កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលនៃការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រចាំឆមាសទី១ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តកំពង់ឆ្នាំងបានថ្លែងថា«ឯកឧត្តម នឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលទប់ស្កាត់មិនអោយមានការនាំចូល រណាយន្តអារឈើ មកលក់នៅក្នុងទីផ្សារកម្ពុជា ដើម្បីលុបបំបាត់បទល្មើសបំផ្លាញព្រៃឈើដែលកើតមានកន្លងមកដោយសារតែរណាយន្តអារឈើដោយដៃ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍បូកសរុប ត្រួតពិនិត្យលទ្ធផលនៃការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៥ ទាក់ទងនឹងបទល្មើសព្រៃឈើ បានលើកឡើងថា៖អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងស្រុកទឹកផុស បានរាយការណ៍ថា ការទប់ស្កាត់រណាយន្តអារឈើខុសច្បាប់កន្លងមក ជួបការលំបាកដោយសារតែប្រជាពលរដ្ឋ មានលទ្ធភាពទិញពីទីផ្សារដោយសេរី បញ្ហានេះអាជ្ញាធរ និងសមត្ថកិច្ចស្នើសុំប្រធានក្រុមការងារថ្នាក់ជាតិ ជួយមានវិធានការណ៍ទប់ស្កាត់ការលក់ដូរ និងប្រើប្រាស់ម៉ាស៊ីនអារឈើខុសច្បាប់អោយបានព្រមៗគ្នាគ្រប់ខេត្តក្រុង ទើបការបង្ក្រាបបទល្មើសព្រៃឈើមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា៖កន្លងមកគណៈបញ្ជារការឯកភាពខេត្ត បានចេញសេចក្តីសំរេចលេខ១១០ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អោយស្ម័គចិត្តប្រគល់ និងប្រមូលរណាយន្តខុសច្បាប់អោយសមត្ថកិច្ច ព្រោះថានៅពេលខាងមុខនេះរាជរដ្ឋាភិបាលនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។ក្រោយពីធ្វើការផ្សព្វផ្សាយ ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកផុសបាននាំគ្នាប្រមូល រណាយន្តអារឈើបានចំនួន១៤២គ្រឿង យកមកប្រគល់អោយអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងស្រុកទឹកផុស ហើយរណាយន្តទាំងអស់នោះត្រូវបានធ្វើការដុតបំផ្លាញចោលកាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបុណ្យរុក្ខទិវាជាតិ ដាំកូនឈើនៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស។
ទាក់ទងនឹងសំណូមពរនេះឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖ការប្រើប្រាស់រណាយន្តអារឈើខុសច្បាប់ វាមិនខុសពីការប្រើប្រាស់អាវុធខុសច្បាប់នោះឡើយ។បញ្ហានេះឯកឧត្តមគាំទ្រការស្នើសុំរបស់អាជ្ញាធរស្រុក និងខេត្ត ដោយឯកឧត្តមនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ទប់ស្កាត់មិនអោយមានការនាំចូលរណាយន្តអារឈើប្រើដោយដៃ មកលក់នៅក្នុងទីផ្សារកម្ពុជាដោយសេរីនោះឡើយ។ប៉ុន្តែរណាយន្តទាំងអស់នេះអាចប្រើប្រាស់បាន លុះត្រាតែមានការអនុញាតពីស្ថាប័នជំនាញ មិនខុសពីការប្រើប្រាស់អាវុធឡើយ ដូចនេះអ្នកសុំច្បាប់ប្រើប្រាស់រណាយន្តដោយស្របច្បាប់ ត្រូវស្នើសុំស្ថាប័នមានសមត្ថកិច្ចទិញយកពីបរទេស។
ឯកឧត្តមក៍បានកោតសសើរផងដែរក្នុងកិច្ចបង្ក្រាប និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋស្ម័គចិត្តប្រគល់រណាយន្តចំនួន១៤២គ្រឿង យកមកដុតបំផ្លាញរបស់អាជ្ញាធរស្រុក និងខេត្តកន្លងមក។បញ្ហានេះឯកឧត្តមស្នើសុំគ្រប់បណ្តាខេត្តក្រុងទាំងអស់ ត្រូវអនុវត្តអោយបានព្រមៗគ្នាដូចខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកលុបបំបាត់បទល្មើសកាប់បំផ្លាញព្រៃឈើនិងថែរក្សាការពារព្រៃឈើនៅប្រទេសយើង។ប៉ុន្តែកន្លងមកពេលចាប់អ្នកលក់រណាយន្តនៅកំពង់ថ្ម ខេត្តកំពង់ធំ សមត្ថកិច្ចក៍ទ្រម និងជួបការលំបាកដែរ ព្រោះចំកូនលោកផ្កាយ៣ម្នាក់។
ទាក់ទងនឹងការស្ម័គចិត្តប្រគល់រណាយន្តខាងលើនេះ ប្រជាពលរដ្ឋស្រុកទឹកផុសបានអោយដឹងថា៖បទល្មើសកាប់បំផ្លាញព្រៃឈើមិនបានថយចុះឡើយ ជារៀងរាល់ថ្ងៃគេនៅតែឃើញជនល្មើសកាប់កូនឈើមិនទាន់គ្រប់អាយុ គ្រប់ប្រភេទយកមកអង្កន់ជាអុសស្ទែរលក់អោយឈ្មួញរាប់រយគោយន្តនៅក្នុងឃុំក្រាំងស្គារ និងបានដឹកតាមរថយន្តយកទៅលក់នៅក្រុងភ្នំពេញយ៉ាងអនាធិបតេយ្យ ដែលគេយល់ថា បើគ្មានការបើកដៃពីមន្ត្រីនៃសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ទេនោះបទល្មើនេះក៍មិនអាចប្រព្រឹត្តល្មើសបានដែរ។ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំគណៈបញ្ជាការឯកភាពខេត្តមេត្តជួយមានវិធានការណ៍ទប់ស្កាត់ផង៕



































