ខេត្តកំពង់ឆ្នាំង៖ នៅក្នុងរបាយការណ៍បូកសារុបរបស់លោក ងិន ហុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានអោយដឹងថា៖ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ធ្វើស្រែបានចំនួន ២២.២៩៩ហិកតា ស្នើនិង១៨,៣១%លើផែនការ១២១.៨០០ហិកតា តិចជាងឆ្នាំ២០១៤ ចំនួន៦៧. ៦៣៤កិតា។
នៅក្នុងរបាយការណ៍នេះបានរាយការណ៍លំអិតអោយដឹងទៀតថា៖ការដាំដុះដំណាំស្រូវនៅក្នុងរដូវវស្សាឆ្នាំ២០១៥នេះគឺ៖ ភ្ជួររាស់ដីបាន ៦០.៩៣៧ហិកតា ក្នុងនោះភ្ជួរដោយគោក្តបី ១៨.១៩៨ហិកតា ភ្ជួរដោយ តិចជាងឆ្នាំ២០១៤ ចំនួន៦៧.៦៣៤ហិកតា។ សាបបាន ៦.៥៤៩ហិកតា ដាំដុះបាន ២២.២៩៩ហិកតា ព្រោះបាន១៤.៩២៥ហិកតា និងស្ទូងបាន ៧.៣៧៤ហិកតា។
ដំណាំស្បៀង និងដំណាំឧស្សាហកម្មរយះពេលខ្លី មាន ពោត ដំឡូងជ្វា បន្លែ ឪឡឹក ដំឡូងមី
សណ្តែកបាយ អំពៅ ល្ង ថ្នាំជក់ ក្រចៅ និងសណ្តែកដី សារុបបានចំនួន ៥.៨៩៦ហិកតា ស្មើនឹង៧៥,៥៩% លើផែនការ៧.៨០០ហិកតា។
លោក ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងទៀតថា៖ផ្ទៃដីពង្រោះ និងសន្ទូង រងផលប៉ះពាល់ខ្វះទឹកមានចំនួន ២.៩២០ហិកតា និងផ្ទៃដីសំណាបប៉ះពាល់មានចំនួន ៤៨៧ហិកតា។កន្លងមកមន្ទីរកសិកម្មខេត្ត សហការជាមួយមន្ទីរធនធានទឹកខេត្ត ដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះបានដីសំណាបចំនួន៩៦ហិកតា ដីពង្រោះ និងសន្ទូង ៣២៥ហិកតា។ការងារបន្ត ត្រូវសង្គ្រោះដីសំណាប៣៩១ហិកតា និងដីពង្រោះ និងសន្ទូងចំនួន ២.៥៩៥ហិកតាទៀត។
ដោយឡែកស្ថានភាពទឹកភ្លៀង ក្នុងសប្តាហ៍មុននេះក្នុងខេត្តកំពអ់ឆ្នាំងទទួលបាន ៩,១៩ ម.ម បូកយោងពីដើមរដូវ ទទួលបាន ៣៥៦,៨៩ ម.ម តិចជាងឆ្នាំ២០១៤ ចំនួន ៤០២,៨៩ ម.ម។ ចំណែកប្រភពទឹកដែលអាចដាក់ម៉ាស៊ីនបូមសង្គ្រោះស្រែបាននៅក្នុងខេត្តនោះមាន៣កន្លែងធំៗគឺ៖ ១.ស្ទឹងបរិបូរណ៌ស្ថិតក្នុងឃុំមេលំ ស្រុកបរិបូរណ៌ ២.ស្ទឹកជ្រៃបាក់ ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ និង៣.អាងស្តុកទឹកទំនប់គង្គា ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា មកភ្លៀងបានធ្លាក់ស្ទើរតែគ្រប់មូលដ្ឋានក្នុងខេត្ត ហើយផ្ទៃមេឃបន្តមានសភាពអាប់អួរ ដែលគេសន្និដ្ឋានថាទឹកភ្លៀងនិងបន្តធ្លាក់ជាបន្តទៀត ដែលអាចធ្វើអោយប្រជាកសិករយើងធ្វើស្រែបានជាបន្តបន្ទាប់ទៀត៕