បទល្មើសឈើប្រណិត ដែលធ្វើចរាចរណ៍ជាយូរណាស់មកហើយ ពុំដែលឃើញមាន សមត្ថកិច្ច ពាក់ព័ន្ធណាមួយ ធ្វើការទប់ស្កាត់បទល្មើសទាំងនោះឡើយ ជាពិសេសបទល្មើសឈើប្រណិតក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ទុកអោយថៅកែរកស៊ីដុះស្លែនៅក្នុងស្រុកភ្នំក្រវ៉ាញ
ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ ទាំងយប់ទាំងថ្ងៃយ៉ាងរលូន ដោយមានទំនាក់ទំនងល្អ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទើបធ្វើអោយមានភាពងាយស្រួលក្នុងការបញ្ចេញសកម្មភាពដឹកជញ្ជូន ។ ការដឹកជញ្ជូនចរាចរណ៍ឈើនេះ មាននៅចំណុចទឹកដីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយក្រុមឈ្មួញរកស៊ីដឹកឈើប្រណិតចេញពីតំបន់ខ្សាច់ពូក សន្រែ្ត និងពីតំបន់អូរសោម ដោយឆ្លងកាត់ស្រុកវាលវែងមកស្តុបទុកនៅក្នុងស្រុកភ្នំក្រវ៉ាញ និងនៅទីរួមខេត្ត ពោធិសាត់ ទុកលក់បន្តអោយឈ្មួញធំៗប្រចាំស្រុកក្រវ៉ាញ ខេត្តពោធិសាត់ដែលគេស្គាល់ឈ្មោះ ឌឿម ជាមន្ត្រីប៉ូលីស , ឈ្មោះ វីរៈ , ឈ្មោះ ផាន្នី ជាមន្ត្រីយោធា, ឈ្មោះ ទូច ជាមន្ត្រីយោធា, ឈ្មោះ និត , ឈ្មោះ សល់ , ឈ្មោះ ជ្រុយ , ឈ្មោះ វន , ឈ្មោះ ធី ឈ្មួញខាងលើទាំងអម្បាលម៉ាននេះ សុទ្ធសឹងជាឈ្មួញរកស៊ីដឹកឈើ ប្រណិតដុះស្លែប្រចាំខេត្តពោធិសាត់ ។
ដោយឡែកបទល្មើសឈើប្រណិតក្នុងស្រុកក្រគរ ក៍កើតមានយ៉ាងអាណាធិបតេយ្យផងដែរ ដែលគេស្គាល់ឈ្មួញឈើ មានឈ្មោះ ហេង , ភណ្ឌ, និងស្រៀវ ជាមន្ត្រីបរិស្ថានប្រចាំភ្នំយ៉ោក, ឈ្មោះ ពៅ , តាយុយ , យូរា, គ្រូធី ហៅសេកមាស, ញ៉ាំងនិងឈ្មោះ ពៅ ។ ឯថៅកែល្បីឈ្មោះទិញឈើប្រណិតនៅស្រុកបាកានមានឈ្មោះ ចែផល្លី ឈ្មោះស្រី និង ឈ្មោះ ស៊ុយ អាន ជាមន្ត្រីប៉េអឹម ស្រុកបាកាន ក៍មានសកម្មភាពមិនចាញ់ថៅកែក្នុងស្រុកភ្នំក្រវ៉ាញដែរ ។
ពាក់ព័ន្ធពត៌មានខាងលើនេះ ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរខេត្ត លោកព្រះរាជ អាជ្ញាសាលាដំបូង ខេត្តពោធិសាត់ មានវិធានទប់ស្កាត់ឈ្មួញឈើដែលគេស្គាល់យ៉ាងច្បាស់ខាងលើផង ។ ហេតុនេះហើយ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តម ឆេង គឹមស្រ៊ុន ប្រតិភូមរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ តើមានវិធានការណ៍បែបណាចំពោះឈ្មួញ ដែលល្បីឈ្មោះដឹកឈើប្រណិតខុសច្បាប់ ដែលរាជរដ្ឋាភិបាលបានហាមឃាត់ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ថាអោយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែមានវិធានការទប់ស្កាត់រាល់បទល្មើសទាំងឡាយណាដែលច្បាប់ហាមឃាត់អោយខាងតែបាន ៕