ខេត្តសៀមរាប៖ បាឋកថា ស្តីពីទំនាក់ទំនងសិល្បៈខ្មែរ និង ចាម ត្រូវបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ។ លោកសាស្ត្រាចារ្យ Tran Ky Phoung អ្នកជំនាញប្រវត្តិសាស្ត្រ និង សិល្បៈចាម និង ជាសមាជិកក្រុមស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ ភាគីវៀតណាម ជាអ្នកធ្វើបឋកថានេះ ។
លោកសាស្ត្រាចារ្យ Tran Ky Phoung ធ្លាប់មានតួនាទីជាអ្នកអភិរក្សសិល្បៈចាម នៅសារមន្ទីរសិល្បៈចាម ក្នុងខេត្តដាណាង ប្រទេសវៀតណាម ។ លោកសាស្ត្រាចារ្យរូបនេះ ក៏ធ្លាប់បានសរសេរសៀវភៅ និងបោះពុម្ពតាមទស្សនាវដ្តីជាច្រើន អំពីប្រវត្តិសាស្ត្រ និងសិល្បៈបុរាណចាម ជាភាសាអង់គ្លេស ភាសាបារាំង និងភាសាវៀតណាម ផងដែរ ។ សព្វថ្ងៃនេះ លោកមានតួនាទីជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកប្រវត្តិសាស្ត្រ ចាម និងជនជាតិភាគតិច(ចាម)នៅវៀតណាមកណ្តាល ។ ជាមួយគ្នានេះ លោកក៏សមាជិកមួយរូបផងដែរ ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវផ្លូវបុរាណសម័យអង្គរភាគីវៀតណាម ដែលកំពុងដំណើរការស្រាវជ្រាវលើគម្រោង “ ទំនាក់ទំនងវប្បធម៌ នៅអាស៊ីអាគ្នេយ៍ ដីគោក” ។
អ្នកជំនាញបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ដែលជាប្រធានក្រុមស្រាវជ្រាវផ្លូវបុរាណសម័យអង្គរភាគីកម្ពុជា អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ដែលជាអ្នកសម្របសម្រួលកម្មវិធីបាឋកថានេះ បានពន្យល់ថា បាឋកថានេះ ធ្វើឡើងដោយផ្តោតសំខាន់ទៅលើប្រធានបទ៣ ។ ទី១ ទិដ្ឋភាពទូទៅនៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈចាម ។ ទី២ ទំនាក់ទំនងរវាងសិល្បៈចាម និងខ្មែរសម័យអង្គរ ។ ទី៣ ទំនាក់ទំនងសិល្បៈចាម និងប្រាសាទភិម៉ាយប្រទេសថៃសព្វថ្ងៃនេះ ។
នៅក្នុងបទឧទ្ទេសនាមបាឋកថានោះ លោកសាស្ត្រាចារ្យ Tran Ky Phoung បានបង្ហាញថា ៖ នៅក្នុងសតវត្សរ៍ទី៨ ប្រទេសចាម ឬ នគរចំប៉ា មានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យជំនួញ ជួញដូរ ជាមួយប្រទេសចិន និងឥណ្ឌា និង អារ៉ាប់ ជាដើម ។ នគរចំប៉ាពុំបានពឹងផ្អែកលើវិស័យ កសិកម្មដូចនគរខ្មែរនោះទេ ។ បាឋកថា បានបង្ហាញថា លើវិស័យសិល្បៈវប្បធម៌ គេឃើញមានកេរដំណែលប្រាង្គប្រាសាទបូរាណរបស់នគរចំប៉ាផងដែរ គឺប្រាសាទ វិជ័យ ( Vijaya ) បច្ចុប្បន្នមានឈ្មោះថា ប្រាសាទ Duong Long នៅភូមិភាគកណ្តាលនៃប្រទេសវៀតណាមបច្ចុប្បន្ននេះ ។ ប្រាសាទបូរាណចាម មានរចនាបទ ប្រហាក់ប្រហែលនិងក្បាច់ចម្លាក់បូរាណខ្មែរ ដោយនគរចាមនិងនគរខ្មែរ ទទួលឥទ្ធិពលពីឥណ្ឌាដូចគ្នា ។
បាឋកថានោះ បានបង្ហាញអំពីជំនឿសាសនានៃនគរចំប៉ាថា ៖ មហាក្សត្រ និងរាជវង្សរបស់ស្តេចនៃប្រទេសចំប៉ា ប្រកាន់យកព្រហ្មញ្ញសាសនា ចំណែកឯប្រជារាស្ត្រចាម បានប្រែក្លាយជំនឿរបស់ខ្លួនពីព្រហ្មញ្ញសាសនា ទៅជាប្រកាន់យកសាសនាម៉ូស្លីមរហូតដល់សព្វថ្ងៃ គឺជាដោយឥទ្ធិពលពីប្រទេសអារ៉ាប់ តាមរយៈនៃការធ្វើជំនួញរបស់ខ្លួន ។ លោកសាស្ត្រចារ្យ Tran Ky Phoung បាននិយាយថា នគរខ្មែរ និង នគរចំប៉ា មិនដែលធ្វើសឹកសង្គ្រាមជាមួយគ្នាទេ បើមានអ្នកណានិយាយពីរឿងសង្គ្រាមខ្មែរ-ចាម គាត់មិនជឿឡើយ តែបើការមានជម្លោះរវាងកុលសម្ព័ន្ធ បក្សពួក ( ខ្មែរចូលដៃគេទៅវាយចាម ចាមចូលដៃគេមកវាយខ្មែរ ) អាចប្រហែលជាមានខ្លះៗ ប៉ុន្តែបើគិតថាស្តេចខ្មែរនិងស្តេចចាមធ្វើសង្គ្រាមឈ្លានពានដណ្តើមទឹកដីគ្នា គឺពិតជាមិនមានទេ ។
ជាមួយនឹងការធ្វើបាឋកថានេះ រួមមាន សិស្ស និស្សិត មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកសារព័ត៌មាន និង សាធារណជនជាច្រើននាក់ទៀត និងមានជនជាតិខ្មែរឥស្លាមដ៏តិចតួច បានចូលរួមស្វែងយល់ ទទួលយកចំណេះ ស្តីអំពីទំនាក់ទំនងសិល្បៈ ខ្មែរ-ចាម នេះផងដែរ ៕