ភ្នំពេញ៖ ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារបុរស វ័យជាក្មេងម្នាក់ បើកបររថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាកនីសាន់ NAVARA ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលបុករះរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ចំនួន ២កង់ ហើយព្យាយាមបើកអូសរបាំងថ្មពីចំណុចកើតហេតុជាង ១០០ ម៉ែត្រ ។
លើសពីនេះបុរស ម្ចាស់រថយន្តបានរករឿងអ្នកសារព័ត៌មានពេលចុះផ្ដិតយករូបភាព និងជេរប្រមាថច្រានទ្រូងនាយប៉ុស្តិ៍ទួលស្វាយព្រៃទី២ ផ្ងារក្រោយថែមទៀត ដែលបង្កឲ្យមាន ការភ្ញាក់ឡើងកាលពីវេលាម៉ោង ២៣ នឹង ៤០ នាទីយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ ១៦៣ មុខវត្តមហាមន្ត្រី ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនពេលកើតហេតុ មានបុរសវ័យក្មេងម្នាក់ បើកបររថយន្តនីសាន់ NAVARA មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ 2R- 7000 ធ្វើ ដំណើរតាមបណ្តោយផ្លូវ លេខ ១៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះពេលបើកមកដល់ ចំណុចកែងផ្លូវព្រះសីហនុ រថយន្តខាងលើនេះបានបួងចង្កូតបត់ស្តាំដៃ ប៉ុន្តែបួងមិនផុតក៏ជ្រុលបុកធ្លាយរបាំងថ្ម ចែកទ្រូងផ្លូវបាក់បែកអស់ចំនួន២កង់ ។
ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងបែកកង់ខាងមុខ ផ្នែកខាងស្តាំម្ខាង រួមទាំងអូសរបាំងថ្មមួយកង់នៅក្រោមរថយន្តរហូតបានចម្ងាយជាង ១០០ ម៉ែត្រពីកន្លែង កើតហេតុ ទើបរថយន្តបង្ក មិនអាចបន្តដំណើរទៅមុខបានទៀត ។ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនគរបាលមូលដ្ឋានដែលដឹកនាំដោយលោក នាយប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី ២ ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ។
ប៉ុន្តែពេលនេះ អ្នកបើក បររថយន្តបង្កដែលស្ថិតក្នុងសភាពស្រវឹងស្រាផងនោះ បានស្រែកឡូឡា រួមទាំងជេរប្រមាថសមត្ថកិច្ចយ៉ាងចាស់ដៃ ថែមទាំងរករឿងអ្នកសារព័ត៌មានមិនអោយផ្ដិតយករូបភាពថែមទៀតផង។ លើសពីនេះអ្នកបើកបររថយន្តរូបនោះបានស្ទុះទៅច្រានទ្រូងនាយប៉ុស្តិ៍ទួលស្វាយព្រៃទី ២ បណ្តាលឲ្យដួល ផ្ងារក្រោយ សំណាងល្អទប់ខ្លួនទាន់កុំអីដួលបោកក្បាលនឹងថ្មបែកជាមិនខាន។ ចំពោះហេតុការណ៍នេះភាគី សមត្ថកិច្ចគិតថាម្ចាស់រថយន្តបង្កហេតុស្រវឹងស្រាដូច្នេះពួកគាត់បានត្រឹមទប់ចិត្តខ្លួនឯងមិនតប់តជាមួយជនប្រមឹកឡើយ។
សមត្ថកិច្ចបានបញ្ជក់ថាក្រោយកើតហេតុបុរសខាងលើត្រូវបានបក្ខពួកយករថយន្តស៊េរីទំនើបមួយគ្រឿង មករំដោះយកទៅបាត់ស្រមោលភ្លាមៗ ។ ចំណែករថយន្តនីសាន់NAVARA បង្កហេតុនោះត្រូវបាននគរបាលជំនាញ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌចំការមនចុះវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរជើង គោករាជធានីភ្នំពេញរង់ចាំផ្តន្ទាទោសតាមផ្លូវច្បាប់ ៕