ខេត្តសៀមរាប៖ ពលរដ្ឋប្រមាណជិត១០០នាក់ បានលើកគ្នាធ្វើការតវ៉ា ប្រឆាំងមិនឲ្យក្រុមហ៊ុនឈ្មោះប្រាក់ តិ ដឹកដី ធ្វើឱ្យខូចផ្លូវលំមួយខ្សែនេះដែលប្រជាពលរដ្ឋកំពុងធ្វើដំណើររាល់ថ្ងៃ បណ្តាលឱ្យមានដីហុយនិងខូចថែមទៀតផង។ហេតុការក្រុមពលរដ្ឋនាំគ្នាមកតវ៉ាបិទផ្លូវនោះធ្វើឡើងកាលពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៥ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រភពពីក្រុមពលរដ្ឋបានលើកឡើងថា ពួកគាត់មិនមែនចង់បិទផ្លូវសាធារណៈ មិនឲ្យពលរដ្ឋជិតឆ្ងាយធ្វើចរាចរណ៏នោះទេ ការធ្វើនេះគឺប្រឆាំងមិនឱ្យក្រុមហ៊ុន ឈ្មោះប្រាក់ តិ បើកឡានដឹកដីបំផ្លាញផ្លួវតទៅទៀត។ ប្រភពបានបន្តថា ជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុនខាងលើ រកស៊ីបំផ្លាញផ្លូវរបស់ពលរដ្ឋ តែមិនដែលឃើញមានសមត្ថកិច្ចជំនាញណាម្នាក់ចេញមុខមកធ្វើការហាមឃាត់ឬហៅទៅនែនាំឡើយ។ ប្រភពបន្ថែមថា ផ្លូវលំមួយខ្សែនេះ ជាផ្លូវមូលនិធិឃុំ ដែលពលរដ្ឋ បានរៃអង្គាសគ្នាចូលរួមស្ថាបនាកសាងផ្លូវកាលពីកន្លងមក។
ប្រភពបានបញ្ជាក់ថា ក្នុងពេលពួកគាត់ធ្វើការបិទផ្លូវនោះ ត្រូវបានខាងក្រុមហ៊ុន ប្តឹងទៅមេឃុំ ចោទថា ពួកគាត់បិទផ្លូវសាធារណៈ ហើយខាងឃុំក៏បានកោះហៅពួកគាត់ឱ្យចូលខ្លួនមកបំភ្លឺជុំវិញករណីខាងលើនោះ។ លុះពេលពួកគាត់មកកាន់សាលាឃុំ បែជាខាងក្រុមហ៊ុន មិនព្រមចូលខ្លួនមកដោះស្រាយជាមួយពួកគាត់សោះ ហើយក្រុមហ៊ុននោះនៅតែបន្តការដឹកបំផ្លាញផ្លូវដដែរ ទើបពួកគាត់សម្រចលើកគ្នាមកតវ៉ាបិទផ្លូវមិនឱ្យបើកបរដឹកដីតទៅទៀត។
ប្រភពបានបញ្ជាក់ទៀតថា ពេលដែលពួកគាត់ធ្វើនេះក៏ឃើញមានវត្តមានខាងអាជ្ញាធរស្រុក មកប្រាប់ឱ្យពួកគាត់ ត្រឡប់ទៅផ្ទះវិញសិន ចាំធ្វើការដោះស្រាយសម្របសម្រួលគ្នាជាក្រោយ ដោយមានការសម្របសម្រួលពីអាជ្ញាធរ ទើបពួកគាត់សម្រចចិត្តត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ ប៉ុន្តែប្រសិនបើ ក្នុងរយៈពេលខ្លីខាងមុខនេះ អាជ្ញាធរ មិនព្រមមានដំណោះស្រាយជូនពួកគាត់នោះទេ គឺពួកគាត់នឹងនាំគ្នាទៅបិទផ្លូវសាជាថ្មីម្តងទៀតជាលើកទី២ ប្រឆាំងនិងក្រុមហ៊ុននោះ។
ជុំវិញករណីបិទផ្លូវខាងលើសារព័ត៍មានយើងមិនអាចសុំការពន្យល់ពីលោកមេឃុំបានទេនៅព្រឹកថ្ងៃទី២៩ខែកក្កដានេះ ដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
ចំណែកលោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង បានឲ្យដឹងតាមទូរសព្ទ័នៅព្រឹកថ្ងៃទី២៩ខែកក្កដានេះ ថា ក្រុមពលរដ្ឋពិតជាបានលើកគ្នាទៅបិទផ្លូវប្រឆាំងនឹងការដឹកដីរបស់ក្រុមហ៊ុនប្រាក់ តិ នេះមែន ប៉ុន្តែពួកគាត់បានត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយ នៅរសៀលថ្ងៃទី២៧ខែកក្កដានោះ បន្ទាប់ពីអាជ្ញាធរបានមកពន្យល់ដល់ពួកគាត់។ លោកបន្តថា ផ្លូវលំមួយខ្សែខាងលើនេះជាមូលនិធិរបស់ឃុំ ដោយមានការសហការពីប្រជាពលរដ្ឋ ហើយទើបពួកគាត់មិនសុខចិត្តចំពោះការដឹកដីហុយ និងធ្វើឱ្យខូចផ្លូវ ដោយពួកគាត់ទាមទារបញ្ឍប់ការដឹកដីរបស់ក្រុមហ៊ុនខាងលើជាបន្ទាន់។លោកបញ្ជាក់ថា ការហៅពលរដ្ឋនិងក្រុមហ៊ុនខាងលើ មកដោះស្រាយគ្នា គឺនៅមិនទាន់កំណត់ថ្ងៃបានច្បាស់លាស់នៅឡើយទេ ដោយសាតែលោកអភិបាលស្រុកជាប់រវល់ប្រជុំ ។
