ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៥ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យ លោក Ruan Yong Gang នាយករងសមាគមសហគ្រាសជាមួយវិនិយោគបរទេសរបស់ខេត្តអាងហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិននិង
សហការីចូលជួបសម្តែងការគួសម និង ពិភាក្សាកិច្ចការមួយចំនួននៅក្នុងការិយាល័យ ផ្ទាល់ របស់ឯកឧត្តម នៅរដ្ឋបាលសាលាខេត្តសៀមរាប ។ក្នុងជំនួបសម្តែងការគួសមនោះលោកRuanYong Gang ក៏បានកោតសរសើរពីភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស សំខាន់ខេត្តសៀមរាបលើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នវិស័យទេសចរណ៍ ដែលពិតជាតំបន់ដ៏ទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍មកពីគ្រប់តំបន់ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះដែរលោកក៏បានធ្វើការបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូមកធ្វើការគោរពអញ្ជើញ ដល់ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុង និង អាជ្ញាធរជាតិអប្សរា ទៅធ្វើទស្សនកិច្ចនៅខេត្តអាងហ៊ួយ និង តំបន់វ៉ន សាន នៃប្រទេសចិន ។ លោក Ruan Yong Gang ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តអាងហ៊ួយ និង តំបន់ វ៉នសាន ដែលមានឈ្មោះល្បីល្បាយដូចក្រុងសៀមរាបអង្គរផងដែរនៅលើពិភពលោក។ម៉្យាងទៀតតំបន់វ៉នសាន ក៏បានចុះក្នុងបញ្ជីបេតិកភណ្ឌលើពិភពលោក ដូចប្រាសាទអង្គរវត្តផងដែរ ។ ក្នុងដំណើរទស្សនកិច្ចនេះក្នុងគោលបំណង នៃក្តីសង្ឃឹមរបស់ខេត្តអាងហ៊ួយ ប្រទេសចិន នៅថ្ងៃខាងមុខ នឹងធ្វើការចុះកិច្ចព្រមព្រៀងយោគយល់គ្នា ក្នុងសម្ព័ន្ត មេត្រីភាពជាមួយខេត្តសៀមរាប ក៏ដូចក្រុងសៀមរាប និង តំបន់វ៉នសាន ។ លោកក៏បានឲ្យដឹងផងដែរថា ក្នុងការ អញ្ជើញគណៈប្រតិភូខេត្ត
សៀមរាប និង អាជ្ញាធរជាតិអប្សរា ដើមី្បធ្វើការបង្ហាញនូវពីកិច្ចអភិវឌ្ឍន៍លើវិស័យទេសចរ និង ការអភិរក្ស ថែរក្សាប្រាង្គប្រាសាទជាដើម ។ នៅចុងឆ្នាំ២០១៥នេះ លោកនឹងដឹកនាំក្រុមអ្នកវិនិយោគធំៗមក កម្ពុជា សំខាន់ខេត្តសៀមរាប ដើមី្បសិក្សាស្វែងយល់ ទៅលើការវិនិយោគលើវិស័យទេសចរណ៍ និង កសិកម្ម ដោយខេត្តសៀមរាបសម្បូរដោយដីកសិកម្មផងដែរ ។ លោកក៏មានសង្ឃឹមជឿជាក់ ចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចអាជ្ញាធរក្រុង និងអាជ្ញាធរជាតិអប្សរា នឹងផ្តល់កិត្តិយស ក្នុងដំណើរទស្សនៈកិច្ចនៅខេត្តអាងហ៊ួយ និង តំបន់វ៉នសាន។មានប្រសាសន៍នោះដែរលោកឃឹមប៊ុនសុងក៏បានជម្រាបដល់គណៈប្រតិភូផងដែរ អំពីតម្រូវការនូវអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា សំខាន់ខេត្តសៀមរាប ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ខេត្ត ។ ម៉្យាងទៀតខេត្ត សៀមរាប នៅកង្វះខាតជាច្រើន ចំពោះការធ្វើផ្សារទំនើប និង ទីកន្លែងកម្សាន្ត សម្រាប់ភ្ញៀវទេសចរណ៍ ក្រោយពីការទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទនិងរមណីយដ្ឋានធម្មជាតិ ដើមី្បឲ្យបានបន្តទៅទីកម្សាន្តនាពេលរាត្រីបន្តផងដែរ ។លោកឃឹមប៊ុនសុងបានបន្តទៀតថា ក្រៅពីការងារទេសចរណ៍ ខេត្តនូវមានវិស័យកសិកម្មដែលជាកត្តាសំខាន់នៃគ្រឹះសេដ្ឋកិច្ចដែលជាគន្លឹះដ៏ល្អរបស់ខេត្តផងដែរ ។ ម៉្យាងទៀតវិស័យកសិកម្ម ត្រូវបានផ្សាខ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលរបស់ប្រជាជនកម្ពុជា ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រតិភូផងដែរ ក្នុង ការមកធ្វើវិនិយោគនៅខេត្តសៀមរាប ក្រៅពីវិស័យទេសចរណ៍ ក៏មានកសិកម្មផងដែរ ដោយដីកសិកម្មជាច្រើន ដែល ប្រជាជនយើង កង្វះនូវបច្ចេកទេសក្នុងការដាំដុះដំណាំ និង ការចិញ្ចឹមសត្វជាដើមដោយបច្ចុប្បន្ននៅតាមបណ្តាភោជនីយដ្ឋានសណ្ឋាគារបាននាំយកបន្លែបង្កា និង សាច់មកពីក្រៅប្រទេសដើមី្បយកមកបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ ។ ចំពោះដំណើរទស្សនកិច្ចទៅខេត្តអាងហ៊ួយអាជ្ញាធរខេត្តនឹងរៀបចំប្រតិភូចូលរួមតបតាមការអញ្ជើញ របស់ឯកឧត្តមអភិបាលខេត្តអាង ហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ៕




































