ខេត្តសៀមរាប៖ ក្រុមប្រជាពលរដ្ឋ ចំនួន៨១គ្រួសារដែលរស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប បាននាំគ្នាបុកបារ៉ាស់យោធា សម្រុកចូលទៅកាន់កាប់ និងសាងសង់លំនៅដ្ឋាននៅក្នុងមូលដ្ឋានទីតាំងរក្សាគ្រឿងសព្វាវុធរបស់អង្គភាពយោធភូមិភាគទី៤ ដែលទីតាំងកងទ័ពស្តុករក្សាទុកសព្វាវុធនោះ ស្ថិតនៅជើងភ្នំ(ភ្នំក្រោម) ជិតមូលដ្ឋាននៃប្រជាពលរដ្ឋទាំងនោះរស់នៅតែម្តង ។
តាមប្រភពពីក្រុមពលរដ្ឋនៅជើងភ្នំក្រោមបានប្រាប់អ្នកយកព័ត៍មានយើងថា ការដែលពួកខ្ញុំនាំគ្នាសំរុកចូលមកចង់រស់នៅទីនេះ ដោយសារខាងអាជ្ញាធរបានសន្យាកាលពីប៉ុន្មានឆ្នាំមុនមកថា រកដីនៅកន្លែងផ្សេងដើម្បីឲ្យពួកខ្ញុំបានរស់នៅគ្រាន់បានប្រកបមុខរបររកស៊ីចិញ្ចឹកកូនឲ្យបានចូលរៀននឹងគេផង។ប្រភពបានបន្តថា ដោយសារពួកខ្ញុំមើលឃើញដីនោះវានៅទំនេរផង ដូច្នេះទើបពួកខ្ញុំក៏នាំគ្នាសំរុកចូលទៅរស់នៅទីនោះបណ្ណោះអសន្នសិន រង់ចាំឲ្យខាងអាជ្ញាធររកដីឲ្យបានទើបពួកខ្ញុំលែងមករវីរវល់នៅតំបន់ដីរបស់យោធានេះតែទៅទៀត។
អំពីព្រឹត្តិដីហេតុខាងលើនេះ គឺមាននៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងសៀមរាប លេខ ១៤៧ សជណ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ផ្ញើជូនទៅប្រជាពលរដ្ឋដែលបានប្រព្រឹត្តិទង្វើរខាងលើ ពិសេសនោះគឺជំរាបជូនទៅតំណាងប្រជាពលរដ្ឋទាំងនោះផងដែរ ។ រដ្ឋបាលក្រុងសៀមរាប បានចេញសេចក្តីជូនដំណឹងនេះ ដោយយោងតាមលិខិតផ្ញើជូនរបស់យោធភូមិភាគទី៤ លេខ ១៩៥/ ២០១៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ។ នៅក្នុងលិខិតរបស់រដ្ឋបាលក្រុងសៀមរាប បានចាត់ទុកថា សកម្មភាពនោះគឺជាទង្វើខុសច្បាប់ ព្រោះទីតាំងឃ្លាំងសព្វាវុធរបស់កងទ័ព ចាំបាច់ត្រូវរក្សាការពារយ៉ាងតឹងរ៉ឹងបំផុត និងមានសារៈសំខាន់ ក្នុងបុព្វហេតុការពារមាតុភូមិ ការពារសន្តិសុខជាតិ ។ លិខិតរបស់រដ្ឋបាលក្រុង បានសំណូមពរ សូមឲ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទម និងលំនៅដ្ឋាន ដែលបានសាងសង់ក្នុងតំបន់ការពាររបស់កងទ័ពនោះ ដោយកំណត់រយៈពេល ត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះជាកំហិត។
តាមប្រភពពីកម្លាំងកងទ័ពនៅទីនោះបានរៀបរាប់ប្រាប់ថា ហេតុការណ៍នេះបានចាប់ផ្តើមធ្វើសកម្មភាពដំបូងនៅថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ រហូតដល់ ថ្ងៃទី១៣ ខែកក្កដា មានចំនួនប្រជាជនដែលដឹកសម្ភារៈមកសាងសង់ខ្ទមនិងលំនៅដ្ឋាននៅក្នុងតំបន់ការពារនោះ គឺមានចំនួនកាន់តែច្រើនឡើងៗ ហើយគេឃើញមានវត្តមាន លោកជំទាវ កែ សុវណ្ណរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះ និង លោក សុខ គឹមសេង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ផងដែរ ។ ថ្ងៃទី២០ ខែកក្កដា សកម្មភាពនេះនៅតែបន្ត ហើយគេឃើញមានវត្តមាន លោក សុខ គឹមសេង ដដែល បន្ថែមទាំងវត្តមាន លោក ស៊ុំ សារ៉ាត់ សមាជិកក្រុមប្រឹក្សា ក្រុងសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ទៀតផង ។ មន្ត្រីយោធារូបនោះ ពុំបានអត្ថាធិប្បាយបញ្ជាក់ អំពីវត្តមានរបស់តំណាងរាស្ត្រ និង សមាជិកក្រុមប្រឹក្សាក្រុង,ខេត្ត ទាំង៣រូប របស់គណបក្សសង្គ្រោះជាតិ ថា មានវត្តមានក្នុងហេតុការណ៍នោះ មានគោលបំណងយ៉ាងណានោះទេ ។
ចំណែក លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប បានបញ្ជាក់ប្រាប់កោះសន្តិភាពឲ្យដឹងតាមទូរសព្ទ័នារសៀលថ្ងៃទី២១ ខែកក្កដានេះថា ៖ លិខិតជូនដំណឹងរបស់រដ្ឋបាលក្រុង ពុំមានអំណាចចាត់វិធានការនោះឡើយ គឺស្ថិតនៅក្នុងន័យសម្របសម្រួល ការពារសុវត្ថិភាពជូនប្រជាជន ព្រោះទីតាំងនោះជាមូលដ្ឋានកងទ័ពរក្សាទុកគ្រឿងសម្ភារសឹក ។ ជាមួយនឹងករណីនេះ អាជ្ញាធរក្រុងមិនព្រងើយកន្តើយនោះទេ បើសិនជាប្រជាជនយើងមានការខ្វះខាតទីតាំងភូមិស្ថានរស់នៅ អាជ្ញាធរក្រុងនឹងមានផែនការដាក់ជូនទៅអភិបាលខេត្តដើម្បីដោះស្រាយដីសម្បទានសង្គមកិច្ច ជូនពួកគាត់ ។ ក៏ប៉ុន្តែ បើសិនជាស្ថិតក្នុងរូបភាពណាផ្សេង ដែលមិនអាចនិយាយគ្នាបាន នោះគឺមានតែសាម៉ីអង្គភាពរងគ្រោះ ដាក់ពាក្យបណ្តឹងទៅតុលាការ ដែលជាស្ថាប័នឯករាជ្យ ស្វែងរកយុត្តិធម៌ឲ្យតែប៉ុណ្ណោះ ៕
ដោយ ឧត្តម