ខេត្តសៀមរាប៖ ដើម្បីធ្វើការកែលម្អនូវសោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រសៀមរាប ឲ្យកាន់តែមានកិត្យានុភាពឡើងថែមទៀតក្នុង វិស័យទេសចរណ៍ដែលបានកំពុងស្ថិតក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋាននានាលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ នៅរសៀលថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ២០១៥ម្សិលមិញនេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យក្រុមហ៊ុន មីនេបៀ ចូលជួបសម្តែងការគួរសម និង ពិភាក្សាអំពីការអនុវត្តគម្រោងសមាគមន៍ វៃឆ្លាត តាមរយៈយន្តការឥណទានរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និង ជប៉ុន (JCM) និង បានធ្វើគម្រោងសំណើសុំភ្លើងបំភ្លឺផ្លូវ LED ដោយប្រើប្រព័ន្ធគ្រប់គ្រងដោយ Wireless សម្រាប់ខេត្ត សៀមរាប ។
ឆ្លងតាមការចុះពិនិត្យទីកន្លែងជាក់ស្តែងរបស់ក្រុមការងារបច្ចេកទេស សម្រាប់ធ្វើការបំពាក់ភ្លើង LED ដោយប្រើប្រព័ន្ធគ្រប់គ្រងដោយ Wireless ។ មានប្រសាសន៍ក្នុងកិច្ចពិភាក្សានោះ តំណាងក្រុមហ៊ុន មីនេបៀ បានធ្វើការបញ្ជាក់ថាក្នុងកិច្ចពិភាក្សាការបំពាក់ភ្លើងLEDដោយបាននាំមកនូវក្រុមហ៊ុនចំនួនពីរ ដែលមានបទពិសោធន៍ក្នុងការតបណ្តាញ និង រៀបចំបង្គោលភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ។ លោកក៏បានធ្វើការបញ្ជាក់ដល់អាជ្ញាធរខេត្តផងដែរអំពីការរៀបចំនូវឯកសារក្នុងការរៀបចំដាំបង្គោល នៅតាមដងផ្លូវដែលត្រូវបំពាក់ភ្លើងទៅតាមសំណើរស្នើសុំនូវអំពូលភ្លើងចំនួន១ពាន់៤៩៤អំពូល។ ក្នុងនោះដែរលោកក៏បានធ្វើការបង្ហាញអំពីឥទ្ធិពលនៃពន្លឺភ្លើងបំភ្លឺ LED នៅក្នុងពេល រាត្រី គឺមានអត្ថប្រយោជន៍ នៃឥទ្ធិពលប្រើប្រាស់នូវអំពូលភ្លើងបំភ្លឺសាធារណៈនៅក្នុងក្រុងប្រវត្តិសាស្ត្រ ដើម្បីកាត់បន្ថយនូវការចំណាយប្រើប្រាស់ថាមពលអគ្គិសនី និងថវិកា ព្រមទាំងបានកាត់បន្ថយនូវការបំពុល បរិស្ថាន និងកំដៅទៀតផង ។លោកក៏បានឲ្យដឹងផងដែរថាការអនុវត្តគម្រោងសមាគមន៍វៃឆ្លាត តាមរយៈយន្តការឥណទានរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជានិងជប៉ុន(JCM)មានរយៈពេល៣ឆ្នាំ(២០១៥.