ជុំវិញករណីខាងលើលោក ប្រាក់ តិ បានប្រាប់ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ខែកក្កដានេះថា លោកនឹងបានដាក់ពាក្យប្តឹងទៅមេឃុំរួចរាល់ហើយ ព្រោះដីនេះលោកបានទិញពីប្រជាពលរដ្ឋតាមរយៈលោកមេភូមិឈ្មោះ ឈឹម ឡៃ និងលោក មេប៉ុស្តិឃុំត្រពាំងធំឈ្មោះ គាំង ក្នុងអំឡុងឆ្នាំ២០១០ក្នុង១ហិចតាតម្លៃ(១៣០០០ដុល្លា) ដល់ឆ្នាំ២០១២គេលួចដាក់ស្ករសក្នុងកាតេប្រេងម៉ាស៊ីនគ្រឿងចក្ររបស់គាត់។លោកបន្តថា មកដល់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៥លោកបានទិញដីថែមកន្លះហិចតាទៀតក្នុងតម្លៃ១ម៉ែត្រការ៉េ ១,៥កាក់តាមរយៈលោកមេភូមិឈឹមឡៃ ទៀត ហើយលោកបានកក់ឱ្យចំនួន២០០០ដុល្លា រហូតមកដល់ថ្ងៃទី២២ខែកក្កដា ត្រូវបានលោកមេភូមិបានប្រាប់គាត់ថា មានពលរដ្ឋមកបិទផ្លូវដោយមានមេប៉ុស្តិឈ្មោះគាំងជាអ្នកនៅពីក្រោយខ្នងផង មិនជាធំដុំទេ តែដល់ថ្ងៃទី២៧ខែកក្កដា ទើបឃើញមានក្រុមពលរដ្ឋបាននាំគ្នាមកយ៉ាងច្រើនកុះករ មកធ្វើការបិទផ្លូវមិនឱ្យឡានដឹកដីរបស់គាត់ចេញចូលបាន។ លោកបានបញ្ជាក់ទៀតថា ការធ្វើអាជីវកម្មរបស់គាត់នោះគឺមានច្បាប់ត្រឹមត្រូវចេញពីមន្ទីររ៉ែនិងថាមពលខេត្ត មិនមែនខ្ញុំចេះតែមកទិញដីជីកយកទៅលក់ដោយគ្មានច្បាប់ទម្លាប់នោះទេ។ ចំណែកលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានមានប្រសាសន៍ប្រាប់ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ខែកក្កដានេះថា ចំពោះឡានដឹកដីរបស់ឈ្មោះ ប្រាក់ តិ នោះមិនទាន់ឃើញមានឯកសារមកដល់កន្លែងលោកទេ ចាំលោកសួរទៅកូនចៅរបស់លោកសិន ព្រមទាំងឱ្យខាងជំនាញចុះទៅពិនិត្យដល់គោលដៅនិងដើម្បីរាយការមកលោកវិញសិន ព្រោះម៉ោងនេះលោកកំពុងជាប់រវល់ប្រជុំនៅសាលាខេត្ត មិនទាន់អាចឆ្លើយតបភ្លាមៗបានទេ។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅមានពលរដ្ឋនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងបានដាក់ពាក្យប្តឹងលោក ប្រាក់ តិ មកសាលាឃុំ ម្តងរួចមកហើយ ក៏ធ្វើការសម្របសម្រួលចប់ទៅ រឿងដឹកដីធ្វើឱ្យខូចផ្លូវនិងហុយដីថែមទៀត ប៉ុន្តែនេះជាលើកទី២ហើយ ដែលមានក្រុមពលរដ្ឋនៅឃុំត្រពាំងធំម្តងវិញមកធ្វើការតវ៉ាបិទផ្លូវ ប្រឆាំងជាមួយក្រុមហ៊ុន ប្រាក់ តិ ។ មជ្ឈដ្ឋាននានា គេនៅរងចាំមើលថាតើ? ចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ តើអាចដោះស្រាយយ៉ាងណាអំពីការដឹកដីរបស់ក្រុមហ៊ុនមួយនេះ តើត្រូវបិទអាជីវកម្មឬធ្វើការនែនាំទៅលើម្ចាស់អាជីវកម្មខាងលើនោះ៕ដោយ ខេង ឧត្តម