ខេត្តតាកែវ ៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរ បាលស្រុកសំរោង បានធ្វើការឃាត់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៥ បន្ទាប់ពីទទួលពាក្យបណ្តឹងពីឈ្មោះ លុន លឿប ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ
ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយចោទថាក្មេងប្រុសខាងលើបានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ។ លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាលស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ថោង វុទ្ធី ហៅសូ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកកុមារីរងគ្រោះមានឈ្មោះ ល.ស.ក អាយុ១៤ឆ្នាំ មានទីលំនៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកបានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលកុមារីរងគ្រោះ លោកបានចាត់ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលបឹងត្រាញ់ខាងត្បូង បានធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថោង វុទ្ធី ហៅសូ បាន ឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយកុមារីខាងលើពិតប្រាកដមែន តែជាការស្ម័គ្រចិត្តរៀងៗខ្លួនទេ ។ ចំណែកឯកុមារីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង០៨ និង០០នាទីព្រឹក ឈ្មោះ ថោង វុទ្ធី បានទូរស័ព្ទដើម្បីណាត់ជួបរូបគេនៅក្បែរវត្តអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ពេលដែលនាងទៅជួបតាមការណាត់ហើយ ឈ្មោះ ថោង វុទ្ធី ក៏បបួលនាងទៅរកហូបអីបន្តទៀត តែមិនបានហូបអីទេ រូបគេបានដឹកនាងយកទៅផ្ទះរបស់គេនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ព្រមទាំងបានធ្វើសកម្មភាពចាប់សម្រាតខោ-អាវ និងរំលោភមកលើនាងរហូតបានសម្រេចជាបន្តបន្ទាប់ចំនួន ៨ដង ។ លុះដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ រូបនាងបានទូរស័ព្ទប្រាប់ទៅឪពុករបស់នាងឲ្យមកយកទៅផ្ទះវិញ និងបានប្រាប់រឿងហេតុដែលឈ្មោះ ថោង វុទ្ធី បានធ្វើមកលើខ្លួនប្រាប់ឪពុក ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



