២០១៧)។ ក្រោយពេលដែលធ្វើការបំពាក់ហើយរួចរាល់មិន ធានាក្នុងការគ្រប់គ្រងភ្លើងទាំងនេះឡើយ គឺជាភារកិច្ចគ្រប់គ្រងត្រួត ពិនិត្យគឺអាជ្ញាធរខេត្តអ្នកទទួលខុសត្រូវ ។ ចំពោះ រាល់ការដឹកជញ្ជូនពី ប្រទេស ជប៉ុនមកដល់កំពង់ផែក្រុងកំពង់សោម ជា បន្ទុករបស់រាជរដ្ឋាភិបាលជប៉ុន តែការដឹកជញ្ជូន សម្ភារៈពីកំពង់ផែកំពង់សោម មកខេត្តសៀមរាប ជាបន្ទុករបស់អាជ្ញាធរ ខេត្តសៀមរាប ។ ក្នុងនោះក្រុមហ៊ុនក៏បាន ទាម ទារ សុំឲ្យអាជ្ញាធរខេត្ត លើកផែន ការក្នុងការដាក់បង្គោល ដើម្បីរៀបចំឯកសារផ្ញើជូនទៅក្រសួងបរិស្ថាននៃប្រទេសជប៉ុន ធ្វើការពិនិត្យ ។
ក្នុងនោះដែរលោកឃឹមប៊ុនសុងក៏បានគូសបញ្ជាក់ថាឆ្លងតាមការបង្ហាញរបស់ក្រុមហ៊ុន ដែលបានលើកឡើងពីគុណប្រយោជន៍នៃគុណភាព ប្រើប្រាស់អំពូល LED ដោយប្រើប្រព័ន្ធគ្រប់គ្រងដោយ Wireless នឹងមានផលចំណេញដល់ខេត្ត ក្នុងការកាត់បន្ថយនូវរាល់ការចំណាយថវិការបស់រដ្ឋនិង ការប្រើប្រាស់ថាមពលអគ្គិសនី ព្រមទាំងបានលើកនូវសោភណ្ឌភាពក្រុងនិងបរិស្ថានកាត់បន្ថយនូវកំដៅទៀតផង។ ឯកឧត្តមក៏បានលើកនូវគម្រោងក្នុងការរៀបចំដាក់ បង្គោលភ្លើងថ្មីតាមផ្លូវបំភ្លឺសាធារណៈ( ឆ្នាំ២០១៦.២០១៨) លើគម្រោង ១ពាន់៤៥០ហើយចាប់ដំណើរការពីខែមិថុនានៅឆ្នាំនិមួយៗ។ តែដោយយោងទៅគម្រោងរបស់សមាគមន៍ វៃឆ្លាតតាមរយៈយន្តការឥណទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងជប៉ុន(JCM) អាជ្ញាធរខេត្តសូមឲ្យធ្វើទៅតាមជំហាន ដោយជំហានទី១ឆ្នាំ២០១៦ ដាក់ដាំបង្គោលនិងភ្លើង ចំនួន ៦៥០ និង ជំហានទី២ ដាក់ដាំបង្គោលនិងបំពាក់ភ្លើង ចំនួន៨០០ ផងដែរ ។ ម្យ៉ាងទៀតចំពោះគម្រោងចាស់ ខេត្ត សូមឲ្យក្រុមហ៊ុនធ្វើការផ្លាស់ប្តូរអំពូល ដោយបំពាក់អំពូល LED ដោយប្រើប្រព័ន្ធគ្រប់គ្រងដោយ Wireless ។ តែក្នុង គម្រោងនេះ បើក្រុមហ៊ុនបានទទួលជំនួយពីរាជរដ្ឋាភិបាលជប៉ុនហើយនោះ មិនបានយកមកបម្រើទៅតាមត្រូវការរបស់ ខេត្តសៀមរាប ទៅដាក់នៅកន្លែង និង ខេត្តផ្សេងនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលកម្ពុជា ។
ឆ្លងតាមកិច្ចពិភាក្ស និង ការផ្លាស់ប្តូរនូវគោលគំនិតល្អៗ ទៅលើការអនុវត្តគម្រោងសមាគមន៍ វៃឆ្លាត តាមរយៈយន្តការឥណទានរួមគ្នាកម្ពុជា.ជប៉ុនសំខាន់ទៅលើគម្រោងថ្មីរបស់ខេត្តសៀមរាប។ក្នុងនោះលោក អភិបាលខេត្តក៏បានបញ្ជាក់ទៅក្រុមហ៊ុនចំពោះរាល់ខ្លឹមសារនៃការចុះកិច្ចព្រមព្រៀង ត្រូវធ្វើការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុខនឹងធ្វើការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការព្រមព្រៀង យោគយល់គ្នា ឲ្យសមស្របនិងច្បាប់នៅកម្ពុជា ៕