កំពង់ឆ្នាំង៖ ផ្លូវជាតិ១ខ្សែ និងផ្លូវក្នុងខេត្ត២ខ្សែ ប្រវែង៧០,៦៣គម តភា្ជប់ចេញពីឃុំតាជេស ស្រុកកំពង់ត្រឡាច កាត់ស្រុកទឹកផុស រហូតទៅដល់ឃុំអមលាំង ស្រុកស្ពង ខេត្តកំពង់ស្ពឺ ក្រោមហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានបើកការដ្ឋានដំណើរការកសាងនៅក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួមជាង២ពាន់នាក់។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ដោយសារមានសន្តិសុខ សុវត្ថិភាពដ៏ល្អប្រសើរ វិស័យហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ នៅទូទាំងខេត្តកសាងផ្លូវកៅស៊ូបាន ប្រវែង២៨៥,១៦៩គម ផ្លូវក្រាលគ្រួសក្រហម ២.០៩៧,០៣គម ផ្លូវដីសប្រវែង ៨៧៩,៧៦៩គម ផ្លូវបេតុង ២,៥៥៧៩គម ស្ពានប្រវែង១.៨៤៨មស្មើនឹង៨០កន្លែង ដាឡូប្រវែង៦១៧,៦៣មស្មើនឹង៩២កន្លែង លូ២៦.៥៧៧ម ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតាមរយៈសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានាពីជនបទទៅទីផ្សារ។
កំណាត់ផ្លូវលេខ១៥០បេ ១៥១បេ និងផ្លូវជាតិលេខ៥៣ ពីឃុំតាជេស ខេត្តកំពង់ឆ្នាំង ទៅឃុំអមលាំងខេត្តកំពង់ស្ពឺ ប្រវែង៧០,៦៣គម ដែលត្រូវសាងសង់ក្នុងពេលនេះ គឺជាសមិទ្ធិផលមួយថ្មីទៀត ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលជាសសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតដ៍មានសារៈសំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖គម្រោងកែលំអរកំណាត់ផ្លូវជាតិលេខ៥៣ ផ្លូវ១៥០បេ និង១៥១បេ ពីឃុំតាជេស តភ្ជាប់ទៅឃុំអមលាំងខេត្តកំពង់ស្ពឺ ប្រវែង៧០,៦៣គម គឺក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងកម្មវិធីសាកល្បងសម្រាប់ការបន្សាំ នឹងបម្រែបម្រួលអាកាសធាតុ ដែលជាផ្លូវមានប្រភេទជាផ្លូវក្រាលកៅស៊ូ១ជាន់ SBST មានទទឹងផ្លូវសរុប៨ម៉ែត្រ ទ្រូងផ្លូវក្រាលកៅស៊ូមានទទឹង៦ម៉ែត្រ មានគន្លងចរាចរណ៍២ និងគន្លងនីមួយៗមានទទឹង៣ម៉ែត្រ និងចិញ្ចើមក្រាលគ្រួសក្រហមទទឹង១ម៉ែត្រ ហើយចំណាយទឹកប្រាក់អស់សរុបចំនួន១៨,៦៣លានដុល្លាអាមេរិក រួមនឹងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់។ម្យ៉ាងវិញទៀតផ្លូវនេះរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការលើកកំពស់ប្រសិទ្ធិភាពនៃការធ្វើចរាចរណ៍ដឹកជញ្ជូនបន្ថែមទៀត ព្រមទាំងអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិកម្ម ដែលនឹងក្លាយទៅជាសសៃឈាមសេដ្ឋកិច្ចមួយក្នុងតំបន់។ប្រព័ន្ធផ្លូវនេះនឹងតភ្ជាប់តំបន់ភ្នំឱរ៉ាល់នៃខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលខាងកសិកម្ម ឆ្ពោះទៅកាន់ទីផ្សារ និងទីប្រជុំជន។
សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ នៅពេលមានផ្លូវស្អាត និងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងពេលធ្វើដំណើរជិតឆ្ងាយ ពិសេសបងប្អូនកម្មករ សូមជ្រើសរើសអ្នកបើកបរដែលមានស្មារតីមានបទពិសោធន៍ និងជ្រើសរើសយានយន្តធ្វើដំណើរដែលមានសុវត្ថិភាពល្អ។កុំបណ្តែតបណ្តោយ អោយបងប្អូនកូនចៅជិះម៉ូតូដោយមិនបានរៀនសូត្រយល់ដឹងអំពីច្បាប់ចរចរណ៍ សូមពាក់មួកសុវត្ថិភាពគ្រប់ពេលដែលបើកបរនិងជិះម៉ូតូនិងសូមកូនចៅជៀសអោយឆ្ងាយពីគ្រឿងញៀន។ម្យ៉ាងវិញទៀតបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ មិនត្រូវអោយមានការសាងសង់ រំលោភដីចំណីផ្លូវថ្នល់ ដើម្បីរួមចំណែកក្នុងការរក្សាសណ្តាប់ធ្នាប់ និងរក្សាសោភ័ណ្ឌភាពផ្លូវថ្នល់ជាតិយើងបានល្អ៕