ខេត្តសៀមរាប៖ បុរសវ័យកណ្តាលម្នាក់ តូចចិត្តនឹងជម្ងឺប្រចាំកាយ ក៏សម្រេចចិត្តឡើងទៅលើផ្ទះបងស្រី ចងករនឹងផ្នឹមជាមួយខ្សែលីឡុងពណ៌បៃតង ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ខណៈពេលដែលក្រុមគ្រួសារមកពីធ្វើស្រែក៏ប្រទះសព ប្អូន ក៏រាយការទៅឱ្យមេភូមិដើម្បីជួយឱ្យដល់សមត្ថកិច្ចជំនាញធ្វើអន្តរាគមន៍ផង។
ហេតុការដែលក្រុមគ្រួសារបានប្រទះឃើញសពប្អូនចងករសម្លាប់ខ្លួននោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកកើតឡើងកាលពីវេលាម៉ោង១០នាទី២០ ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៥ ស្ថិតនៅចំណុចលើផ្ទះបងស្រីរបស់ខ្លួន ក្នុងក្រុមទី៣ ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។
តាមប្រភពពីបងស្រីបានប្រាប់ថា ប្អូនប្រុសរបស់គាត់មានឈ្មោះ សូ ចក់ ភេទប្រុសអាយុ៣៦ឆ្នាំមានមុខរបរកម្មករសំណង់ រស់នៅភូមិ សង្កាត់ខាងលើ។ប្រភពពីបងស្រីបន្តថា ព្រោះប្អូនប្រុសរបស់ខ្ញុំវាបានលេបថ្នាំ(ជម្ងឺសរសៃប្រាសាទជាយូរឆ្នាំមកហើយ) មុនកើតហេតុប្អូនខ្ញុំបានប៉ុនប៉ងសម្លាប់ខ្លួនម្តងជាពីដងមកហើយតែមិនបានសម្រេចដោយមានក្រុមគ្រួសារឃើញបានជួយទាន់ ទើបឆ្លៀតឱកាសដោយគ្មានអ្នកណានៅផ្ទះផងនោះវាក៏សម្រេចចិត្តបានដូចបំណងរបស់វាតែម្តងទៅ។
តាមប្រភពពីសមត្ថកិច្ចនគរបាល បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ខែកក្កដានេះថា ដោយមានមេភូមិភ្ញាជ័យបានរាយការមកថា មានករណីចងករធ្វើអត្តឃាត សម្លាប់ខ្លួនឯងនៅលើផ្ទះបងស្រី ពេលនោះកម្លាំងជំនាញក៏បានចុះទៅដល់កន្លែងហេតុ រួចធ្វើកោសល្យវិច្ច័ទៅលើដងខ្លួនរបស់សពជនរងគ្រោះតែម្តង តែករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាចងករធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន មិនមែនជារឿងគំនុំឬឃាតកម្មគ្រោងទុកនោះទេ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ខេង ឧត្តម