កំពង់ឆ្នាំង៖ នៅចុងខែកក្កដា ឆ្នាំ២០១៥នេះ ជម្ងឺគ្រុនឈាមបានកើតឡើងលើកុមារ និងយុវជននៅតាមតំបន់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដែលធ្វើអោយប្រជាពលរដ្ឋនៅក្នុងភូមិឃុំឆ្ងាយៗ មានការព្រួយបារម្មណ៍ជាខ្លាំង ចំណោះកូនចៅរបស់ខ្លួន។ លោក ប៊ុន អេងគ្រុយ អនុប្រធានកម្មវិធីគ្រុនចាញ់ និងគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖បើគិតរយៈពេលដូចគ្នានៅចុងខែកក្កដានេះ កុមារនិងយុវជនកើតជំងឺគ្រុនឈាមទាំងសំរាកនៅមន្ទីរពេទ្យខេត្ត និងរាជធានីភ្នំពេញនៅឆ្នាំ២០១៤ មានតែចំនួន២៤ករណីប៉ុណ្ណោះ តែឆ្នាំ២០១៥នេះមានចំនួន១៣០ករណី ហើយករណីនេះបានកើតឡើងរាយប៉ាយគ្រប់ស្រុក ហើយជំងឺនេះបានកើតឡើងច្រើនជាងគេគឺស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ មាននៅគ្រប់ឃុំតែពុំទាន់មានករណីស្លាប់នោះទេ។
លោក ប៊ុន អេងគ្រុយ បានបន្តថា៖ទិសដៅរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ត្រូវចុះអន្តរាគ មន៍នៅគ្រប់ភូមិដែលមានជំងឺគ្រុនឈាមកើតឡើង ដោយជំរុញការចែកថ្នាំបាណកឃាដ ទៅតាមភូមិឃុំសង្កាត់ក្រុងស្រុកដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងតំបន់មានកើតករណីគ្រុនឈាមច្រើនជាងគេ។បន្តអង្កេតតាមដាន និងស្រាវជ្រាវផ្ទាល់ក្នុងសហគមន៍ ដើម្បីស្វែងយល់ពីដំណើរវិវត្តន៍នៃជំងឺគ្រុនឈាមនេះនិងចុះអប់រំផ្សព្វផ្សាយអំពិវិធានការណ៍ការពារជំងឺគ្រុនឈាម និងចែកខិតប័ណ្ណសារអប់រំដល់ប្រជាពល រដ្ឋនិងតាមទីប្រជុំជននានាទូទាំងខេត្ត។
លោក ប៊ុន អេងគ្រុយ បានបន្តទៀតថា៖ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់អំពីជម្ងឺគ្រុនឈាមនេះ ហើយបានអោយមន្ទីរសុខាភិបាល រាជធានី ខេត្តទូទាំងប្រទេស ត្រូវរាយការណ៍អោយបានទាន់ពេលវេលា បើសិនកើតមានផ្ទុះជម្ងឺគ្រុនឈាមច្រើននោះ។
ដោយស្ថានភាពបច្ចុប្បន្នកំពុងមានជំងឺគ្រុនឈាមកើតឡើងនៅគ្រប់ស្រុក ថ្នាក់នាំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋទាំអស់ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះជម្ងឺគ្រុនឈាមដ៏កាចសាហាវនេះ។ ព្រោះពេលនេះជារដូវវស្សាធ្លាក់ភ្លៀងច្រើន ការកើតមូសខ្លាក៏មានច្រើន ត្រូវនាំគ្នាលប់បំបាត់ទឹកដក់និងកាប់ឆ្ការព្រៃក្បែរៗផ្ទះអោយអស់ ដែលជាប្រភពមូសខ្លាជ្រកនៅពងកូន។ សូមអោយកូនចៅដេកក្នុងមុងទោះយប់ឬថ្ងៃក៏ដោយ ហើយបើមានកូនចៅក្តៅខ្លួនដែលសង្ស័យថាមានកូនមានជំងឺគ្រុនឈាមត្រូវយកកូនចៅ ទៅមណ្ឌលសុខភាព និងពេទ្យរដ្ឋដែលនៅជិតបំ ផុតតាមមូលដ្ឋាន ដើម្បីគ្រូពេទ្យជួយសង្គ្រោះព្យាបាល៕