ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលមានមុខរបរជាគ្រូបង្រៀន បានសម្តែងការសោកស្តាយនឹង អស់ទំនប់ចិត្តយ៉ាងខ្លាំងចំពោះនគរបាលប៉ុស្តិ៍ ផ្សារដេប៉ូទី ៣ ដោយសារពេលស្ត្រីនោះដើរចូលទិញឥវ៉ាននៅក្នុងផ្សារសាមគ្គី ហើយត្រូវចោរវះកាបូបលួចយក សម្ភារនឹងលុយមួយចំនួន រួចគាត់មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍តែមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ឆ្លើយថាគ្មានពេលទេ កំពុងជាប់រវល់ខ្លាំង។
ព្រឹត្តការណ៍នេះបានភ្ញាក់ឡើងកាលពីវេលាម៉ោង ១១ នឹង ០០ នាទីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក ។ យោងតាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានដើរចូលទៅក្នុងផ្សារសាមគ្គីដើម្បីទិញសម្ភារយកមកប្រើប្រាស់ ហើយពេល កំពុងដើរនោះនាងបានស្ពាយកាបូបមួយពីក្រោយខ្នង ខណៈដើរចូលដល់ក្នុងផ្សារនាងមិនបានចាប់អារម្មណ៍ថា ក្នុងផ្សារមានចោរឡើយ ដោយដើរធម្មតាលុះ
បានប្រហែលជាង ១០នាទីក្រោយមក នាងក៏បានទាញកាបូប ដើម្បីដកលុយឲ្យថ្លៃទិញសម្ភារស្រាប់តែឃើញកាបូបស្ពាយ រយះបាត់លុយនឹងសម្ភារប្រើប្រាស់ ដូចជា អត្តសញ្ញាណប័ណ្ឌ កាតគ្រូបង្រៀន កាតគ្រីរថយន្ត បាត់អស់រលីង ទើបមានការភ្ញាក់ផ្អើលពេញក្នុងផ្សារតែម្តងទៅ។
ស្ត្រីរងគ្រោះបានបន្តថា ក្រោយកើតហេតុរូបគាត់បានប្រញាប់ប្រញាលចេញពីក្នុងផ្សារបើករថយន្តមក ឈប់មុខប៉ុស្តិ៍ ហើយរត់ត្រហេបត្រហតចូលទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី ៣ ដើម្បីសុំដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់ ប៉ុន្តែស្រី្តនោះហួសចិត្តយ៉ាងខ្លាំងពេលស្តាប់លឺសម្តីមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ៗនិយាយថាគ្មានពេល សរសេរពាក្យបណ្តឹងអ្វីទេ ព្រោះពេលនេះកំពុងជាប់រវល់ក្នុងការស្រាវជ្រាវនឹងសួរចម្លើយជនល្មើសពាក់ព័ន្ធនឹងករណីប្លន់ ដូច្នេះសូមឲ្យជនរងគ្រោះទៅផ្ទះសិនចុះ រង់ចាំម៉ោង ២ឬ៣រសៀលចាំមកម្តងទៀតក្រែងសមត្ថកិច្ចទំនេរ ។
បន្ទាប់ពីបានស្តាប់នៅសម្លេងគំហខ្លាំងរបស់មត្ថកិច្ចរួចមកនោះស្ត្រីរងគ្រោះបានដើរចេញពីក្នុងប៉ុស្តិ៍ទាំងទឹក មុខក្រៀមក្រំ នឹងរអ៊ូរទាំ រួមទាំងរិះគន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី ៣ យ៉ាងចាស់ដៃថែមទៀតផង ។ ទាក់ទិននឹងការមិនទទួលពាក្យបណ្តឹងនាពេលនេះ មហាជនជាច្រើនដែលបានដឹងព័ត៌មានថាសមត្ថកិច្ចមូលដ្ឋាន មិនទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះបែបនេះ ពួកគាត់ម្នាក់ៗ រិះគន់ថានេះជាទង្វើដែលសមត្ថកិច្ចមូលដ្ឋាន មិនគិតគូរពីសុវត្ថិភាពរបស់ ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាពិសេសនេះស្ត្រីរងគ្រោះក៏បានបញ្ជាក់ថា គាត់មកដាក់ពាក្យបណ្តឹងនេះគឺដើម្បីសុំឲ្យសមត្ថកិច្ចដឹងលឺគាត់បានបាត់អត្តសញ្ញាប័ណ្ឌសម្គាល់ខ្លួននៅថ្ងៃនេះ ព្រោះដោយសារគាត់ខ្លាចក្រែងថ្ងៃក្រោយជនសង្ស័យយកអត្តសញ្ញាប័ណ្ឌរបស់គាត់ទៅប្រើប្រាស់ខុសច្បាប់ តែប៉ុណ្តោះ ។ មិនមែនមកដាក់ពាក្យបណ្តឹងដើម្បីធ្វើយ៉ាងឲ្យសមត្ថកិច្ចត្រូវតែចាប់ខ្លួនជនសង្ស័យឲ្យបានយកមក ផ្តន្ទាទោសនោះទេ ។