ខេត្តព្រះវិហារ៖សិប្បកម្មកែច្នៃឈើធំ១កន្លែងពួនលាក់ខ្លួនក្នុងព្រៃកំពុងដំណើរការធ្វើគ្រឿងសង្ហារឹមយ៉ាងរលូនមានចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្លូវជាតិលេខ៩ស្ថិតនៅភូមិពោធិ៍ទាបឃុំម្លូរព្រៃ១ស្រុកឆែបខេត្តព្រះវិហារដែលនៅមិនឆ្ងាយពីតំបន់ព្រៃការពារអភិរក្សព្រះរការ។កន្លងមកប្រជាសហគមព្រៃឈើប្រមាណ២០០នាក់នៅទូទាំងភូមិបានក្រោកទ្បើងតវ៉ាអោយអាជ្ញាធរដែនដីនិងជំនាញមេព្រៃបិទទីតាំងសិប្បកម្ម១នេះប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញ។
ប្រជាសហគមព្រៃឈើព្រះរកាបានតវ៉ាថាទីតាំងសិប្បកម្មកែច្នៃឈើរបស់ឈ្មួញឈ្មោះគិតនិងប្រពន្ធរបស់គាត់ជាអាជីវកម្មកែច្នៃឈើខុសច្បាប់គឺចាប់តាំងពីបង្កើតសិប្បកម្មកែច្នៃឈើរយះពេល៤ឆ្នាំនោះមកធ្វើអោយឈើប្រណីតបេងធ្នង់នាងនួនរងការកាប់បំផ្លាញខ្លាំងរហូតផុតពូជនិងឈើលេខ១ប្រភេទគគីរនិងសុក្រំក៍ចាប់ផ្តើមវិនាសបណ្តើរៗហើយដោយសារចលនាជនខិលខូចកាប់បំផ្លាញយ៉ាងសកម្មដឹកយកមកលក់អោយឈ្មួញដុះស្លែឈ្មោះគិត។
ភ្នាក់ងាររាយណ៍ការណ៍ថាឈ្មួញសិប្បកម្មខាងលើបាននិយាយបិទបាំងទីតាំងសិប្បកម្មរបស់គាត់មានច្បាប់ត្រឹមត្រូវពីរដ្ឋបាលព្រៃឈើប៉ុន្តែធាតុពិតមិនមានប្រភពផ្គត់ផ្គង់ឈើស្របច្បាប់ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចពិតប្រាកដណាមួយទ្បើយ។ប្រវត្តិរបស់ឈ្មួញម្នាក់នេះរកស៊ីបើកសិប្បកម្មកែច្នៃឈើជិត២០ឆ្នាំមកហើយនៅទីរួមស្រុកគូលែនតាំងពីសំបូរឈើប្រណីតរហូតដល់អស់រលីងបានងាកទៅបើកសិប្បកម្មនៅទីតាំងខាងលើគគ្រឹកគ្រេង។សព្វថ្ងៃប្រជាសហគមព្រៃឈើព្រះរកាមិនសប្បាយចិត្តនោះទេនៅពេលការតវ៉ាអោយបិទទីតាំងសិប្បកម្មកែច្នៃឈើរបស់គាត់មិនបានទទួលលទ្ធផលជោគជ័យនោះ។សមត្ថកិច្ចនៅខេត្តព្រះវិហារបានអោយដឹងថាឈ្មោះគិតបានដឹកសន្លឹកទ្វារឈើប្រណីតនិងគគីរចំនួន២០ទៅ៣០សន្លឹកញឹកញាប់យកទៅលក់នៅខេត្តសៀមរាប។សន្លឹកទ្វារទាំងនោះតំលៃរបស់វាកំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារខេត្តសៀមរាបនិងរាជធានីភ្នំពេញ។មានអ្នកធំខ្លះនៅខេត្តព្រះវិហារនិងនៅរាជធានីភ្នំពេញកាងនៅពីក្រោយខ្នងឈ្មួញដុះស្លែម្នាក់នេះធ្វើអោយប៉ះពាល់ដល់ប្រសិទ្ធភាពការងារជំនាញមេព្រៃក្នុងការចុះទៅបង្ក្រាបបិទទីតាំងកែច្នៃឈើខុសច្បាប់នៅពោធិ៍ទាបគឺមិនទទួលបានលទ្ធផលល្អ។តាមសេចក្ដីរាយការណ៍បានអោយដឹងថាមន្ដ្រីរដ្ឋបាលព្រៃឈើនៅមូលដ្ឋានកំពុងព្យាយាមដើម្បីចុះទៅបិទទីតាំងសិប្បកម្មដែលមានលក្ខណះរឹងរូសដ៍មានឥទ្ធិពល១កន្លែងខាងលើដែរគឺអោយតែទទួលបានបញ្ជាពីថ្នាក់លើមកភ្លាមនោះជំនាញមេព្រៃនិងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនឹងចុះទៅបិទជាស្ថាពរភ្លាម៕