បន្ទាយមានជ័យ៖ នាល្ងាចថ្ងៃទី ៣០កក្កដា២០១៥ នេះនៅចំណុចការដ្ឋានសំណង់មួយកន្លែងទល់ មុខធនាគារហត្ថាកសិករដែលស្ថិតជាប់និងបណ្តោយកំណាត់ផ្លូវជាតិលេខ៥នៅក្នុងភូមិប៉ាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានករណីបាក់ដីសង្កត់លើកម្មករម្នាក់ដែលក្នុងរណ្តៅបណ្តាលអោយស្លាប់បាត់បង់ជីវិត។
ប្រភពពីកម្មករសំណង់ដូចគ្នាបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ឌុច ធឿង អាយុ ៣៧ឆ្នាំមានទីលំនៅក្នុងភូមិវាលឃុំដងរុនស្រុកសូទ្រនិគមខេត្តសៀមរាបមកស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយប្រពន្ធនិងកូន។នៅមុនពេលកើតហេតុជនរងគ្រោះនិងកម្មករឯទៀតបាននាំគ្នាឈប់សំរាក តែមិនដឹងជាមូលហេតុអ្វីជនរងគ្រោះក៏ចុះទៅក្នុងរណ្តៅមួយដែលមានជម្រៅជាងពីរម៉ែត្រ ហើយក៏ត្រូវដីបាក់គ្របពីលើតែម្តង។
តាមការបញ្ជាក់ពីកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថាពេញមួយថ្ងៃនេះក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់រហូតធ្វើអោយដីមានសភាពទន់ជ្រាយងាយនិងរបេះធ្លាក់ណាស់។មួយវិញទៀតជនរងគ្រោះរូបនេះពេលសំរាកពីការងារបានប្រាប់គាត់ថាចុះទៅយកម៉ូទរ័បូបទឹកដែលគេដាក់បូមទឹកចេញតាំងពីថ្ងៃ តែបន្ទាប់ពីចុះបានបន្តិចចៃដន្យដីក៏បានបាក់គ្របទៅលើគាត់តែម្តង។ក្រុមការងារក៏បានធ្វើការកាយដីចេញដើម្បីជួយសង្គ្រោះជនរងគ្រោះតែទំរាំជួយបានជនរងគ្រោះបានបាត់បង់ជីវិតក្នុងរណ្តៅបាត់ទៅហើយ។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចគេបានឃើញ មានសមត្ថកិច្ចអាវុធហត្ថនិងនគរបាលមូលដ្ឋានជាច្រើនបានចុះមកជួយអន្តរាគមន៍ដើម្បីរំដោះជនរងគ្រោះចេញពីរណ្តៅនោះផងដែរ។គេនៅមិនដឹងថាតើអាជ្ញាធរមានសមត្ថកិច្ចនិងចាត់វិធានការយ៉ាងណាលើម្ចាស់បឬមេជាងការដ្ឋាននេះនោះទេ៕