ខេត្តប៉ៃលិន៖ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជាខេត្ត ដឹកនាំដោយ លោក កើត សុធា ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត ,លោក ឡី ចាន់ឆាយ អនុប្រធានគណៈបក្ស បានចុះជួបសំណោះសំណាលជាមួយសមាជិក សមាជិកា គណៈបក្សឃុំអូរអណ្តូង ដោយមានការចូលរួមពីសំណាក់ក្រុមការងារគណបក្សខេត្ត ,គណបក្សស្រុក និងសមាជិក សមាជិការ សរុប៣០០នាក់ ។ ពិធីសំណោះសំណាលនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បន្ទាប់ពីគណៈចាត់តាំងកម្មវិធីធ្វើសេចក្តីរាយការណ៏រួចមក លោក ឡី ចាន់ឆាយ អនុប្រធានគណៈបក្សខេត្ត ក៏បានអាននូវគោលការណ៏បក្ស ដោយឈរលើកការសាមគ្គីផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីកាសាង និងអភិវឌ្ឍន៏ប្រទេសជាតិ ។ថ្លែងក្នុងពេលជួបសំណោះសំណាលនោះដែរ លោក កើត សុធា ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន សម្តេចតែងតែគិតគូរពីសុខទុក និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ហើយអាជ្ញាធរមូលដ្ឋានត្រូវបំរើប្រជាពលរដ្ឋក្នុងការចូលរួមចំណែកស្តារ និង អភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនជឿនលឿនបន្ថែមទៀត ធានាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ លោកបន្តថា៖ពេលនេះយើងមានសេចក្តីសុខ មានសន្តិភាពពេញលិញ តែបើគ្មានសុខសន្តិភាព យើងក៏គ្មានការអភិវឌ្ឍន៍ដែរ ហើយសុខសន្តិភាពនេះ ក៏បានមកពីគណបក្សប្រជាជនដែរ តាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចហ៊ុនសែន ដូច្នេះយើងត្រូវរក្សាឲ្យបាននូវសុខសន្តិភាពនេះកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ។ លោកបានឲ្យដឹងដែរថា ក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយ ដោយមានការគាំទ្រពីប្រជាជន គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ សម្រេចបានសមិទ្ធផលធំៗជូនជាតិ មាតុភូមិ បានកសាងពង្រឹង និងពង្រីកខ្លួនឥតឈប់ឈរលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលជំរុញអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ដោយផ្តោតអាទិភាពលើកិច្ចការសំខាន់ៗ បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់
សាធារណៈ ការបន្តជំរុញអនុវត្តគោលនយោបាយលើកកម្ពស់កំណើនការងារ សមធម៌ និងប្រសិទ្ធភាពសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ អនុវត្តកម្មវិធីកែទម្រង់នានា និងទទួលបានលទ្ធផលរួមមានកែទម្រង់កងកម្លាំងប្រដាប់អាវុធ កែទម្រង់វិមជ្ឈការ ប្រពន្ធយុត្តិធម៌ និងតុលាការ ការកែទម្រង់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ជលផល និងធនធានរ៉ែ បន្តពង្រឹងស្ថាប័នជាតិ និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព សមធម៌ និងយុត្តិធម៌សង្គម ។ លោកបានមានប្រសាសន៏ឲ្យដឹងទៀតថា៖ នៅពេលខាងមុខ យើងនិងមានការបោះឆ្នោត២០១៧-២០១៨ ក្នុងនាមជាសមាជិក និងយុវជនរបស់គណបក្សប្រជាជន យើងត្រូវខិតខំធ្វើការងារដើម្បីគណបក្សប្រជាជន ខិតខំដើម្បីឱ្យបានឆ្នោតមួយ
សន្លឹក ដើម្បីអាណត្តិ៥ឆ្នាំរបស់បក្សយើង តែដល់ពេលបោះឆ្នោតអត់មានឯកសារគ្រប់គ្រាន់ អញ្ចឹងវាឥតមានន័យអ្វីទាំងអស់ដែលថា ស្រឡាញ់បក្ស ស្រឡាញ់ប្រជាជននោះ ដូចនេះយើងត្រូវគិតខ្លួនឯងថា ត្រូវមានឯកសារអីខ្លះសម្រាប់ធ្វើការបោះឆ្នោត នៅកន្លែងបោះឆ្នោត ក្នុងនាមជាសមាជិករបស់គណបក្សម្នាក់ ។ លោកក៏បានផ្តាំផ្ញើទាក់ទងបញ្ហាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត មេឃុំត្រូវតែគិតគូររៀបចំឡើងវិញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខឱ្យបានទាន់ពេលវេលា។ ចំណុចសំខាន់មួយទៀតនៅក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនេះ ធ្វើយ៉ាងណាកុំឱ្យមានខុស ត្រូវផ្ទៀងផ្ទាត់ឈ្មោះ អាយុ ខែឆ្នាំកំណើត ឱ្យបានត្រឹមត្រូវ ជៀសវាងការចុះឈ្មោះខុស បើឈ្មោះខុសគេក៏មិនឱ្យបោះឆ្នោតនៅកន្លែងបោះឆ្នោតផងដែរ ។ក្រោយបញ្ចប់ពិធីសំណេះសំណាលរួច ថ្នាក់ដឹកនាំបានចែកអំណោយខ្លះជូនអ្នកដែលបានចូលរួមប្រមាណ៣០០នាក់ផងដែរ៕