៊ូ ពីប្រទេសវៀតណាម ។លោកអធិការបន្តថា លោកបានបញ្ជូនបង្គារ មឹក បបែល ក្រៀមទាំងអស់ទៅកាន់ជំនាញកាំកុងត្រូល ហើយធ្វើការត្រួតពិនិត្យឃើញថា បបែលគ្រៀម២០គីឡូក្រាម មានសារធាតុប៉ូរ៉ាក់ ដែលជាសារធាតុធ្វើឲ្យប៉ះពាល់ដល់សុខភាព ។
លោក ប៊ុត សុមុនី បន្តទៀតថា លោកមិនបានបញ្ជារឲ្យចាប់ម៉ូតូដឹកបង្គារ មឹក បបែល ក្រៀម ពីប្រទេសវៀតណាម របស់ប្រជាពលរដ្ឋទាំងអស់នោះទេ ដោយគ្រាន់ហាមឃាត់ និងណែនាំកុំឲ្យប្រជាពលរដ្ឋនាំចូលទំនិញ ដែលមានសារធាតុគីមីតែប៉ុណ្ណោះ។
នៅព្រឹកមិញនេះដែរលោក អឹម ស៊ីណាត អភិបាលស្រុកកំពង់ត្រាច បានចុះដោះស្រាយជាមួយប្រជាពលរដ្ឋ ដោយស្នើសុំប្រជាពលរដ្ឋ ជ្រើសរើសតំណាងរបស់ពួកគាត់ ដើម្បីងាយស្រួលក្នុងការរៀបចំបែបបទឯកសារជាមួយមន្ត្រីកាំកុងត្រូល ។ លោកអភិបាលស្រុក ក៏មានណែនាំ ឲ្យប្រជាពលរដ្ឋ កុំនាំចូលផលិតផលបង្គារ មឹក បបែល ក្រៀម ពីប្រទេសវៀតណាម ដែលមានសារធាតុគីមី និងខូចគុណភាព ជៀសវាងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។ចំណេកលោក គាង សំរេច អនុប្រធានកាំកុងត្រូលច្រកទ្វារអន្ដជាតិព្រែកចាក បាននិយាយប្រាប់ប្រជាពលរដ្ឋថាៈ សូមកុំឲ្យមានការ យល់ច្រឡំថា មន្ត្រីកាំកុងត្រូលហាមឃាត់មិនឲ្យមានការនាំចូលផលិតផលបង្គារ មឹក បបែល ក្រៀម ពីប្រទេសវៀតណាម ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យនាំចូលផលិតផលបង្គារ មឹក បបែល ពីប្រទេសវៀតណាម ដែលមានសារធាតុគីមី និងខូចគុណភាពឲ្យសោះ ។ ប៉ុន្តែបើសិនជាជំនាញត្រួតពិនិត្យឃើញថា មានការនាំចូលផលិតផលដែលមានសារធាតុគីមី ឬ ខូចគុណភាព មន្ត្រីកាំកុងត្រូល នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