នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន មានកិច្ចប្រជុំត្រួតពិនិត្យសៀវភៅបន្ទុក ភាស៊ីចំណតតាក់ស៊ី សត្តឃាតដ្ឋាន និងផ្សព្វផ្សាយសារាចរណែនាំលេខ០០៤ ស្តីពីការពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្ម សេវាកម្ម ទ្រព្យសម្បត្តិរដ្ឋដែលពិធីនេះ
ប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន ។
បន្ទាប់ពី លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានអានកំណត់ភាស៊ីរថយន្ត និងការបងពន្ធលើអាជីវកម្ម សេវាកម្មរបស់រដ្ឋនៅក្នុងសៀវភៅបន្ទុក ដែលរាជរដ្ឋាភិបាល បានកំណត់រួចមក ឯកឧត្តម អៀង វុធ មានប្រសាសន៏ថា កិច្ចប្រជុំនាពេលនេះមានសារះសំខាន់ណាស់ គឺក្នុងគោលបំណងកែលំអរការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត លើអ្នកទទួលសិទ្ធពីរដ្ឋក្នុងការធ្វើអាជីវកម្ម និងផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលអ្នកប្រើប្រាស់សេវាកម្មដូចជាៈផ្សារ កំពង់ចម្លង ចំណត យឿត្រី សត្តឃាតដ្ឋាន ដឹកជញ្ជូនសំរាម និងការផ្តល់សម្បទានរបស់រដ្ឋថែមទៀត។ ឯកឧត្តមបន្តថា កន្លងមក ការគ្រប់គ្រង និងការប្រមូលចំណូលនៅមានចំណុចខ្វះខាតមួយចំនួន ដោយបណ្តែតបណ្តោយឲ្យភាគគ្គីឯកជនដែលជាអ្នកទទួលសិទ្ធពីរដ្ឋយកតម្លៃភាស៊ី សេវាពីអាជីវករ និងប្រជាពលរដ្ឋលើសពីការកំណត់នៅក្នុងសៀវភៅបន្ទុក ព្រមទាំងប្រកាន់អាកប្បកិរិយាមិនសមរម្យមកលើប្រជាពលរដ្ឋដែលប្រើប្រាស់សេវាទាំងនេះ។ ដូច្នេះដើម្បីពង្រឹង និងកែលំអរ បង្កើនការទទួលខុសត្រូវលើការគ្រប់គ្រងធ្វើអាជីវកម្ម សេវាកម្មលើទ្រព្យសម្បត្តិរបស់រដ្ឋឲ្យបានល្អ ភាគីឯកជនត្រូវអនុវត្តតាមសៀវភៅបន្ទុក ហើយត្រូវចូលបង់ភាស៊ីឲ្យបានត្រឹមត្រូវ ទៅតាមសៀវភៅបន្ទុកដែលបានកំណត់ ។
ឯកឧត្តមសង្ឃឹមថា ភាគីឯកជនត្រូវអនុវត្តច្បាប់អាជីវកម្ម និងផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់បានត្រឹមត្រូវ មិនតម្លើងថ្លៃឲ្យហួសពីសៀវភៅបន្ទុកនោះឡើយ ៕







































