ខេត្តកំពង់ឆ្នាំង៖ លោកថោងចំរើនប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងនៅព្រឹកថៃ្ងទី០២ ខែសីហា ឆ្នាំ២០១៥ រួមដំណើរដោយ សាំង ហាក់ មន្ត្រីរតនាគារខេត្ត លោក ចក់ កែវចំរើន ,លោក ឈាង ចន្ធី បានចុះសាកសួរសុខទុក្ខ និងនាំយកអំ ណោយឧបត្ថម្ភជូនដល់កុមារទុរគត៌
គ្មានទីពឹងរស់នៅជាមួយជីដូនចាស់ជរា៣នាក់បងប្អូន ដែលត្រូវបានឪពុកម្តាយចេញចោលអស់រយៈពេលច្រើនឆ្នាំ នៅក្នុងភូមិទ័ពត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកយាយ រ៉ន សាត អាយុ៦៧ឆ្នាំ ត្រូវជាជីដូនកុមារទាំង៣នាក់បានអោយដឹងថា៖ កុមារទាំង៣នាក់បងប្អូននេះ មានម្តាយឈ្មោះ ម៉ៅ ស្រីមុំ អាយុ៣១ឆ្នាំ រស់នៅភូមិស្ទឹងសណ្តែក ឃុំកំពង់ហៅ ស្រុកកំពង់លែង មានប្តី២នាក់ដែលប្តីទី១មានឈ្មោះ អឿន អឿរ រស់នៅមិនចុះសំរ៉ុងនិងគ្នាបានលែងគ្នាបន្សល់កូនចំនួន១នាក់ឈ្មោះ លី រស្មី ភេទប្រុសអាយុ១៥ឆ្នាំ បច្ចុប្បន្នរៀនថ្នាក់ទី៨ហើយ បន្ទាប់មកម្តាយកុមារនេះបានរៀបការជាមួយប្តីក្រោយឈ្មោះ ជួន ឃឺយ ជាកម្មករសំណង់រស់នៅមិនចុះសំរ៉ុងនិងគ្នាក៏បានបែកផ្លូវគ្នា ហើយបន្សល់ទុកកូនប្រុស២នាក់ទៀត ដែលកូនទី១ឈ្មោះជួន សុខហេង អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤ និងកូនទី២ឈ្មោះ ជួន សុខម៉េង អាយុ៦ឆ្នាំរៀនថ្នាក់ទី១។
លោកយាយបានបន្តទៀតថា៖ម្តាយកុមារទាំង៣នាក់នេះ ក្រោយពីម្តាយវាបានបាត់ដំណឹងអស់រយៈពេលជិត២ឆ្នាំមក កុមារទាំង៣នាក់នេះបានរស់នៅជាមួយលោកយាយ ដែលបច្ចុប្បន្នបានស៊ីឈ្នួលចាំដីអោយគេស្ថិតក្នុងភូមិទ័ពត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមួយខែទទួលបានប្រាក់២ម៉ឺនរៀលនិងអង្ករ២២គីឡូក្រាមមិនអាចទ្រទ្រង់ជីវភាព និងអោយចៅៗទាំង៣នាក់ទៅរៀនបន្តទៀតបាន និងដោយខ្លួនកាន់តែចាស់ផងនោះ ទើបលោកយាយអំពាវនាវសុំអោយមន្ទីរសង្គមកិច្ចខេត្ត និងមជ្ឈមណ្ឌលកុមារកំព្រានានាជួយយកចៅៗគាត់ទាំង៣នាក់នេះទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ដើម្បីអោយចៅៗគាត់បានសិក្សាបន្តទៀតផង។
លោក ឈាង ចន្ធី មន្ត្រីមន្ទីរសង្គមកិច្ចខេត្ត បានអោយដឹងថា៖ អំណោយមនុស្សធម៌ដែលផ្តល់កុមារទុរគតថ្ងៃនេះជាអំណោយផ្ទាល់របស់អនុសាខាកាកបាទក្រហមស្រុករលាប្អៀរ អំណោយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចនិងសហការី លោក សាំង ហាក់ មន្ត្រីរតនាគារខេត្ត និងលោក លី ស៊ីណា មន្ត្រីយោធាខេត្តរួមមាន៖អង្ករ៤២គីឡូក្រាម,មី១កេស,ទឹកស៊ីអ៊ី១យួរ,ស្កសរ១គីឡូក្រាម,ប៊ីចេងកន្លះគីឡូក្រាម,ត្រីខ១០កំប៉ុងនិងថវិកា៦ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចកំពង់ឆ្នាំង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំ ណាក់សម្ដេចអគ្គមហាសេនាជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងបានគិតគូរដល់ការលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ទុរគតជន ជនពិការ កុមារកំព្រា ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
លោក ថោង ចំរើន ក៏បានផ្តាំផ្ញើដល់លោកយាយ រ៉ន សាត ដែលបច្ចុប្បន្នជាអាណាព្យាបាលចៅៗត្រូវមើលនិងថែរក្សាអប់រំចៅៗអោយក្លាយជាមនុស្សល្អ និងថែរក្សាសុខភាព អនាម័យការរស់នៅស្អាតហូបស្អាត និងនៅអោយឆ្ងាយពីគ្រឿងញៀន ហើយត្រូវជំរុញអោយចៅៗបានទៅសាលារៀនកាលណាចៅៗមានចំណេះអាចរកចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃបាន និងបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែមានការរីកចំរើនថែមទៀត។
លោកបន្តទៀតថា៖សុំអោយលោកយាយរ៉នសាតជួយថែរក្សានិងមើលចៅៗពីពេលនេះវ៉ាកងរហូតដល់ចូលរៀនវិញ លោកនិងខិតខំរកអង្គរការនិងមណ្ឌលកុមារកំព្រា ដើម្បីអោយទទួលយកកុមារទុរគត៌ទាំង៣នាក់បានបន្តការសិក្សាបន្តទៀតដើម្បីអនាគតក្មួយៗ។
អាជ្ញាធរដែនដី និងលោកយាយ រ៉ន សាត និងកុមារទុរគត៌ទាំង៣នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកថោង ចំរើន និងសហការីព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយសំរួលការលំបាកដល់ពួកគាត់និងសូមអោយទេវតាតាមជួយថែរក្សាសប្បុរសជនទាំងអស់អោយជួបតែសុខនិងទទួលបានជោគជ័យគ្រប់ភារកិច្ច៕



































