វិបត្តិនយោបាយថាំមិនទាន់អាចរកច្រកចេញឃើញនៅឡើងហើយនៅថ្ងៃទី២២មេសាបណ្ដាគណបក្សនយោបាយថៃត្រូវជួបប្រជុំ គ្នាដើម្បីនិយាយពីការបោះឆ្នោតថ្មី ក្រោយបាតុកម្មជាច្រើនខែ ជួនកាលប្រកបដោយការបង្ហូរឈាមទាមទារឱ្យនាយករដ្ឋមន្ដ្រីចាំផ្ទះ លោកស្រីយីងឡាក់
ស៊ីណាវ៉ាត្រា ចាកចេញពីតំណែង ។ ចាប់តាំងពីការរំលាយសភា កាលពីខែធ្នូ ឆ្នាំ២០១៣មក រដ្ឋាភិបាលលោកស្រីយីងឡាក់ គ្រាន់តែអាចបំពេញកិច្ចការប្រចាំថ្ងៃ ។ ចំណែកការបោះឆ្នោតសភាថ្ងៃទី២ កុម្ភៈ ត្រុវតុលាការលុបចោលសុពលភាពដោយលើកហេតុផលពីការរាំងខ្ទប់របស់ពួក បាតុករដែលចោទប្រកាន់លោកស្រីយីងឡាក់ ថាជាអាយ៉ងរបស់បងប្រុសលោកស្រីគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
វិបត្ដិបច្ចុប្បន្ននៅថៃ ដែលមានការវាយប្រហារដោយគ្រាប់បែកដៃ និងការបាញ់ប្រហារនានាបណ្ដាលឱ្យមនុស្សស្លាប់២៥នាក់ ចាប់តាំងពីរដូវស្លឹកឈើជ្រុះកន្លងមក ។ គណៈកម្មាធិការបោះឆ្នោតបានកោះធ្វើនាថ្ងៃទី២២ មេសា នូវកិច្ចប្រជុំមួយដើម្បីនិយាយពីកាលបរិច្ឆេទថ្មីមួយនៃការបោះឆ្នោត ។ គណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងសំខាន់ហើយធ្វើពហិការចំពោះ ការបោះឆ្នោតមុននេះក៏ត្រូវចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។ ប៉ុន្ដែមុនកិច្ចប្រជុំ គណបក្សភឿថៃ ដែលកាន់អំណាចបានបរិហារចំពោះការរួមគំនិតគ្នាមួយដើម្បីប្រឆាំងនឹងការ បោះឆ្នោតថ្មី ។ ក្នុងសេចក្ដីប្រកាសមួយ គណបក្សនោះនិយាយថា ក្រុមមនុស្សនិងគណបក្សនយោបាយមួយចំនួនពុំចង់បានលទ្ធិប្រជា ធិបតេយ្យឡើយ រួចប៉ុនប៉ងបង្កើតភាពប្រឡោះប្រហោងខាងនយោបាយដើម្បីលើកបន្ដុបមេដឹកនាំ ពួកគេដោយពុំចាំបាច់មានការបោះឆ្នោត។
យោងតាមគណបក្សនេះថា រដ្ឋធម្មនុញ្ញទាមទារឱ្យមានការបោះឆ្នោតថ្មី រយៈពេលពី៤៥ទៅ៦០ថ្ងៃ ក្រោយការលុបចោលសុពលភាពការបោះឆ្នោតមុន ដោយតុលាការធម្មនុញ្ញកាលពីថ្ងៃទី២៧ មីនា ។ លោកស្រីយីងឡាក់ ដែលទទួលបានជ័យជម្នះធំធេងក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១១ នោះអាចត្រូវដកចេញពីតំណែងក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះតាម នីតិវិធី២ ។ ម្យ៉ាងលោកស្រីទទួលការចោទប្រកាន់ពីតុលាការធម្មនុញ្ញថា ផ្ទេរតំណែងមន្ដ្រីជាន់ខ្ពស់ម្នាក់ដោយពុំសមស្រប ហើយម្យ៉ាងទៀត លោកស្រីត្រូវគណៈកម្មាធិការប្រឆាំងអំពើពុករលួយចោទពីបទធ្វេសប្រហែស ក្នុងក្របខណ្ឌ នៃកម្មវិធីជួយដល់កសិករដ៏ចម្រូងចម្រាស់មួយ ។
ទោះបីជាយ៉ាងណា ពួកអ្នកគាំទ្រលោកស្រីយល់ថា ទាំងនោះជាការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមបែបតុលាការមួយ ខណៈដែលតុលាការថៃធ្លាប់ទម្លាក់រដ្ឋាភិបាលស្និទ្ធលោក ថាក់ស៊ីន ចំនួន២ហើយកាលពីឆ្នាំ២០០៨ ។ ពួកអាវក្រហមដែលគាំទ្ររដ្ឋាភិបាលបានគំរាមលើកគ្នាធ្វើបាតុកម្ម ដើម្បីការពារលោកស្រីយីងឡាក់ ។ លើកនេះ មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក អាប់ភីស៊ីត វេចាជីវ៉ា ឱ្យដឹងថា ការសម្របសម្រួលមួយអាចគ្រោងធ្វើដោយហៅកិច្ចប្រជុំលើកនេះថា ជាឱកាសសំខាន់បំផុតដើម្បីផាត់ទុកផលប្រយោជន៍គណបក្សមួយឡែកសិន ហើយងាកមកគិតដល់ផលប្រយោជន៍ប្រទេសវិញ ៕