ខេត្តសៀមរាប៖ ស្រី្តខ្មែរ២នាក់ មានទីកំណើតនៅ ខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិននៅខេត្តក្វាងចូវ ប្រទេសចិន ត្រូវបានបញ្ជូនត្រឡប់មកដល់ប្រទេសកម្ពុជាហើយ តាមជើងយន្តហោះ K6 659 ដោយចេញពីទីក្រុងក្វាងចូវ នៅវេលាម៉ោង ១៣ និង ៣០នាទី ម៉ោងនៅប្រទេសចិន និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅវេលាម៉ោង ១៤ ម៉ ៥០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តសៀមរាប ទៅទទួលយកចេញពីក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប រួចនាំស្ត្រីទាំង២នាក់ជាជនរងគ្រោះមកកាន់ការិយាល័យ ដើម្បីសាកសួរ ។ នេះបើតាមការឲ្យដឹងតាមរយៈលិខិតរបស់អគ្គកុងស៊ុលកម្ពុជា ផ្ញើជូន មករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ។
ការមកដល់ប្រទេសកំណើតវិញ របស់ស្រី្តខ្មែររងគ្រោះទាំង២នាក់ នេះ ត្រូវបាន លោក វរសេនីយត្រី ឆាយ ហាក់ឡុង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តសៀមរាប ទៅទទួលយក និងនាំសាម៉ីជនរងគ្រោះមកកាន់ការិយាល័យ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប អនុវត្តតាមនីតិវិធី ដើម្បីប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះមកទទួលយក ទៅជួបជុំក្រុមគ្រួសារវិញ ។
បើតាមការរៀបរាប់របស់ស្ត្រីរងគ្រោះឈ្មោះ វង្ស ស្រីតូច អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រនៅភ្នំពេញ មានស្រុកកំណើតនៅខេត្តព្រៃវែងបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ៖ ខ្លួនបានចាកចេញពីស្រុកកំណើតតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រទេសកម្ពុជានៅព្រឹក ថ្ងៃទី១៨ខែមេសា ឆ្នាំ២០១២ទៅដល់គោលដៅនៃប្រទេសចិននៅយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០១២។ ស្រី្តរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា ៖ ដំបូងបានស្គាល់ស្ត្រីចំណាស់ម្នាក់ឈ្មោះអ៊ីរ៉ាដែលរស់នៅស្រុកកំណើតជិតគ្នា ហើយបានប្រាប់ថា ប្អូនមានចំណាប់អារម្មណ៍ចង់រៀបការទៅនៅស្រុកចិនដែរឬទេ?ព្រោះគេមានលុយ ពេលនោះនាងខ្ញុំក៍បានប្រាប់ឲ្យទៅជួបម្តាយនាងខ្ញុំ។បន្ទាប់មកស្ត្រីជាមេខ្យល់នោះក៏ឲ្យនាងខ្ញុំទៅដើរលេងជាមួយមិត្តខ្ញុំម្នាក់និងមានជនជាតិចិនរួមដំណើរក្នុងការដើរលេងជាមួយមេខ្យល់នោះផងដែរ ហើយមេខ្យល់នោះឲ្យនាងខ្ញុំថតរូបម្នាក់ឯងនៅកោះពេជ្រ ប្រាប់ថាយករូបថតឲ្យបុរសជាជនជាតិចិនមើល។ស្ត្រីរងគ្រោះបានបន្តទៀតថា ក្រោយពីថតរូបនិងប្រាប់ម្តាយ រួចក៏យល់ព្រម ជាមួយមេខ្យល់ឈ្មោះអ៊ីរ៉ានោះ ហើយគាត់ក៏ឡើងមកភ្នំពេញជាមួយនាងខ្ញុំឲ្យទៅធ្វើឯសារដូចជាប៉ាស្ព័រ,សំបុត្រយន្តហោះនិងចំណាយផ្សេងៗគាត់ជាអ្នកចេញទាំងអស់ ហើយគាត់ឲ្យនាងខ្ញុំចំនួន៣០០ដុល្លាដើម្បីយកទៅឲ្យម្តាយនាងខ្ញុំនៅឯស្រុក។ស្ត្រីរងគ្រោះបន្ថែមថា ពេលទៅដល់បុរសជាជនជាតិចិនក៏មក
