ខេត្តសៀមរាប៖ បុគ្គលិកសណ្ឋាគារ សោមាទេវី-អង្គរ រីសត និង ស្បា ចំនួន៤៥នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ខណៈពេលដែលអត្រាប្រើប្រាស់ឈាមនៅក្នុងមន្ទីរពេទ្យកុមារអង្គរនៅពេលនេះ មានកំណើនខ្ពស់ជាពិសេសគឺត្រូវបានប្រើប្រាស់ទៅលើផ្នែកវះកាត់ ក្នុងនេះរួមមានការវះកាត់បះដូងផងដែរ និងជួយសង្គ្រោះបន្ទាន់ ចំពោះកុមារមានជម្ងឺធ្ងន់ៗ ដែលចាំបាច់មានតម្រូវឈាមនោះ ។លោក ហ៊ុយ សេរី ប្រធានផ្នែកធនធានមនុស្សរបស់សណ្ឋាគារ សោមាទេវី-អង្គរ រីសត និងស្បា បានឲ្យដឹងថា ៖ នេះគឺជាលើកទី១ហើយ ដែលបុគ្គលិកសណ្ឋាគារមួយនេះ បានស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងគោលបំណងរួមចំណែកក្នុងន័យមនុស្សធម៌ ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដោយលោកនាយកសណ្ឋាគារ ។ លោកបានបញ្ជាក់បន្ថែមថា ៖ មុននឹងបានមកដល់ថ្ងៃនេះ អ្នកបរិច្ចាគឈាមនៅទីនេះ បានឆ្លងកាត់បទបង្ហាញរបស់គ្រូពេទ្យ ស្តីអំពីគុណប្រយោជន៍នៃការបរិច្ចាគឈាម និងហេតុផលមួយចំនួនដែលអ្នកជំនាញបានលើកឡើងពន្យល់ នោះគឺការបរិច្ចាគឈាមមិនបណ្តាលឲ្យមានការប៉ះពាល់ដល់សុខភាពឡើយ ហើយការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបាន ( ឈាមមួយប្លោកអាចជួយសង្គ្រោះជិវិតមនុស្សម្នាក់ ) ។ ឆ្លងកាត់តាមវគ្គបរិច្ចាគឈាមលើកដំបូងនេះ លោក ជ័យ ស៊ីថា នាយកចាត់ការទូទៅសណ្ឋាគារមួយនេះ បានស្ទាបស្ទង់ថា ៖ បុគ្គលិកសណ្ឋាគារ សោមាទេវី-អង្គរ រីសត និងស្បា នឹងបន្តឲ្យមានចលនាមនុស្សធម៌ តាមរយៈនៃការបរិច្ចាគឈាមនេះ នៅលើកក្រោយៗ ទៀត ។សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរគឺជាមន្ទីរពេទ្យមនុស្សធម៌មួយដែលពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារ ដោយឥតគិតថ្លៃ រួមបន្ថែមដោយមានការអនុវត្ត កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សទៀតផង ។ មន្ទីរពេទ្យកុមាអង្គរបច្ចុប្បន្ននេះ ទទួលកុមារពិគ្រោះ ពិនិត្យ ព្យាបាលជំងឺជាមធ្យម៥០០នាក់ក្នុងមួយថ្ងៃ ហើយរហូតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរ បានបំពេញបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះសុខភាព និង ជីវវិតកុមារកម្ពុជាឲ្យចាកចេញពីជម្ងឺធ្ងន់ស្រាលបានប្រមាណជា១លាន៣សែននាក់ ហើយការប្រព្រឹត្តិទៅនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប គឺពឹងផ្អែកទៅលើការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងនោះរួមមានទាំងការចូលរួមបរិច្ចាគឈាម ផងដែរ ៕