ខេត្តកំពង់ឆ្នាំង៖សម្ភារៈប្រើប្រាស់បំរើអោយការចិញ្ចឹមត្រីតាមស្រះនៅវាលស្រែអោយមានភាពរីចំរើន ត្រូវបានលោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង នាំយកទៅចែកជូនសហគមន៍ស្រះជម្រកត្រី២កន្លែង នៅក្នងឃុំអូរឬស្សីស្រុកកំពង់ត្រឡាច នៅថ្ងៃទី៣១ ខែកក្កដា និងនៅឃុំខ្លុងពពក ស្រុកទឹកផុស នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖សម្ភារៈខាងលើនេះគឺ ក្រោមជំនួយឧបត្ថម្ភសហគមអ៊ឺរុប ( E U ) រួមមាន ៖ ចបកាប់២០ ប៉ែល២០ បង្គី២០ ពិល១៨ អាវភ្លៀង១៨ និងដាក់លូ៣៣កង់ ដើម្បីអោយសមាជិកសហគមន៏ស្រះជម្រកត្រីក្នុងមូលដ្ឋានឃុំខាងលើ ជួសជុលជីកកាយ ស្តារប្រឡាយទឹកប្រវែង២៣២ម៉ែត្រ ចេញពីស្រះចិញ្ចឹមត្រីបង្ហូរទឹកនិងត្រីចេញទៅតាមវាលស្រែ ដើម្បីអោយត្រីធ្វើចរាចរណ៍ ចេញចូលស៊ីចំណីក្នុងស្រែធម្មជាតិអោយបានធំធាត់ក្នុងរដូវពងកូន សំរាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន។
នៅក្នុងពិធីប្រគល់សម្ភារៈខាងលើនេះនៅក្នុងសហគមន៍ជម្រកត្រីទាំង២នេះ លោក សោម ភិរុណ បានធ្វើការផ្តាំផ្ញើរដល់គណកម្មការសហគមន៍ សមាជិកសហគមន៍ និងប្រ ជាកសិករយើងថា៖ចាប់ពីខែ០៦ ដល់ដាច់ខែ០៨ រយះពេល៣ខែនេះ គីជារដូវត្រីពងកូន ដូច្នេះដើម្បីអោយទឹកតាមវាលស្រែក្នុងមូលដ្ឋានយើងមានត្រីសំរាប់ហូប ស្នើសុំបងប្អូនយកសម្ភារៈដែលបានផ្តល់ជូនខាងលើទៅគ្រប់គ្រង ថែរក្សា និងប្រើប្រាស់អោយចំគោលដៅ។ ទន្ទឹមនោះដែរ ត្រូវណែនាំអប់រំប្រជាពលរដ្ឋយើងអោយជួយថែរក្សាការពារ និងអា ស្រ័យផលអោយបានល្អប្រសើរ ដោយមិនអនុញ្ញាតអោយប្រើឧបករណ៍ឆក់នោះឡើយបើមានត្រូវតែទប់ស្កាត់ និងត្រូវតែបង្ក្រាបអោយបាន។
លោក សោម ភិរុណ បានអោយដឹងទៀតថា៖ខាងមុខក្នុងពេលឆាប់ៗនេះ ខណ្ឌ័រដ្ឋ
បាលជលផល នឹងឧបត្ថម្ភពូជត្រីមួយចំនួនធំទៀត ជូនសហគមន៍ស្រះជម្រកត្រីទាំង២ខាងលើនេះ និងសហគមន៍ស្រះជម្រកត្រីមួយចំនួនទៀត ដើម្បីអោយបរិមាណត្រីក្នុងស្រះ និងនៅតាមវាលស្រែក្នុងមូលដ្ឋានមានចំនួនកើនឡើង សំរាប់លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះដែរដើម្បីអនុវត្តន៍គោលនយោបាយកែទំរង់លើវិស័យជលផលរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចការថែរក្សា ការ ពារ ពូជពង្សមច្ឆាជាតិ អោយមាននិរន្តភាព និងចេរភាពរហូតតទៅសំរាប់កូនចៅជំនាន់ក្រោយរបស់យើងយកគំរូតាម៕