ខេត្តកំពង់ឆ្នាំង៖ ជំនឿអរូបិយបែបព្រហ្មមាញ់សាសនា បានដក់នៅជាប់ជានិច្ចក្នុងដួងចិត្តបងប្រជាពលរដ្ឋខ្មែរយើងភាគច្រើន ដោយសារមានភាពរាំងស្ងួតមិនអាចធ្វើស្រែក្នុងរដូវវស្សាបាន ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លោក ជា ម៉ុង អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសាមគ្កីមានជ័យ រួមជាមួយព្រះសង្ឃ តាអាចារ្យ គណៈកម្មការវត្ត និងពុទ្ឋបរិស័ទ្ទជាច្រើននាក់ បានរៀបចំពិធី បួងសួងសុំទឹកភ្លៀង ដែលបានរៀបឡើងនៅលើកំពូល ភ្នំទស្សពិធ ស្ថិតក្នុងភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។អ្វីដែលប្រជាពលរដ្ឋនៅតែមានជំនឿនោះ គឺក្រោយពីធ្វើពីធីបួងសួងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ភ្លៀងមួយមេបានធ្លាក់មកយ៉ាងជោគជាំ នៅក្នុងស្រុកដែលកំពុងជួបគ្រោះរាំងស្ងួតនេះតែម្តង។
ពីធីបុណ្យបួងសួង ខាងលើនេះបានប្រព្រឹត្តទៅជាបន្តបន្ទាប់ ដោយមានព្រះសង្ឃ២១អង្គ គង់នៅតាមទីកំណត់ និងមានគញរប់លោកតាអាចារ្យ នៅតាមទិសទាំង៨ និងក្រោយពីពិធីចម្រើនព្រះបរិត រួចមក ព្រះសង្ឃ និងលោកតាអាចារ្យ ទាំង៨នាក់បានសូត្រធម៏ ជាច្រើមេ ទៅតាមប្រពៃណីនៃពិធីបួងសួងសុំទឹកភ្លៀង (គឺសូត្រឥតិបិសោ…ពុទ្ឋោភគវាតិ ចំនួន៥៦ចប់ ,ធម៏ សៈភោនតោ…១០៨ចប់ និង ចុងក្រោយ ជ័យយន្តោ ១២ចប់ ដើម្បីជាកិច្ចបញ្ចប់ពីធី )។
លោក ដួង ហុង អធិការនគរបាល ស្រុកសាមគ្គីមានជ័យអោយដឹងថា៖ក្រោយពីពិធីបួងសួងសុំទឹកភ្លៀងបានចប់តែជាង២ម៉ោងប៉ុណ្ណោះ មេឃបានចាប់ផ្តើមធ្លាក់ភ្លៀងដូចគេចាក់ទឹក ធ្វើអោយដីស្រែដែលធ្លាប់តែបែកក្រហែង ប្រែជាទឹមានកដក់ពេញស្រែ ដែលអាចអោយប្រជាកសិករ ធ្វើស្រែនិងបង្កបង្កើនផលដាំដុះដំណាំបាន ។ លោក ដួង ហុង បានបន្តថា៖អ្នកស្រុករស់នៅជើងភ្នំទស្សពិធ មានជំនឿលើបារមីភ្នំនេះខ្លាំងណាស់ រាល់ពេលមានធុរៈ ឬមានការឈឺថ្កាត់ អ្ននមានជំនឿ តែងតែនាំគ្នាមកបន់ស្រន់នៅលើភ្នំនេះជានិច្ច ដូចករណីជួបគ្រោះរាំងស្ងួតនេះជាដើម ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានអោយដឹងថា៖ មកដល់ពេលនេះការធ្វើស្រូវវស្សា ឆ្នាំ២០១៥នេះទើបបានតែជាង១៥.០០០ហិកតាប៉ុណ្ណោះ ហើយភាគច្រើនគឺជាស្រូវ ពង្រោះទៀត ដែលឆ្នាំចាស់ ក្នុងខែដូចគ្នានេះ ធ្វើបានជាង៥ម៉ឺនហិកតាឯណោះ។ លោកបាននិយាយទៀតថា៖ នៅរសៀល ១៩ ខែកក្កដា ភ្លៀងបានធ្លាក់តែនៅក្នុងស្រុកសាមគ្គីមានជ័យតែប៉ុណ្ណោះ ដោយឡែកស្រុកដែលនៅជាប់ៗ គ្នានេះ គឺមានស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ពុំមានភ្លៀងធ្លាក់នោះទេ៕