ទទួលនាងខ្ញុំពីចំណតយន្តហោះឡើងឡានទៅអូតែលជាមួយគាត់តែម្តង។ស្រី្តរងគ្រោះបាននិយាយបន្តទៀតថា ៖ ពេលចេញពីអូតែលគាត់នាំនាងខ្ញុំទៅផ្ទះរបស់គាត់នៅខេត្តក្វាងចូវ ក៏រស់នៅជាមួយគ្នារហូតបានកូនប្រុសមួយអាយុជាង២ឆ្នាំ ហើយប្តីរបស់នាងខ្ញុំឈ្មោះចាង យីង អាយុ៤២ឆ្នាំ បានចុះអ៊ីតាស៊ីវិលជាមួយនាងខ្ញុំតាមពាក្យរបស់មេខ្យល់(ព្រោះក្រុមគ្រួសារខាងប្តីបានធ្វើបាបនាងខ្ញុំមិនឲ្យហូបចុកគ្រប់គ្រាន់និងធ្វើបាបផ្លូវចិត្តនាងខ្ញុំថែមទៀត។ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា ទីបំផុតក៏ដាច់ចិត្តលួចរត់ចេញពីផ្ទះទាំងព្រឹកនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៥ជិះឡានតាមរថយន្តក្រុងអស់រយៈពេលពេល១យប់ទើបដល់អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ នៃប្រទេសចិន ដោយខ្លួនឯង ហើយសម្រាកនៅទីនោះបាន១ខែ២ថ្ងៃ។ដោយមានការជួយជ្រោមជ្រែងអន្តរាគមន៍ពីសំណាក់អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវ ជាចុងបញ្ចប់ ក៏ត្រូវបានមកដល់ប្រទេសកម្ពុជាវិញ នារសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៥នេះ។ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ ស្រុន ម៉ុម អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រមានស្រុកកំណើតភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែងបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ៖ ខ្លួនបានចាកចេញពីស្រុកកំណើតតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០១១ទៅដល់គោលដៅនៃប្រទេសចិននៅយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១១។ស្រី្តរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា ៖ ដំបូងបានស្គាល់ស្ត្រីចំណាស់ម្នាក់ជាមេខ្យល់ឈ្មោះ សុ មៀនដែលរស់នៅស្រុកកំណើតជិតគ្នាបានប្រាប់ថា ឯងមានចំណាប់អារម្មណ៍ចង់រៀបការទៅនៅស្រុកចិនដែរឬទេ?