ខេត្តបន្ទាយមានជ័យ៖ប្រជាកសិករ ដែលមានលទ្ធភាព និងមានប្រភពទឹកនៅជិត ដូចជា ប្រឡាយ អូរ បឹងបួរ ឬត្រពាំងបឹងបួរបាននិយាយថា ពួកខ្លួនអត់យោគយល់ ឬរង់ចាំវេន អត់ចាំចែកទឹកគ្នាអីទៀតទេ គឺត្រូវដណ្តើមគ្នាបូមទឹកឲ្យឈ្នះដៃហើយដើម្បីសង្គ្រោះស្រូវរបស់រៀងខ្លួនៗ។ ដីស្រែក្នុងស្រុកព្រះនេត្រព្រះ មង្គលបូរី អូរជ្រៅ និងក្រុងសិរីសោភ័ណ កំពុងបន្តរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតយ៉ាងខ្លាំងវាលស្រែប្រឡាយបឹងបួរមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យរីងហួតអស់ហើយទឹកភ្លៀងរលឹមបន្តបន្ទាប់រាយប៉ាយក្នុងស្រុក ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ មិនអាចគ្រប់ដណ្តប់និងស្រោចស្រពដំណាំស្រូវបង្កើនរដូវស្រូវប្រាំងដើមរដូវវស្សាមិនប្រកាន់រដូវស្រូវរដូវវស្សារបស់កសិករបានទេ។ផ្ទៃដីដំណាំស្រូវក្នុង ៤ស្រុក/ក្រុង គឺស្រុកព្រះនេត្រព្រះ មង្គលបូរី អូរជ្រៅ និងសិរីសោភ័ណ បាននិងកំពុងបន្តរងផលប៉ះពាល់ជិតងាប់ខូចដោយសារជួបគ្រោះរាំងស្ងួតនៃកូនរដូវប្រាំងក្នុងរដូវវស្សាខែកក្កដានេះ។ គិតត្រឹមថ្ងៃទី១៤កក្កដា ដីស្រូវចំនួន ៤៨.៣២៥ ហិចតា បានរងផលប៉ះពាល់។លោកប៉ាង វណ្ណសេដ្ឋប្រធានមន្ទីកសិកម្ម ខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី១៧កក្កដាថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ កន្លងមកនេះការអនុវត្តន៍បង្កបង្កើនផលដំណាំស្រូវធ្វើបានចំនួន ២២៥.៩៨៩ ហិចតា ស្មើនឹង ៩៤,១៦ ភាគរយ នៃផែនការ ២៤០.០០០ ហិចតា។ ក្នុងនោះ មានតែស្រូវពង្រោះប្រភេទឡើងទឹកធ្ងន់កណ្តាលនិងស្រាលពុំមានស្រូវសន្ទូងទេ។លោក ប៉ាងវណ្ណាសេដ្ឋបន្តថាប៉ុន្តែមកទល់វគ្គនេះទឹកភ្លៀងបន្តធ្លាក់តិច។ កម្ពស់ទឹកភ្លៀងបន្តទាបជាងឆ្នាំទៅ។ ការបង្កបង្កើនផលក៏យឺតជាងឆ្នាំ២០១៤ គិតក្នុងរយ:ពេលដូចគ្នា ចំនួន ៩.២៨៩ ហិចតា។រីឯលោករុនសុផាន់ណារ៉ាប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យឲ្យដឹងថាតែឥឡូវនេះនៅ៤ស្រុក/ក្រុង ស្រូវកំពុងរងផលប៉ះពាល់ជិតងាប់ខូចគឺប្រឈមជួបគ្រោះរាំងស្ងួត សរុបចំនួន ៤៨.៣២៥ ហិចតា។ គឺមាននៅក្នុង ១.ស្រុកព្រះនេត្រព្រះ ២.ស្រុកមង្គលបូរី។ ស្រុកទាំងពីរនេះ បានប៉ះពាល់នៅគ្រប់ឃុំតែម្តង។ ៣.ស្រុកអូរជ្រៅ និង៤.ក្រុងសិរីសោភ័ណ។ ផ្ទៃដីស្រែរងផលប៉ះពាល់ អាចកើនឡើង ព្រោះនៅស្រែជាកន្លែងរងគ្រោះរាំងស្ងួតភាគច្រើន នៅតែបន្តគ្មានភ្លៀងធ្លាក់ចំ។ពួកកសិករ និយាយថា បើនៅតែគ្មានភ្លៀងធ្លាក់ ស្រូវ ដែលរងផលប៉ះពាល់នឹងត្រូវងាប់ខូចស្តារមិនបានទេ។ពួកគេស្នើសុំដល់លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងមន្ទីធនធានទឹក និងឧតុនិយមខេត្ត សុំជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់បូមបញ្ចូលស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតទាំងនោះផង៕