ខេត្តតាកែវៈ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាទី សហការជាមួយសមត្ថកិច្ចនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៨ : ៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ បានចាប់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិឬស្សីស្រុក ឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង មកពីរាជធានីភ្នំពេញកាលពីវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ។
បើតាមសម្តីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកបាទី បានឲ្យដឹងថា នៅវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ជនរងគ្រោះឈ្មោះ អៀម មឿន ភេទប្រុស អាយុ ៣២ឆ្នាំ មានស្រុកំណើតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នរស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបាត់ម៉ូតូ ១គ្រឿង ប្រភេទត្រៃធុនធំ ម៉ាកកាវ៉ាសាគី គ្មានផ្លាកលេខ ពណ៌ត្រួយចេកលាយខ្មៅ ដែលទុកបញ្ឈរចោលនៅមុខផ្ទះរបស់គាត់ ។ ក្រោយពីដឹងថាបាត់ម៉ូតូ ឈ្មោះ អៀម មឿន បានតេទូរស័ព្ទប្រាប់បងប្អូននៅម្តុំផ្សារត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ ឲ្យជួយឃ្លាំមើលផងអំពី ភិនភាគម៉ូតូខាងលើ ។ ប្រភពដដែលបានបន្តថា លុះដល់ម៉ោង ៨ : ៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋឈ្មោះ ឃន មករា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ខណៈគាត់កំពុងតែអង្គុយផឹកកាហ្វេ ក៏ប្រទះឃើញជន
សង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាជិះម៉ូតូដែលមានភិនភាគខាងលើមកពីទិសខាងជើងតាមដងផ្លូវជាតិលេខ៣ ពេលនោះឈ្មោះ ឃន មករា បានជិះម៉ូតូតាមពីក្រោយរហូតមកដល់ចំណុចផ្សារត្រាំខ្នា ឃុំសូភី ស្រុកបាទី ក៏ស្រែកថាចោរប្លន់ម៉ូតូៗ ស្រាប់តែសមត្ថកិច្ចនគរបាលស្រុកបាទី សហការសមត្ថកិច្ចនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅទីនោះនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ លុះទៅដល់ចំណុចភូមិឬស្សីស្រុក ឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ត្រូវសមត្ថកិច្ច និង ប្រជាពលរដ្ឋស្ទាក់ចាប់បានទាំងមនុស្ស និងម៉ូតូ រួចប្រជាពលរដ្ឋបាននាំគ្នាស្វាគមជនសង្ស័យនោះ រហូតមានរបួសយ៉ាងធ្ងន់ធ្ងរ រហូតកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងម៉ូតូត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះមិនអាចធ្វើការសួរនាំបានដោយមានរបួសធ្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕



































