ខេត្តឧត្តរមានជ័យ៖បច្ចុប្បន្ននេះរថយន្តប្រភេទកូរ៉េពណ៌ត្រេអ៊ី (ប្រភេទទឹងហ្វឹង) របស់អង្គភាពកងពលតូចដឹកជញ្ជូនលេខ ៩៩ គេសង្កេតឃើញ ធ្វើសកម្មភាពដឹកជញ្ជូនឈើ នៅតាមដងផ្លូវ ជារៀងរាល់យប់ នៅបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ជាក់ស្តែងកាលពីវេលា១២ យប់នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ មានរថយន្តមួយគ្រឿងព៌ណ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ01, 3-4795 បិទស្លាកសញ្ញាអង្គភាព កងពលតូចដឹកជញ្ជូនលេខ៩៩ បានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកត្រពាំងប្រាសាទ ឆ្លងកាត់រួមស្រុកអន្លង់វែង ។ ដែលអ្នកបើកបរថយន្តស្លៀកពាក់ជាឯកសណ្ឋានយោធា បាននិយាយថា ពួកគេមិនអាចប្រាប់ឈ្មោះ មេអង្គភាពបានទេ ហើយសូម្បីតែឈ្មោះខ្លួនឯង ក៏ប្រាប់ដែរ។ តែគេបាននិយាយថា ពួកគេដឹកឈើទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ហើយចំពោះសកម្មភាពនេះតែងតែដឹកជាបន្តរបន្ទាប់ មិនមានមន្ត្រីជំនាញណាមួយពិនិត្យ ឬហាមឃាត់នោះឡើយ។សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើនៅតាមដងផ្លូវ ចាប់ពីស្រុកត្រពាំងប្រាសាទ រហូតដល់ស្រុកបន្ទាយអំពិល ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ បាននិយាយថា ជារៀងរាល់យប់រថយន្តកូរ៉េ ពណ៌ត្រេអ៊ី ប្រភេទទឹងហ្វឹង ដែលបិទស្លាក់សញ្ញាកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើសកម្មភាពដឹកជញ្ជូនឈើ មកស្រុកត្រពាំងប្រាសាទ ឆ្លងកាត់ស្រុកអន្លង់វែង និងក្រុងសំរោង ហើយបន្តដឹកចូលដេប៉ូឈើ នៅខេត្តបន្ទាយមានជ័យ។គេសង្កេតឃើញថា រថយន្តកូរ៉េពណ៌ត្រេអ៊ី ប្រភេទទឹងហ្វឹង ដែលប្រចាំការដឹកជញ្ជូន នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កំពុងយកទៅប្រើប្រាស់ធ្វើអាជីវកម្មដឹកឈើ នៅតាមភូមិសាស្ត្រស្រុកក្នុងខេត្ត គឺមានការបើកដៃពីសំណាក់មេបញ្ជាការប្រចាំនៅទិសខាងលើ។ហើយប្រជាពលរដ្ឋ តែងតែលើកឡើងថា សកម្មភាពរថយន្តយោធាដឹកឈើ បើថ្នាក់ដឹកនាំក្រសួងការពារជាតិ មិនមានវិធានការតឹងតែងនោះទេ រថយន្តកូរ៉េពណ៌ត្រេអ៊ី ប្រភេទ ទឹងហ្វឹង នឹងរងការខូចខាត ដោយសារមន្ត្រីថ្នាក់ក្រោម យកទៅធ្វើអាជីវកម្ម ដឹកជញ្ជូនឈើ៕