ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរប្រុសស្រី ២១នាក់ និងមានកុមារតូចៗ៤នាក់ទៀតមកតាមឪពុកម្តាយបម្រុងឆ្លងកាត់អូរព្រំដែនដើម្បីទៅរកការងារធ្វើខុសច្បាប់នៅក្នុងប្រទេសថៃត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួននិងឲ្យធ្វើកិច្ចសន្យាវិលត្រឡប់ទៅផ្ទះវិញ។ ការទប់ស្កាត់ពលករទាំង២១នាក់នោះធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥នៅចំណុចអូរព្រំដែនមួយកន្លែង ស្ថិតក្នុង ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។នគបាលបានប្រាប់ថាពលករខ្មែរទាំង២១នាក់ពួកគាត់រស់នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប ។នគបាលធ្វើការទប់ស្កាត់ពលករខ្មែរទាំង២១នាក់ខាងលើគឺក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពរបស់ពួកគាត់ដែលបានលួចឆ្លងដែនខុសច្បាប់បែបនេះធ្វើឱ្យបងប្អូនពលករទាំងនោះអាចប្រឈមរងការគ្រោះថ្នាក់ដល់អាយុជីវិតក ្លងមកមានពលករខ្មែរមួយចំនួនត្រូវបានទាហានថៃបាញ់សម្លាប់និងដុតសពបំបាត់ភស្ថុតាងនៅចំណុចស្រុកខ្លងហាតឈម និងស្រុកសំពៅលូន ខេត្តបាត់ដំបង ការជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃនៅពេលរថយន្តដឹកពលករខ្មែរខុសច្បាប់គេចពីការដេញតាមចាប់របស់សមត្ថកិច្ចថៃ ការចាប់ដាក់គុក ការចាញ់បោកមេខ្យល់លក់កម្លាំងពលកម្មនិងបញ្ហាប្រឈមមួយចំនួនទៀតទៅលើពលករខ្មែរដែលនាំគ្នាឆ្លងដែនទៅរកការងារខុសច្បាប់បែបនោះ។លោកវរសេនីយ៍ត្រី សោម សារុន នាយការិយាល័យស្តីទីនគរបាលប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា ការចុះទប់ស្កាត់ទៅលើពលករខាងលើធ្វើ ឡើងនៅពេលដែលសមត្ថកិច្ចដើរល្បាតតាមព្រំដែនហើយប្រទះឃើញពលករទាំនោះកំពុងតែ ដើរថ្មើជើងនិងមានអីវ៉ាន់សំពីងសំពោងបម្រុងឆ្លងដែនខុសច្បាប់។ចំណែកពលករបាននិយាយថាពួគាត់នាំគ្នាទៅធ្វើការងារដកដាំដំឡូង កាប់ដើមអំពៅ និងការងារមួយចំនួនទៀតក្នុងទឹកដី ថៃក្បែរព្រំដែនកម្ពុជាតែប៉ុណ្ណោះ ។លោកនាយការិយាល័យស្តីទីបញ្ជាក់ឱ្យដឹងទៀតថាកម្លាំងនគរបាលចុះទប់ស្កាត់ទៅលើពលករខ្មែរធ្វើចំណាកស្រុកខុសច្បាប់គឺដោយមានការដាក់ចេញនូវវិធានការម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យកម្លាំងការិ យាល័យជំនាញនិងកម្លាំងនគរបាលពាក់ព័ន្ធនៅជាប់ព្រំដែនកម្ពុជា-ថៃក្នុង ខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តការងារ ទប់ស្កាត់ពលករខ្មែរឱ្យមានប្រសិទ្ធភាពដើម្បីបញ្ចៀសកុំឱ្យកើតមានបញ្ហាប៉ះពាល់គ្រោះថ្នាក់ដល់ អាយុជីវិតពលករខ្មែរ ដោយប្រការណាមួយ ទៅលើការឆ្លងដែនខុសច្បាប់នោះ។ពលករទាំង២១នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់រួចមក សមត្ថកិច្ចក៏បានដោះលែងឱ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ៕