សៀមរាប ៖ ក្នុងកិច្ចចុះប្រតិបត្តិការណ៍ត្រួតពិនិត្យការងាររដ្ឋបាលទៅលើទីតាំងប្រកបអាជីវកម្មមួយចំនួនក្នុងក្រុងសៀមរាបកាលពីយប់ថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៥កន្លងទៅ ក្រោមការបញ្ជាដឹកនាំកម្លាំងផ្ទាល់ពីសំណាក់លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍និង លោក វរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ បានអោយដឹងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ ។ ជាក់ស្តែងកម្លាំងការិយាល័យអន្តោប្រវេសន៍ព្រមទាំងមានការចូលរួមសហការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញដែលមានការពាក់ព័ន្ធចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែងតែបានចុះធ្វើការត្រួតពិនិត្យការងាររដ្ឋបាលចំពោះជនបរទេសដែលរស់នៅក្នុងក្រុងសៀមរាបនិងមកប្រកបរបផ្សេងៗ ផងដែរ ។ ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញក្នុងការិយាល័យរបស់លោកបានចុះទៅដល់ទីតាំងប្រកបអាជីវកម្មទាំងខារ៉ាអូខេ និងកន្លែងម៉ាស្សាកោសខ្យស់ជប់ខ្យល់មួយចំនួនក្នុងក្រុងសៀមរាបហើយនោះសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនស្ត្រីម៉ាស្សាកោសខ្យស់ជប់ខ្យល់ចំនួន៣នាក់ជាជនជាតិវៀតណាមយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំ ។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថាបន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានធ្វើការសួរនាំត្រួតពិនិត្យរកមើលឯកសារពីជនបរទេសដែលមានសញ្ជាតជាជនជាតិវៀតណាមភេទស្រីទាំង៣នាក់នេះហើយនោះ មិនមាន ឯកសារសម្គាល់ខ្លួនអ្វីទាំងអស់ទើបនៅថ្ងៃទី២៨ខែកក្តដា នេះសមត្ថកិច្ចបានបញ្ជូនខ្លួននារីជាជនជាតិវៀតណាមទាំង៣នាក់ដែលបំរើសេវាកម្មកន្លែងម៉ាស្សាកោសខ្យស់ជប់ខ្យល់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយចោទប្រកាន់ពីបទស្នាក់នៅខុសច្បាប់៕