ក្រុមហ៊ុន Toyota បានប្រមួលរថយន្តជាង ១០០គ្រឿងក្នុងប្រទេសកម្ពុជា ជាផ្នែកមួយនៃការប្រមូល ៦,៤លានគ្រឿងនៅទូទាំងពិភពលោក ដោយសារតែរថយន្តទាំងនោះមានបញ្ហាផ្នែកបច្ចេកទេស។ នេះបើយោងតាមការចេញផ្សារបស់កាសែត ខេមបូឌា ដេលី នៅថ្ងៃទី២២ខែមេសា
ឆ្នាំ ២០១៤ ជាភាសាអង់គ្លេស។
កាសែតដដែលបានបន្តទៀតដោយបានដកស្រង់នូវសំដីរបស់លោក លី ប៊ុនហៃ អគ្គនាយករបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសកម្ពុជា ថា ចាប់តាំងពីក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃទី០៩ខែមេសាថា រថយន្តរាប់លានគ្រឿងរបស់ខ្លួននឹងត្រូវប្រមូក ដើម្បីពិនិត្យទៅលើបញ្ហា ដែលបណ្ដាលមកពីពោងខ្យល់ ចង្កូត និងកៅអីមក សាខាក្នុងស្រុកប្រមូលបានជាង ១០០គ្រឿងហើយ។
រថយន្តទំបើបដែលត្រូវប្រមូលនោះគឺមានរថយន្ត Toyota Hilux ចាប់តាំងពីឆ្នាំ ២០០៦ ។ នេះបើយោងតាមការឲ្យដឹងពីអ្នកចាត់ការម្នាក់នៅក្នុងការិយាល័យសេវាកម្ម និងអតិថិជនក្រុមហ៊ុន Toyota បានឲ្យដឹង។
ប៉ុន្តែ តួលេខច្បាស់ថាតើមានរថយន្តមិនប្រក្រតីចំនួនប៉ុន្មានគ្រឿង មិនត្រូវបានដឹងឡើង ព្រោះតែថា ទីផ្សារងងឹតនៅក្នុងស្រុកខ្មែរមានច្រើន ដោយពួកគេបាននាំចូលរថយន្តតាមច្រកមិនផ្លូវការ។
លោក ប៊ុនហៃ បានបន្តទៀតថា វាលំបាកណាស់ក្នុងការតានដានរថយន្តនៅក្នុងប្រទេសកម្ពុជា ព្រោះថាស្លាកលេខផ្លូវការនៅលើរថយន្តថ្មី និងប្រើរួច មិនច្បាស់។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុន Toyota បានកាន់កាប់ទីផ្សារថយន្តកម្ពុជាចំនួន ៧០ភាគរយ ប៉ុន្តែមានតែ ១០ភាគរយប៉ុណ្ណោះដែលត្រូវបានទិញពីអ្នកចែកចាយបន្ត៕