ពេលនោះនាងខ្ញុំក៍ចុះមកផ្ទះប្រាប់ម្តាយនាងខ្ញុំថាមានគរឲ្យរៀបការទៅចិន ពេលនោះម្តាយនាងខ្ញុំក៏យល់ព្រម។បន្ទាប់មកនាងខ្ញុំក៏ឡើងមកភ្នំពេញជួបជាមួយមេខ្យល់នោះឲ្យទៅថតរូបនៅផ្ទះសំណាក់ក្បែរវត្តភ្នំដើម្បីទុកឲ្យបុរសជនជាតិចិនមើល រួចនាងខ្ញុំក៏ជិះម៉ូតូឌុបទៅកន្លែងធ្វើការវិញ។ ស្ត្រីរងគ្រោះបានបន្តទៀតថា ក្រោយពីថតរូបនិងប្រាប់ម្តាយ រួចក៏យល់ព្រម ជាមួយមេខ្យល់ឈ្មោះសុមៀននោះ ហើយគាត់នាំឲ្យទៅធ្វើឯសារដូចជាប៉ាស្ព័រ,សំបុត្រយន្តហោះនិងចំណាយផ្សេងៗទាំងអស់គាត់ជាអ្នកចេញ ហើយគាត់ឲ្យនាងខ្ញុំចំនួន៥០០ដុល្លាដើម្បីយកទៅឲ្យម្តាយនាងខ្ញុំនៅឯស្រុក។ស្ត្រីរងគ្រោះបន្ថែមថា ពេលចុះពីយន្តហោះមាន២នាក់ប្តីប្រពន្ធជាមេខ្យល់ជាជនជាតិចិនក៏មកទទួលនាងខ្ញុំពីចំណតយន្តហោះជិះឡានជាមួយគាត់ទៅជួបបុរសជាប្តីនោះឲ្យស្គាល់នៅកន្លែងធ្វើការ ហើយ២នាក់ប្តីប្រពន្ធនាំមករស់នៅផ្ទះរបស់គាត់បានជា៣ខែ បន្ទាប់មកទើបធ្វើសំបុត្រអាពាពិពាហ៍ឲ្យនាងខ្ញុំជាមួយប្តីសព្វថ្ងៃ។ស្រី្តរងគ្រោះបាននិយាយបន្តទៀតថា ៖ មេខ្យល់បាននាំនាងខ្ញុំទៅផ្ទះរបស់ប្តីលី ស៊ួយ ជីង នីង ខេត្តក្វាងចូវ នៃប្រទេសចិន ក៏រស់នៅជាមួយគ្នាបានជាង៤ឆ្នាំរហូតបានកូនស្រីមួយអាយុជាង២ឆ្នាំ ហើយប្តីរបស់នាងខ្ញុំឈ្មោះថាំង យ៉ុងពីង អាយុ៣៥ឆ្នាំមានមុខរបរធ្វើនំប៉ាវលក់ ប៉ុន្តែ ក្រុមគ្រួសារខាងប្តីបានធ្វើបាបនាងខ្ញុំមិនឲ្យហូបចុកគ្រប់គ្រាន់និងធ្វើបាបផ្លូវចិត្ត,យកប៉ាស្ទ័រលាក់ទុកព្រមទាំងឪពុក,បងថ្លៃនាងខ្ញុំមកធ្វើបាបថែមទៀត។ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា ទីបំផុតក៏ដាច់ចិត្តលួចរត់ចេញពីផ្ទះទាំងព្រឹកនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៥ជិះឡានតាមរថយន្តក្រុងអស់រយៈពេលពេល១យប់ទើបដល់អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ នៃប្រទេសចិន ដោយខ្លួនឯង ហើយសម្រាកនៅទីនោះបាន១ខែ២ថ្ងៃ។ដោយមានការជួយជ្រោមជ្រែងអន្តរាគមន៍ពីសំណាក់អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវ ជាចុងបញ្ចប់ ក៏ត្រូវបានមកដល់ប្រទេសកម្ពុជាវិញ នារសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៥នេះ។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបានបញ្ជូនស្រី្តរងគ្រោះទាំង២នាក់ ទំនាក់ទំនងតាមទូរស័ព្ទទៅមន្ទីរសង្គមកិច្ចការងារខេត្ត ដើម្បីផ្ញើ តែទូរស័ព្ទរបស់លោកនៅរសៀលថ្ងៃទី២៨ខែកក្កដានេះក្រៅតំបន់សេវា ទើបសមត្ថកិច្ចនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តក៏បានទំនាក់ទំនងតាមទូរស័ព្ទនៅរសៀលថ្ងៃដដែរដើម្បីយកទៅផ្ញើរនៅអង្គការអាស់ហ្វីស៊ីប(AFESIP)១យប់។ទើបឲ្យទៅជួបជាមួយក្រុមគ្រួសារស្ត្រីរងគ្រោះទាំង២នាក់ វិញនៅថ្ងៃទី២៩ខែកក្កដានោះ៕ ដោយ ឧត្តម