ខេត្តសៀមរាប៖ រថយន្តដឹកខ្សាច់ពេញបើកក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈងង៉ុយដេកមួយភាំងស្រាប់តែដឹងខ្លួនឡានក្រឡាប់ផ្ងារជើងនៅក្នុងទឹកប្រឡាយ ប៉ុន្តែមិនបណ្តាលឱ្យអ្នកបើកបរមានរងរបួសក្នុងហេតុការនោះឡើយ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅពីខាងកើតវាយកូនហ្គោល តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងនិងខេត្តសៀមរាប ។
ប្រភពឃើញហេតុការនៅកន្លែងកើតហេតុបានប្រាប់ថា ពួកគាត់បានឃើញរថយន្តដឹកខ្សាច់ពេញនោះមានតែម្នាក់ឯង ដែលបើកបរមកពីកើតទៅលិចយ៉ាងលឿន រួចរ៉េចង្កូតពេញផ្លូវ ស្រាប់តែមួយសន្ទុះក៏ធ្លាក់ចូលប្រឡាយអមសងខាងផ្លូវក្រវ៉ាត់ក្រុងផ្ងារជើងឡើងលើតែម្តង។ប្រភពបានបន្តថា ក្រោយពីរថយន្តដឹកខ្សាច់នោះក្រឡាប់ ក៏ឃើញសមត្ថកិច្ចនិងថៅកែមកដល់រួចហៅឡានស្ទួចយកឡើងមកលើ ប៉ុន្តែមិនបណ្តាលឱ្យតៃកុងរងរបួសនោះទេ ។
ប្រភពពីសមត្ថកិច្ចចរាចរនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៍មានថា រថយន្តដឹកខ្សាច់ពេញនោះបង្កឡើងដោយខ្លួនឯង បើកបរមកពីកើតទៅលិច ដើម្បីយកទៅឱ្យម៉ូយ មកពីតៃកុងរថយន្តនោះងង៉ុយដេកមួយភាំង ទើបរ៉េចង្កូតធ្លាក់ប្រឡាយផ្ងារឡើងតែម្តង មិនមែនមានពីណាមកបាំងមុខឬក៏ឡើងវ៉ាគេទេ ប៉ុន្តែក្នុងឡាននោះមានតែតៃកុងម្នាក់ឯងប៉ុណ្ណោះ ហើយមិនបណ្តាលឱ្យតៃកុងនិងអ្នកធ្វើដំណើររងរបួសទេ ។លោកបន្តថា អ្នកបើកបរដឹកខ្សាច់មានឈ្មោះ ស៊ីម ហេង ភេទប្រុសអាយុ២៣ឆ្នាំមុខរបរបើកឡានដឹកសំណង់ឱ្យដេប៉ូលក់គ្រឿងសំណង់ (យីហោ ហួយ សុចិន្តា) បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ។បើកបររថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខបន្ទាយមានជ័យ3A.0560។
បច្ចុប្បន្នរថយន្តដឹកខ្សាច់នោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរហៅរថយន្តស្ទួចមកស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរនៃស្នងការនគរបាលខេត្តសៀមរាបដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ខេង ឧត្តម