ខេត្តក្រចេះ៖ អធិការរងនគរបាលស្រុកស្នួល លោកវរៈសេនីយ៍ត្រី កែវ វីណូ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយរថយន្ត CAMRY ពណ៍ត្រេអី ពាក់ស្លាកលេខខេមរៈភូមិន្ទ បុកអ្នកជិះម៉ូតូពេញទំហឹង ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ចំនុចគីឡូម៉ែត្រលេខ ១០៨ ស្ថិតនៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បណ្តាលអោយជនរងគ្រោះម្នាក់បានស្លាប់ក្នុងហេតុការនេះ ។ជនរងគ្រោះឈ្មោះ សោម ឯម ភេទស្រីអាយុ៣១ឆ្នាំបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក២នាក់ផ្សេងទៀត ឈ្មោះ សូរ ចំរើន ជាកូនប្រុសទើបតែអាយុ២ឆ្នាំ និងម្នាក់ទៀតត្រូវជាម្តាយឈ្មោះ មាស សុផាត អាយុ៥១ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជនរងគ្រោះទាំងបីនាក់ មានទីលំនៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ដោយឡែកអ្នកបើកបររថយន្ត
បង្ក ត្រូវបានដែលគេស្គាល់ថា ជាមន្ត្រីយោធា បានរត់គិចខ្លួន ដោយបន្សល់ទុករថយន្ត និងឯកសណ្ឋានយោធាពាក់ស័ក្តិ៤នោះ ឈ្មោះ ឆឹត ភារម្យ ដែលកន្លងទៅគេតែងតែឃើញមន្ត្រីយោធាម្នាក់នេះ នៅឈរជើងនៅចំនុចកាបី ក្នុងឃុំឃ្សឹម ស្រុកស្នួល ចាំរាប់ក្បាលឡានដឹកឈើយកលុយ ឬពេលខ្លះយោធាម្នាក់នេះ បានដឹកឈើខ្លួនឯងក៏មាន នេះបើតាមការឱ្យដឹងពីមន្ត្រីនគរបាលដែលឈរជើងនៅតំបន់នោះ ។លោកវរៈសេនីយ៍ត្រី កែវ វីណូ បានបញ្ចាក់ថា ក្រោយពីកើតហេតុបាន១ថ្ងៃ ខាងសាច់ញ្ញាត្តិ ជនអ្នកបើករថយន្តបង្ក ចូលមកដោះស្រាយជាមួយ ខាងជនរងគ្រោះនៅអធិការដ្ឋាននគរបាលស្រុកស្នួលនៅរសៀលថ្ងៃទី២១ខែកក្កដានេះ ៕