កំពង់ធំ៖ រងើកភ្លើងស្នេហាត្រីកោណ បានកើតឡើងក្នុងគ្រួសារកសិករ មួយបណ្តាលឲ្យបុរស ជាប្តីដាច់ចិត្តលើកដៃ ប្រហារជីវិតប្រពន្ឋ ដោយគ្មានញញើតដៃ ដោយសារតែភ្លើងប្រចាន់ ភ្លេចអស់អតីតកាល ដែលធ្លាប់តែផ្អែមល្ហែម គ្រាកំសត់ គ្រាល្វីងជូរចត់កន្លងមក ត្រូវបានបញ្ចប់ ដោយសារតែកំហឹងនៃទឹកប្តូរនិស័យ។
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទ័ណ្ឌ
និងយុត្តិធម៌ បានឲ្យដឹងថា!ជុំវិញករណីអំពើហឹង្សាក្នុងគ្រួសារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦.១០នាទីព្រឹក ថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិស្រែរំចង់ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
យោងតាមប្រភព ពត៌មានពីប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរ កន្លែងកើតហេតុបានឲ្យដឹងថា គ្រួសារជនរងគ្រោះបានចាប់ដៃគូរ ជាប្តីប្រពន្ឋរស់នៅជាមួយគ្នា រហូតបានកូនប្រុស ស្រី២នាក់ ជាចំណងដៃស្នេហា កូនស្រីទី១ មានអាយុ ៨ឆ្នាំ កូនទីកូន មានអាយុ៦ឆ្នាំ គ្រួសារ អភ័ពនេះ រស់នៅពុំសូវមានសេចក្តីសុខក្នុងគ្រួសារនោះទេ ដោយសារតែបុរសជាប្តីឈ្មោះ វង គៀង អាយុ៤៤ឆ្នាំ ជាមនុស្សញៀនស្រា ក្រោយពីស្រាចូលពោះ បុរសដែលជាប់ឈ្មោះ ជាឃាតករ សម្លាប់ប្រពន្ឋ ឈ្មោះ អ៊ុង ឡន អាយុ៣៨ឆ្នាំ តែងតែរករឧង វាយតប និងចោទថា ស្រីរងគ្រោះ ជាប្រពន្ឋលួចមាន ប្រុសថ្មី ទើបកើតក្តីក្តៅក្រហាយ ឈ្លោះគ្មានទីបញ្ចប់ ។
នៅថ្ងៃកើតហេតុ ជម្លោះស្នេហាត្រីកោណ ដោយការចោទប្រកាន់ ទៅលើស្ត្រីជាប្រពន្ឋដោយការជេរ បញ្ចោរគ្នាទៅវិញទៅមកយ៉ាងខ្លាំង ធ្វើឲ្យបុរសជាប្តី ស្ទុះទាញបានកាំបិតកកុកដងវែងកាប់ទៅលើប្រពន្ធឈ្មោះ អ៊ុង ឡន ចំនួន៤កាំបិត ចំកញ្ចឹងករ១កាំបិត ក្បាល១កាំបិត និងដៃស្តាំ២កាំបិត បណ្តាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែង ហើយជនសង្ស័យពុំបានរត់ គេចខ្លួននោះទេ ទើបសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន នគរបាលស្រុកសណ្តាន់ ហើយបានបញ្ជូនមកកាន់ ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៣០ ខែ កក្តដា ឆ្នាំ ២០១៥ ស្អែកនេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ ប៊ុន រដ្ឋា