កាលពីវេលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ភ្លើងឆេះព្រៃបានឆាបឆេះ រាលដាលទៅក្បែរមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ នៅខេត្តកំពង់ឆ្នាំង បង្កអោយមានការភ្ញាក់ផ្អើល ដល់មនុស្សម្នា ក្នុងក្រុងកំពង់ឆ្នាំង ទាំងកណ្តាលថ្ងៃត្រង់ ។
នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះព្រៃនេះ គេសង្កេតឃើញកម្លាំងរបស់អង្គភាពស៊ីម៉ាក់ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់អស់រយៈពេលជិត១ម៉ោង ទើបភ្លើងរលត់ទៅវិញ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបាននិយាយថា គេឃើញមានផ្សែងហុយចេញពីដីឡូត៌មួយកន្លែង ដែលស្ថិតនៅជាប់ និង របងមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ បន្ទាប់មកក៏មានអណ្តាតភ្លើងឆេះយ៉ាងខ្លាំងសន្ធោរសន្ធៅតែម្តង ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីអគ្គិភ័យនេះអាចកើតឡើងពីភ្លើងធូប ដែលម្ចាស់ដីឡូត៍មួយកន្លែងនោះដុតសែនព្រេន ពីព្រោះនៅត្រង់កន្លែងដែលឆេះដំបូងនោះមានជើងធូបនិងរណ្តាប់សែនព្រេនថ្មីៗ៕