ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៥នេះ លោក ឃឹម ប៊ុនសុង បានអនុញ្ញាតឲ្យម្ចាស់គ្រប់គ្រង សណ្ឋាគារ សូហ្វីតែល ចូលជួបសម្តែងការគួសម និង ថ្លែងអំណរគុណ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត និង ប្រធានក្រុមប្រឹ ក្សាខេត្ត ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ ដែលបានជួយធ្វើអន្តរាគមន៍ ក្នុងការពន្លត់អគ្គីភ័យ ឆាបឆេះឃ្លាំងស្តុបសម្ភារៈ របស់សណ្ឋាគារសូហ្វីតែល កាលពីវេលាម៉ោង ១០ និង ៣០នាទី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ កន្លងមកនេះ ។
ក្នុងនោះដែរតំណាងម្ចាស់សណ្ឋាគារសូហ្វីតែល បានធ្វើការថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្តដែលជាទំនុកចិត្តដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋក៏ដូចបណ្តាក្រុមហ៊ុនសណ្ឋាគារក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់នៅពេលដែលប្រជាពលរដ្ឋក៏ដូចសណ្ឋាគារជួបនូវគ្រោះអាសន្នផ្សេងៗ តែងតែមានវត្តមានរបស់ លោកទាំងពីរ ក្នុងការដោះស្រាយនូវគ្រប់វិធានការ ក្នុងការជួយសង្គ្រោះដល់អ្នករងគ្រោះ ។ លោកបានបន្តទៀតថាកាយវិការបស់លោកក៏ដូចក្រុមសមត្ថកិច្ចទាំងអស់បានធ្វើឲ្យក្រុមហ៊ុន មានជំនឿទុកចិត្តនៅក្នុងតំបន់ ដែលមាន ឯកឧត្តមគ្រប់គ្រង បានធ្វើឲ្យទ្រទ្រង់នូវសភាពការណ៍នាឱកាសនោះបានល្អ ហើយបានធ្វើឲ្យម្ចាស់ និង បុគ្គលិកសណ្ឋា គារសូហ្វីតែល មិនអាចបំភ្លេចបាននូវគុណដ៏ធំធេងនេះផងដែរ ។
លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍ គ្រប់ជាតិសាសន៍ មកពីគ្រប់តំបន់លើពិភពលោក ។ ដោយកត្តានេះហើយ ដែលចាំបាច់បំផុតនោះ អាជ្ញាធរខេត្ត ទាំង កម្លាំសមត្ថកិច្ចទាំងបីប្រភេទ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ សំខាន់ការងារសន្តិសុខទេសចរណ៍ ។ ក្នុងនាមអាជ្ញាធរខេត្ត ក៏បានធ្វើការកោតសរសើរ ដល់អ្នកវិនិយោគលើវិស័យទេសចរណ៍ ក្នុងការបម្រើសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប បានចូលរួមកាត់បន្ថយនូវ ភាពក្រីក្រជូនប្រជាពលរដ្ឋ និង បង្កើននូវការងារជូនដល់យុវជន ប្រជាពលរដ្ឋកម្ពុជា តាមរយៈសណ្ឋាគារ ដែលបានធ្វើ ឲ្យជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។លោកឃឹមប៊ុនសុងក៏បានឲ្យដឹងថា តាមរយៈរបាយការណ៍ទេសចរណ៍៦ខែឆ្នាំ២០១៥នេះបានឲ្យដឹងថាជាមួយនឹងកំណើនភ្ញៀវ និង វឌ្ឍនភាពរបស់វិស័យទេសចរណ៍ជាតិ បច្ចុប្បន្ននេះ ក្រុងសៀមរាប មានសណ្ឋាគារសរុប ១៨៦កន្លែង ស្មើនឹង ១២ពាន់០៥៣ បន្ទប់ ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន១៤សណ្ឋាគារ ! លំដាប់ផ្កាយ៤ ចំនួន ២៥សណ្ឋាគារ ១ ! ផ្កាយ៣ ចំនួន ០៦សណ្ឋាគារ ! ផ្កាយ២ ចំនួន១សណ្ឋាគារ និងសណ្ឋាគារបៃតង មានចំនួន ១៨សណ្ឋាគារ ។ លើសពីនេះនៅមាន អាផាតម៉ិន ០៩កន្លែង មានចំនួន ២២៣ យូនីត ( Unit ) ស្មើនឹង ៣៩៩បន្ទប់ និងមានផ្ទះសំណាក់ចំនួន ១៧៥កន្លែង ស្មើនឹង ៤,១៨៥បន្ទប់ ទាំងនេះក៏ជាការវិនិយោគ ទាំងក្នុង និង ក្រៅស្រុក ដែលមកប្រកបអាជីវកម្មនៅខេត្តសៀមរាប ៕