ខេត្តបន្ទាយមានជ័យ៖កាំភ្លើងអាកាស្វ័យបត់មួយដើមត្រូវបានសិស្សនៅសាលាបឋម សិក្សាអូរអំបិលក្នុងសង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យប្រទះឃើញដាក់នៅក្នុងស្រោមលើបង្អួចអគារសាលាសិស្សក៏បានរាយការណ៍ទៅលោកគ្រូអ្នកគ្រូនិងលោកនាយករួចហើយផ្ដល់ព័ត៌មានទៅឲ្យនគរបាលប៉ុស្ដិ៍ នគរបាលក្រុងចុះមកពិនិត្យមើលនិងយកកាំភ្លើងមួយដើមនេះទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវបន្ដទៀត ។សិស្សប្រទះឃើញកាំភ្លើងនេះនៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥ដែលជនមិនស្គាល់មុខយកមកដាក់នៅលើស្លាបព្រិលបង្អួចសាលាខាងលើពេលដែលកូនសិស្សសាលាបឋមសិក្សាអូរអំបិលបានឡើងបេះផ្លែកន្ទួតឃើញ។លុះនៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៥លោកឧត្ដមសេនីយ៍ត្រី អាត់ខែមស្នងការនគបាលខេត្តរួមជាមួយស្នងការរងលោកសិទ្ធិឡោះ អធិការក្រុងសិរិសោភ័ណលោកស៊ីវ សុជាតិបានដឹកនាំមន្ដ្រីនគរបាលមួយចំនួនចុះទៅសាលាបឋមសិក្សាអូរអំបិលទៅពិនិត្យមើលកន្លែងកើតហេតុដែលជនមិនស្គាល់មុខយកកាំភ្លើងទៅទុកចោលនៅទីនោះ ។លោកអាត់ខែមបានផ្ដល់ប្រាក់រង្វាន់ចំនួន៥ម៉ឺនរៀល កាបូបស្ពាយនិងសៀវភៅ៣៥ក្បាលជូនដល់សិស្សសាលា ដែលបានឃើញកាំភ្លើងអាកានេះរួចរាយការណ៍ទៅលោកគ្រូ អ្នកគ្រូ ដែលពួកគេមិនបាន ទៅប៉ះពាល់ ដែលអាចនាំឱ្យគ្រោះថ្នាក់។លោកអាត់ ខែមបានមានប្រសាសន៍ប្រាប់ទៅក្មួយៗ ជាសិស្សសាលា និងលោកគ្រូអ្នកគ្រូទាំងអស់ មិនត្រូវប៉ះពាល់ រាល់អាវុធយុទ្ធភ័ណ្ឌ ដែលប្រទះឃើញនៅ តាមទីសាធារណៈ ពោលត្រូវផ្ដល់ព័ត៌មាន ទៅនគរបាលមូលដ្ឋាន ដើម្បីចុះមកពិនិត្យ មើលនិងមានវិធាន ការតាមជំនាញ ចៀស វាងគ្រោះថ្នាក់ដោយប្រការណាមួយ ។លោកអាត់ខែម ក៏សូមអំពាវនាវឱ្យអ្នកទាំងអស់គ្នាចូលរួមអនុវត្ដគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនបញ្ហាសន្ដិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ហើយជាពិសេសត្រូវពង្រឹង កិច្ចសហការកាន់តែប្រសើរឡើង រវាងសមត្ថ កិច្ចនិងប្រជាពលរដ្ឋ ។ក្រៅពីការផ្ដល់ប្រាក់រង្វាន់សៀវភៅ និង កាបូបស្ពាយ ជូនសិស្សដែលប្រទះឃើញកាំភ្លើងអាកានោះលោកស្នងការក៏បានឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូ ១ម៉ឺនទៅ២ម៉ឺនរៀលនិងសិស្សប្រមាណ១០០នាក់ផ្សេងទៀត ទទួលបានថវិកា ៥០០០រៀលនិងភេសជ្ជៈផងដែរ ។សម្រាប់កាំភ្លើងអាកាស្វ័យបត់មួយដើមនេះត្រូវបានលោកអះអាងថា និងធ្វើការ ស្រាវជ្រាវតាមជំនាញរបស់ខ្លួនបន្ដទៀត៕