ខេត្តកំពង់ឆ្នាំង៖ចន្តអគ្គីសនីកប់ក្នុងដីបានឆក់សត្វក្របី២ក្បាលងាប់ នៅក្នុងចំណោមក្របីជាច្រើនក្បាល ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅលើផ្លូវក្រាលគ្រោះក្រហម ស្ថិតក្នុង ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខណៈដែលម្ចាស់ក្របីបានដេញក្របីនៅលើផ្លូវទៅឃ្វាលនៅវាលស្រែ។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បាននិយាយអោយដឹងថា៖ ម្ចាស់ក្របី ខាងលើមានឈ្មោះ ឈូក រិន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុ ចំណែកម្ចាស់ តូបលក់ដូរ ដែលយកខ្យែភ្លើងកប់ក្នុងដីបង្កអោយឆ្លងចរន្តអគ្គីសនីឆក់ក្របី២ក្បាលងាប់ នោះមានឈ្មោះ ឃិន បឿន អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិកន្លែងកើតហេតុជាមួយគ្នា។មុនពេលកើតហេតុម្ចាស់ក្របីបានដេញក្របីជាង១០ក្បាល ដើម្បីឃ្វាលនៅទីវាល ដោយដើរតាមផ្លូវលំ ជាចៃដន្យក្របី២ក្បាលបានដើរចូលទឹកថ្លុកដក់នៅលើផ្លូវ មានខ្យែភ្លើងកប់ក្នុងដីដាច់មុខតំណរ ឆ្លងចរន្តអគ្គីសនី បណ្តាលអោយឆក់ក្របីនោះងាប់តែម្តង។លោកអធិការបានអោយដឹងទៀតថា៖សំណាងណាស់ដែលម្ចាស់ដើរឆ្ងាយ ពីសត្វក្របីប្រសិនដើរជាមួយក្របីវិញច្បាស់ជាត្រូវឆក់មានគ្រោះថ្នាក់ដែរពុំខាន។ ក្រោយកើតហេតុម្ចាស់តូបដែលតខ្យែភ្លើងកប់ក្នុងដីបានព្រមចេញសងសំណងទៅម្ចាស់ក្របីដើម្បីបញ្ជប់រឿង ។សូមបញ្ជាក់ថា៖នេះគឺជាលើកទី២ហើយ ដែលចរន្តអគ្គីសនីបានឆក់សត្វគោក្របីងាប់ ក្នុងនោះកាលពីចុងខែមិថុនា ឆ្នាំ២០១៥កន្លងមកនេះ សត្វគោ១ក្បាលបានឆក់ងាប់ នៅមុខសណ្ឋាគាររស្មីសុខានូយ៉ក ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈម្ចាស់ គោបានកាន់ខ្សែគោ អោយគោមេដើរស៊ីស្មៅក្បែរបង្គោលភ្លើងកន្លែងកើតហេតុ៕