ខេត្តតាកែវ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចគោតាមពាក្យបណ្តឹងរបស់ម្ចាស់គោ។ អំពើចោរកម្មនេះកើតឡើងកាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលជនសង្ស័យមានគ្នា ២នាក់ ទី១ឈ្មោះ វ៉ែន ណែម ភេទប្រុស អាយុ១៧ឆ្នាំ និងទី២ឈ្មោះ ជឹម ឌឿន ភេទប្រុស អាយុ១៧ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពលួចគោ០១ក្បាល(ឈ្មោល) សំបុរស ដែលមានម្ចាស់ឈ្មោះ ហួន សាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ក្នុងខណៈដែលម្ចាស់គោចង ឲ្យស៊ីស្មៅនៅវាលស្រែខាងត្បូងភូមិ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលធ្វើសកម្មភាពលួចហើយនោះ ជនសង្ស័យទាំង២នាក់បានដឹក គោឆ្លងចូលទៅទឹកដីខេត្តកំពង់ស្ពឺ ប៉ុន្តែនៅពេលដឹកទៅដល់ចំណុច ភូមិលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានម្ចាស់គោ តាមទាន់ នឹងបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីធ្វើការឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នគោត្រូវបានប្រគល់ជូនម្ចាស់វិញ រីឯជនសង្ស័យទាំង ០២នាក់ខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនិតិវិធី ៕