ខេត្តកំពង់ឆ្នាំង៖នៅក្នុងសប្តាហ៍នេះភាពរាំងស្ងួតក្នុងរដូវធ្វើស្រែវស្សា បានធ្វើអោយប្រជាកសិករមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ជាក់ស្តែងមន្ទីរធនធានទឹកខេត្ត និងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បាននិងកំពុងសហការគ្នាដាក់ម៉ាស៊ីនបូមទឹក សង្គ្រោះស្រូវចំនួន៣៣០ហិកតា លើដីស្រែចំនួនជាង២ម៉ឺនហិកតាដែលប្រជាកសិករបានធ្វើហើយកំពុងខ្វះទឹក៨០% នៅក្នុងខេត្តកំពង់ឆ្នាំង។លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងនៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥នេះថា៖នៅក្នុងរដូវវស្សាគិតមកដល់ថ្ងៃនេះ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងធ្វើស្រែបានចំនួន២២.២២៩ហិកតា លើផ្ទៃដីសរុប ១២១.៨០០ហិកតា គឺយឺតយ៉ាវជាឆ្នាំមុនដោយសារតែអត់ទឹក។ដោយឡែកនៅក្នុងសប្តាហ៍នេះ មន្ទីរកសិកម្មខេត្ត សហការជាមួយមន្ទីរធនធានទឹកខេត្ត កំពុងនាំគ្នាចុះដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវនៅតាមបណ្តារឃុំ ស្រុក ដែលមានប្រភពទឹកចំនួន៣៣០ហិកតា លើដីស្រែចំនួន ៨១៦ហិកតាដែររងផលប៉ះពាល់ខ្លាំង ដែលក្នុងនោះជួយសង្គ្រោះនៅក្នុងឃុំតាំងក្រសាំង ១៣០ហិកតាបូមទឹកពីទំនប់តាំងក្រសាំង ឃុំជ្រៃបាក់ ១៥០ហិកតាបូមទឹកពីទំនប់ស្ទឹងជ្រៃបាក់ និងឃុំទួលខ្ពស់ចំនួន ៥០ហិតា។ ដោយឡែកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះ មន្ទីរកសិកម្មខេត្ត និងបញ្ជូ នត្រាក់ទ័រចំនួន៣គ្រឿង ទៅជួយភ្ជួររាស់ប្រជាកសិករនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ក្នុងពេលអ្នកយកព័ត៌មានយើងចុះទៅថតការបូមទឹកពីទំនប់ទឹកតាំងក្រសាំង ជួយសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋ អ្នកស្រុកក្នុងភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំងបាននិយាយអោយដឹងថា៖ម៉ាស៊ីនបូមទឹករបស់មន្ទីរធនធានទឹកខេត្ត បានបូមទឹកចេញពីទំនប់តាំងក្រសាំងនេះរយៈពេល២ថ្ងៃហើយ ដែលទឹកនៅក្នុងទំនប់ជិតរីងអស់ទៅហើយគឺបូមទឹកចេញបានតែកន្លះទុយោមុខ៣តឹកតែប៉ុណ្ណោះ បើទឹកនៅក្នងទំនប់រីងអស់គឺគ្មាន ប្រភពទឹកឯណាបូមដាក់ស្រែទៀតឡើយ។ ដោយឡែកបុរសឈ្មោះ ស៊ុន ដៀង អាយុ៣៥ឆ្នាំ ជាប្រជាកសិករនៅក្នុងភូមិត្បែរខ្ពស់ បាននិយាយអោយដឹងថា៖គាត់មានស្រែ៣អំពក រៀងរាល់ឆ្នាំគាត់ធ្វើស្រែបានផលស្រូវជាង៣០ការ៉ុង ប៉ុន្តែឆ្នាំនេះសំណាបនិងសន្ទូងរបស់គាត់ ក៏ដូចជារបស់អ្នកភូមិ បានក្រៀមស្វិតស្ទើរតែងាប់អស់ទៅហើយ មិនដឹងថា
ការបូមទឹកជួយសង្គ្រោះរបស់មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត អាចជួយសង្គ្រោះបានប៉ុន្មានហិកតានោះទេបើប្រភពទឹកទំនប់តាំងក្រសាំងជិតរីងស្ងួតអស់ទៅហើយនោះ ការធ្វើស្រែប្រវាស់ទឹកភ្លៀងពិតជាលំបាកខ្លាំងណាស់៕